ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​គល់​ទទឹង​រក​ឃើញ​ព្រះសង្ឃ​៦​អង្គឆ្លងកូ​វី​ដ​១៩ តែ​មិន​មាន​ព្រះ​គ្រូ គូ សុភាព ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

ព្រះសង្ឃ​ចំនួន​៦​អង្គ​គង់នៅ​វត្ត​និគ្រោធ​វ័ន​គល់​ទទឹង ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ រហូត​ឈាន​ដល់​ការ​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​វត្ត​មួយ​រយៈ និង​មិន​អនុញ្ញាតិ​អោយ​មានការ​ចេញ​-​ចូល​ដោយ​សេរី​ដូច​មុន​ឡើយ ។ វត្ត​និគ្រោធ​វ័ន​គល់​ទទឹង​នេះ គឺ​ស្ថិត​ក្នុង

រាជធានី​ភ្នំពេញ ៖ ព្រះសង្ឃ​ចំនួន​៦អង្គ​គង់នៅ​វត្ត​និគ្រោធ​វ័ន​គល់​ទទឹង ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​​១៩ រហូត​ឈាន​ដល់​ការ​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​វត្ត​មួយ​រយៈ និង​មិន​អនុញ្ញាតិ​​អោយ​មានការ​ចេញ-ចូល​ដោយ​សេរី​ដូច​មុន​ឡើយ ។ យ៉ាងណាមិញ បើ​តាម​អាជ្ញាធរ​បានឱ្យ​ដឹង​ថា ព្រះសង្ឃ​៦អង្គ ដែល​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​នោះ​ មិន​មាន​ព្រះ​គ្រូ គូ សុភាព ទេ ។ វត្ត​និគ្រោធ​វ័ន​គល់​ទទឹង​នេះ គឺ​ស្ថិត​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ហើយ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​សង្កាត់​ព្រែក​ថ្មី ធ្វើការ​បិទ​ខ្ទប់​ផ្នែក​ខ្លះ​រយៈពេល​១៥​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២១​នេះ​ទៅ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង និង​ការ​រីក​រាលដាល​វីរុស​កូ​វី​ដ​១៩ ។

លោក លីវ វណ្ណ​ថេ​ង ចៅសង្កាត់​ព្រែក​ថ្មី បាន​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២១ អោយ​ដឹង​ថា ៖ វត្ត​ពិតជា​ត្រូវ​បាន​បិទ​ខ្ទប់​ប្រាកដ​មែន ប៉ុន្តែ​មិន​បិទ​ខ្ទប់​វត្ត​ទាំងស្រុង​ឡើយ គឺ​បិទ​តែ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ ពោល​គឺ​កុដិ​ដែល​ពាក់ព័ន្ធ​នឹង​ព្រះសង្ឃ​ដែល​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ និង​ពិសេស​នោះ គឺ​ទីធ្លា​សួន​ក្នុង​បរិវេណ​វត្ត​ជាដើម ។

លោក​ចៅសង្កាត់​បាន​បន្ត​ថា ដំបូង​ឡើយ គឺ​មាន​ព្រះសង្ឃ​០១​អង្គ មាន​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​ព្រះ​អង្គ​ត្រូវ​បាន​ដឹក​យក​ទៅ​ព្យាបាល​ហើយ ។ ក្រោយមក​ព្រះសង្ឃ​ក្នុង​វត្ត ដែល​មានការ​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល បាន​តេស្ត​សំណាក​ដោយ​ខ្លួនឯង ដោយ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស Rapit test ជា​លទ្ធផល​បញ្ជាក់​ថា មាន​វិជ្ជមាន​០៥​អង្គ ។ បន្ទាប់​ពី​ពិនិត្យ​ឃើញ​មក គណៈសង្ឃ​ក្នុង​វត្ត​ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន ហើយ​ក្រុម​អាជ្ញាធរ ក៏​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រូពេទ្យ ដើម្បី​ចុះ​ទៅ​ធ្វើ​សំណាក​លើ​ព្រះសង្ឃ​ដែល​មានការ​ពាក់ព័ន្ធ​ជា​ច្រើន​អង្គ​ម្តងទៀត ដើម្បី​ប្រាកដប្រជា​ថា​មាន​វិជ្ជមាន​នូវ​វីរុស​កូ​វី​ដ​១៩ ប្រាកដ​មែនឬ​យ៉ាងណា?

ក្រោយ​ឆ្លងកាត់​ការ​តេស្ត​សំណាក​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ហើយ​នោះ លទ្ធផល​បាន​បញ្ជាក់​ថា ព្រះសង្ឃ​ទាំង​០៥​អង្គ​ដដែល​នោះ មាន​ផ្ទុក​នូវ​វីរុស​កូ​វី​ដ​១៩ ប្រាកដ​មែន ។ បន្ទាប់​ពី​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​ហើយ​នោះ ព្រះសង្ឃ​ទាំង​០៥​អង្គ បាន​ស្នើ​សុំ​នៅ​ព្យាបាល​ក្នុង​កុដិ​ដោយ​អង្គ​ឯង ហើយ​ក្រុម​គ្រូពេទ្យ រួម​ជាមួយ​អាជ្ញាធរ​ក៏​បាន​ធ្វើការ​វាយតម្លៃ​ឃើញ​ថា សុខភាព​ព្រះ​កាយ​របស់​ព្រះសង្ឃ​ទាំង​០៥​អង្គ បូក​រួម​ជាមួយ​ទីតាំង​ភូមិសាស្ត្រ​អំណោយផល​ល្អ ក៏​សម្រេច​អនុញ្ញាតិ​អោយ​ព្យាបាល​នៅ​ក្នុង​កុដិ​ដោយ​អង្គ​ឯង ដោយ​ត្រូវ​គោរព​តាម​គោលការណ៍​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ ជា​ពិសេស​វិធាន​សុខាភិបាល​ផង​ដែរ ។

ទន្ទឹម​នឹង​ការ​អនុញ្ញាតិ​អោយ​ព្រះសង្ឃ​ទាំង​០៥​អង្គ សម្រាក​ព្យាបាល​នៅ​ក្នុង​កុដិ​ដោយ​អង្គ​ឯង​នោះ ក៏​មាន​ក្រុម​អាជ្ញាធរ​សង្កាត់​ព្រែក​ថ្មី​ជា​ច្រើន​នាក់ ប្រចាំការ​យាមកាម​ការពារ​សន្តិសុខ​នៅ​ទីតាំង​ផ្នែក​ខ្លះ នៃ​វត្ត ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ផង​ដែរ ដោយ​ពុំ​អនុ​ញ្ញាតិ​អោយ​អ្នក​មិន​មានការ​ពាក់ព័ន្ធ​អាច​ចូល​ទីតាំង​កំពុង​មាន​ហានិភ័យ​បាន​ផ្តេសផ្តាស​ឡើយ ។

លោក​ចៅសង្កាត់​បន្ត​ថា កន្លង​ទៅ តែង​មាន​បងប្អូន​ពលរដ្ឋ​នាំ​គ្នា​ទៅ​ហាត់ប្រាណ​លំហែកាយ នៅ​ក្នុង​បរិវេណ​វត្ត ដោយសារ​វត្តមាន​ការ​រ​រៀបចំ​បរិវេណ​សួន​យ៉ាង​ល្អ ញុំ​ា​ង​អោយ​បងប្អូន​ពលរដ្ឋ​ចូល​ទៅ​លេង​ពេល​ល្ងាច​ៗ​ឡើង ដោយ​មានការ​លក់ដូរ​គ្រឿង​ហូប​ចុក​ផ្សេង​ៗ​មួយ​ចំនួន​នៅ​ក្នុង​វត្ត​ផង​ដែរ ។ ដូច្នេះ​ហើយ ក្រោយ​មាន​ផ្ទុះ​នូវ​វីរុស​កូ​វី​ដ​១៩​មក អាជ្ញាធរ​សង្កាត់​ក៏​បាន​សម្រេច​ផ្អាក​មិន​អោយ​​មានការ​ចេញ​-​ចូល​ជា​បណ្តោះអាសន្ន​នូវ​ផ្នែក​ទាំងនោះ ដែល​ជាទី​កន្លែង​មានការ​ប្រមូលផ្តុំ​ទៅ​ដោយ​មនុស្ស​ច្រើន ចៀសវៀង​មានការ​ឆ្លង​រាលដាល​បន្ត​កាន់តែ​ខ្លាំង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ