កម្ពុជា មានឡានទឹកទំនើប ២គ្រឿង អាចសង្គ្រោះ និងបាញ់ពន្លត់អគ្គិភ័យនៅអគារកម្ពស់ ១៥ជាន់
- ភ្នំពេញ
រាជធានីភំ្នពេញ៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការនគរបាលជាតិ បានបង្ហាញរថយន្តសង្គ្រោះ និងពន្លត់អគ្គិភ័យខ្នាតធំ ស៊េរីទំនើបចំនួន ២ គ្រឿង ម៉ាក EVERDIGM Model ERL 54C ចំណុះ ៣.៥០០លីត្រ មានដងយោងកម្ពស់ ៥២ម៉ែត្រ។ រថយន្តសង្គ្រោះ និងពន្លត់អគ្គិភ័យនេះ មានសមត្ថភាព អាចសង្គ្រោះ និងបាញ់ពន្លត់អគ្គិភ័យ បាននៅអគារកម្ពស់ ១៥ជាន់។
រថយន្តទំនើបនេះ ត្រូវបានប្រគល់ដល់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ ១ គ្រឿង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ១ គ្រឿង។ ពិធីប្រគល់ និងទទួលរថយន្តពន្លត់អគ្គិភ័យខ្នាតធំនេះ ត្រូវបានធ្វើឡើង នៅឃ្លាំងស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភារ ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

លោក ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ បានឲ្យដឹងថា ថ្ងៃនេះ ជាលើកទី២ហើយ ដែលលើកទី១នោះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រគល់រថយន្តពន្លត់អគ្គិភ័យដ៏ទំនើប សម្រាប់ខួងទម្លុះទម្លាយជញ្ជាំង និងពន្លត់ ចំនួន ២គ្រឿង។ ១គ្រឿង ប្រគល់ជូននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ១ គ្រឿង និងស្នងការដ្ឋាននគរ បាលរាជធានីភំ្នពេញ ១គ្រឿង។ នេះជាលើកទី២ ដែលអង្គភាពជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ មានរថយន្តពន្លត់អគ្គិភ័យដ៏ទំនើប ប្រភេទរថយន្តជណ្តើរ មានកម្ពស់រហូតជាង ៥០ម៉ែត្រ និងមានសមត្ថភាពបាញ់ទឹកបានចម្ងាយជិត ៥០ម៉ែត្រទៀត សរុបទៅ គឺអាចបាញ់បានដល់អគារ ដែលមានកម្ពស់ ១៥ជាន់។
លោកឧត្តមសេនីយ៍ឯក នេត វន្ថា ណែនាំដល់កងកម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យទាំងពីរអង្គភាព ដែលទទួលបានរថយន្តជណ្តើរដ៏ទំនើបនេះ សូមយកទៅប្រើប្រាស់ឲ្យចំទិសដៅ និងត្រួតពិនិត្យមើលថែទាំរថយន្តនេះ ឲ្យបានល្អស្អាតជានិច្ច និងហ្វឹកហាត់ជាប្រចាំ ដើម្បីត្រៀមជួយសង្រ្គោះអាយុជីវិត ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋបានទាន់ពេលវេលា។
តាមបទបង្ហាញរបស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ បង្ហាញថា រថយន្តពន្លត់អគ្គិភ័យ ស៊េរីទំនើបម៉ាក EVERDIGM Model ERL 54C មានកម្ពស់ ៤ម៉ែត្រ បណ្ដោយប្រវែង ១៣ម៉ែត្រ ទទឹងប្រវែង ២,៥ម៉ែត្រ ដងចេញអស់ ៥៤ ម៉ែត្រ ចំណុះទឹក ៣០០០ លីត្រ ហ្វម ១០០០លីត្រ។ ជាប្រភេទរថយន្តជណ្តើរ អាចប្រើប្រាស់បានអគារកម្ពស់ ១៥ជាន់ និងបូមបាញ់ទឹកដោយស្វ័យប្រវត្តិ សង្គ្រោះ ហើយដងលើកឡើង បានប្រវែង ៥២ម៉ែត្រ និងបាញ់ទឹកចេញបាន ៤០ម៉ែត្រ។
យ៉ាងណាក៏ដោយ នៅកម្ពុជាសព្វថ្ងៃ ពិសេសនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ មានអគារខ្ពស់ៗ ច្រើន ហើយលើសពី ១៥ជាន់។ កត្តានេះ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអំពាវនាវបន្ថែមឲ្យម្ចាស់អគារ ត្រូវតែបំពាក់ប្រពន្ធ័សុវត្ថិភាព បង្ការ និងពន្លត់អគ្គិភ័យឲ្យស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីពេលមានករណីអគ្គិភ័យ នៅជាន់ខ្ពស់ៗ វាអាចប្រតិបត្តការពន្លត់ ដោយស្វ័យប្រវត្តិបានដោយជោគជ័យ។
នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានលើកឡើងថា នៅក្នុងឆ្នាំ២០២០ គ្រោះអគ្គិភ័យ នៅទូទាំងប្រទេស បានកើតឡើងចំនួន ៩៣៧លើក គឺកើនឡើង ២២០ លើក បើធៀបនឹងឆ្នាំ២០១៩ ដែលអគ្គិភ័យ បានកើតឡើង ៧១៧ លើក។
ក្នុងឆ្នាំ២០២០ អគ្គិភ័យបានបណ្តាលឲ្យមនុស្សស្លាប់ ២៤ នាក់ និងរបួស ៣៦នាក់ បណ្តាលឲ្យឆេះផ្ទះអស់ ៧០៧ ខ្នង និងតូបផ្សារ ៥៩៤ តូប។ មូលហេតុ គឺមិនខុសគ្នាពីឆ្នាំមុនៗប៉ុន្មានទេ គឺ បណ្តាលមកពីចរន្តអគ្គិសនី ៣៧,៨៨ ភាគរយ និងប្រើប្រាស់ភ្លើងផ្សេងៗ ៣២,៣៣ ភាគរយ ព្រមទាំងក្តាប់មិនបានមូលហេតុ មានចំនួន ២៩,៧៧ ភាគរយ៕









ចែករំលែកព័តមាននេះ