ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃរៀបការបាត់​កូនក្រមុំ ២ថ្ងៃក្រោយ​វិលវិញ អម​ដោយ​កូនកម្លោះថ្មី

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សំឡេងភ្លេង​ការបាន​​បន្លឺ​ឡើង​តាំងពី​ព្រលឹម​​ស្រាង​ៗ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​​​ ​ដោយសារ​តែបាត់​កូនក្រមុំ ធ្វើ​​ឱ្យ​ក្រុម​គ្រួសារ​ខាង​​ស្រី​រត់​ជាន់​ជើង​គ្នា ​រក​កូនក្រមុំ​គ្រប់​​ច្រកល្ហកនៅ​តែ​​មិនឃើញ បើ​ទោះជា​​ខំ​​ទូរ​ស័ព្ទក៏​មិន​​ចូលដែរ ។ ហេតុ​ការ​ណ៍​

ខេត្តកំពង់ឆ្នាំង ៖ សំឡេងភ្លេង​ការបាន​​បន្លឺ​ឡើង​តាំងពី​ព្រលឹម​​ស្រាង​ៗ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​​​ ​ដោយសារ​តែបាត់​កូនក្រមុំ ធ្វើ​​ឱ្យ​ក្រុម​គ្រួសារ​ខាង​​ស្រី​រត់​ជាន់​ជើង​គ្នា ​រក​កូនក្រមុំ​គ្រប់​​ច្រកល្ហកនៅ​តែ​​មិនឃើញ បើ​ទោះជា​​ខំ​​ទូរ​ស័ព្ទក៏​មិន​​ចូលដែរ ។ ហេតុ​ការ​ណ៍​ដ៏​​ភ្ញាក់ផ្អើល ពាក់​ព័ន្ធ​​រឿង​​បាត់​​កូន​ក្រមុំ​ក្នុង​ពិធី​មង្គលការ​នេះ​ បាន​​កើតឡើង​នៅ​​ព្រឹក​​ថ្ងៃ​ទី​២៣ ​មករា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ស្ពក​​រាជ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលា​ប្អៀ​រ ​។ ទោះ​យ៉ាង​ណា​ នាង​ជា​កូនក្រមុំ​បាន​វិល​ត្រឡប់​ចូល​ផ្ទះ​វិញ​ហើយ​កាលពីវេលា​ម៉ោង​៧​យប់ថ្ងៃ​ទី​២៥ ​មករា ជាមួយ​​​​កូន​ក​ម្លោះ​ថ្មី​មួយ​រូប​​ផ្សេង​ទៀត ។

ជួប​ជាមួយ​ភ្នាក់ងារ​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​មករា ​២០១៦ លោកយាយ រៀល រុំ អាយុ​៧២​ឆ្នាំ​ ដែល​ត្រូវជា​ជីដូន​របស់​កូនក្រមុំ​ បានឱ្យ​​ដឹង​ថា ​ចៅស្រី​គាត់​បាន​​រត់​ចេញពីផ្ទះក្នុង​ម៉ោង​ប្រហែល​ជាង​៤ទៀប​​ភ្លឺ​ថ្ងៃ​ទី​២៣ ​មករា គឺជា​ថ្ងៃ​ចូល​រោងការ តែ​គ្មាន​អ្នក​ណា​ចាប់​អារ​ម្ម​ណ៍​ឡើយ ។ ស្រាប់តែ​នៅ​ម៉ោង​ប្រហែល៧​ព្រឹក ​ទើប​ផ្អើល​ឆោឡោ​ឡើង ខណៈ​ដែល​ម្តាយរ​កកូន​ស្រី​​ឱ្យ​​រៀបចំ​ខ្លួន ។ គាត់​មិនដឹង​ថា ​ចៅស្រី​គាត់​មានគំនិត​រត់​ចោល​​រោងការ​នោះ​ទេ ព្រោះ​កាលពី​ល្ងាច ឃើញ​វា​ជួយ​វេច​នំ​អន្សម​ដែរ ហើយ​ក៏​បាន​​ដេញ​វា​​ឱ្យ​​ឆាប់​ឡើង​ដេក ព្រោះ​ថ្ងៃស្អែក​រវល់​​ហើយ ស្រាប់តែ​ស្អែក​ឡើង​បាត់​​តែ​ម្តង ។

​ចំណែក​ស្ត្រី​ជា​ម្តាយកូន​ក្រមុំ ឈ្មោះ​ផា​ន់ សិរី អាយុ​៣៩​ឆ្នាំ បាន​រៀបរាប់ថា កូនស្រី​គាត់​មានឈ្មោះ​សុខា សិរីរ​ត្ន័ អាយុ​២១​ឆ្នាំ ចំណែក​​កូន​ក​ម្លោះ​ឈ្មោះ​ស៊ិ​ន ស៊ីវ​​ង៉ុ​ក អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។ កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៥ ខាង​ប្រុស​​គេ​មក​ដណ្តឹង​ភ្ជាប់ពាក្យ​កូនស្រី​គាត់ កាល​ណោះ កូនស្រី​គាត់​មិន​​បាន​ប្រកែក​ទេ ហើយ​ពួក​វា ក៏​ស្រឡាញ់​គ្នា​ដែរ ព្រោះ​ពួក​វា​ធ្វើការ​នៅ​រោងចក្រ​ M.V ជាមួយ​គ្នា និង​តែង​តែ​ឌុ​ប​គ្នា​ទៅ​ធ្វើការ​ទៀត​ផង ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង កូន​
ក​ម្លោះ​តែងតែ​ចេញចូល​មក​លេងផ្ទះ​គាត់​និង​ហៅ​ម៉ែ ហៅ​យាយ​ពេញ​ៗ​មាត់ ។ នៅ​ល្ងាច​ថ្ងៃ​ទី២២ ​មក​រា នោះ គ្រួសារ​ខាង​កូន​
ក​ម្លោះ​បាន​មក​ជួប​ជុំ​គ្នា ព្រោះ​ស្អែក​ឡើង​ជា​ថ្ងៃ​ចូល​រោង ហើយ​ល្ងាច​នោះ ​ក៏​ឃើញ​ពួក​វា​ (​កូន​ក​ម្លោះ-ក្រមុំ​) ជជែក​គ្នា​លេង​ដែរ ដូច​ជា​គ្មាន​អ្វី​កើតឡើង​នោះ​ទេ  តែ​ស្រាប់តែ​ស្អែក​ កូនស្រី​គាត់​បាន​រត់​ចេញពីផ្ទះ​ចោល​រោងការ​​តែ​ម្តង ។

​ស្ត្រី​ជា​ម្តាយ​​បន្តថា ក្រោយ​ពេល​បាត់​កូនក្រមុំ គាត់​បាន​សង​បណ្ណា​ការ​​​ទៅ​ខាង​កូន​ក​ម្លោះ​វិញ​ដែរ គឺ​១.៨០០​ដុល្លារ ​និង​ម៉ូតូ​០១៥ មួយ​គ្រឿង គឺ​បាន​ធ្វើ​លិខិត​ជា​លាយលក្ខណអក្សរ​នៅ​មុខ​លោក​អនុ​ប្រធាន​ភូមិ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មករា ​​២០១៥ ដោយ​​ខាង​ប្រុស​ជា​មនុស្ស​ល្អ​ គេ​មិន​ប្តឹងផ្តល់​អ្វី​ឡើយ ។ ពួក​គាត់​នូវ​រាប់អាន​គ្នា​ជា​ធម្មតា ធ្វើ​ម៉េច​គ្មាន​និស្ស័យ​នឹង​គ្នា  ។ ក្រៅពី​សង​បណ្ណា​ការ​ទៅ​ខាង​ប្រុស​វិញ គាត់​នៅ​បាន​សង​ថ្លៃ​ជួល​រោងការ ថ្លៃ​​សម្អាង ថ្លៃ​ភ្លេង ម្លូ​ប ដែល​គេ​គិតថ្លៃ​ត្រឹម​៥០% នៃ​តម្លៃ​និយាយ​គ្នា គឺ​អស់​ជាង​២​ពាន់​ដុល្លា​បន្ថែម​ទៀត ។

ចំពោះ​​សំណួរ​សួរថា តើ​កូនក្រមុំរ​ត់ទៅ​ជាមួយ​អ្នក​ណា ជីដូន​កូនក្រមុំ​ប្រាប់​ដោយ​​មិន​លាក់លៀមថា​ គឺ​ទៅ​ជាមួយ​បុរស​ដែល​នាង​ស្រឡាញ់​នៅ​រាជ​ធានី​​ភ្នំពេញ ។ ហើយ​នៅ​យប់​ថ្ងៃ​ទី​២៥ ​មករា ​​២០១៦ ពួក​គេ​បាន​​មក​វិញ​ហើយ ដោយ​​ប្រុស​​នោះ ជា​អ្នក​ធ្វើការ​​នៅ​រោងចក្រ​ជាមួយ​គ្នា​ឈ្មោះទក ហៅយ៉ា ចំណែក​គ្រួសារ​នេះ ​ពេល​កូន​ត្រឡប់​មក​​វិញ ក៏​បាន​ប្រញាប់​ចូល​ស្តីដណ្តឹង ចៅ​ក្រមុំ​គាត់​ភ្លាម​ៗ​ដែរ ព្រោះ​ខ្លាច​មាន​បញ្ហា​ពួក​គាត់​ជា​ជីដូន ជា​ម្តាយ​មិន​ជំទាស់​​ទេ បើ​ពួក​វា​ស្រឡាញ់​គ្នា​ទៅ​ហើយ តែ​ពួក​គាត់​ដាច់ខាត​មិន រៀបចំ​មង្គល​ការ​ឱ្យ​​ពួក​វា​ទេ ព្រោះ​អស់​ទឹកចិត្ត​ហើយ អាចថា​​រៀបចំ​សែនព្រេន​​ឱ្យ​វា​ចុះ ។

​ស្ត្រី​ជា​ម្តាយ​​បានរំលឹកតាម​ជំនឿថា តាម​ពិត​ទៅ បុរស​ឈ្មោះយ៉ា និង​ធ្លាប់​ចេញ-ចូល​ផ្ទះ​គាត់​រាប់អាន​ធម្មតា​ទេ មិន​ដែល​មាន​ទំនាក់ទំនង​ស្នេហា​អ្វី និង​កូន​គាត់​ឡើយ ព្រោះ​វា​ជា​អ្នកធ្វើការ​នៅ​រោងចក្រ​ជាមួយ​គ្នា រួម​ទាំង​គាត់​ជា​ម្តាយ ​ក៏​ធ្វើការ​នៅ​រោងចក្រ​ជាមួយ​គ្នា​ដែរ  ​។ ​​យ៉ា​​ ​ធ្លាប់​ហៅ​ខ្ញុំ​ថា បង​រី​ទៀត​ផង ។ ពេល​កូនស្រី​គាត់​​ត្រឡប់​មក​វិញ វា​បាន​សំពះសុំទោស​ខ្ញុំ សុំ​ទោស​យាយ​វា ដោយ​ប្រាប់​ថា ថ្ងៃ​នោះ​ វា​ទ្រាំ​មិន​បាន​ទេ វា​នឹក​គេ​​ខ្លាំង​ណាស់ ទើប​វា​សម្រេចចិត្ត​រត់​​ចោល​រោងការ​បែប​នេះ ។

បើ​កូន​សម្រេចចិត្ត​បែប​នេះ ខុស​ត្រូវ​ស្រេច​​លើ​វា​ចុះ តែ​ខ្ញុំនិង​យាយ​វា​នៅ​តែ​ស្តាយកូន​ក​ម្លោះ​មុន​ដដែល ព្រោះវា​ស្លូត​ណាស់ ។​ចំពោះ​​រឿង​មង្គល​ការកូន​ក្រោយ​នេះ​ គឺ​ដាច់ខាត​មិន​ការ​​ឱ្យ​​វា​ទេ​។ លោកយាយ​ជា​ជីដូន លូក​មាត់​កាត់សម្តី​កូន​គាត់​ថា ខ្ញុំ​បាន​ជួប​ចៅ​ប្រុស​​ង៉ុ​ក តាម​ទូរ​ស័ព្ទម្សិលមិញ​នេះ ខ្ញុំ​សួរ​វា​ថា ចៅ​ឯង​​នៅ​ណា? វា​ឆ្លើយ​ថា នៅ​ភ្នំពេញ អុំ​វា​​ឱ្យ​​៥០​ដុល្លារ​​ដើរ​លេង​បំបាត់ទុក្ខ ។​
​លោកយាយយំ​ ហើយ​បន្ថា ខ្ញុំ​អាណិត​ចៅ​ខ្ញុំ​ខ្លាំង​​ណាស់ ។

ជួប​ជាមួយ​​ម្តាយ​​ខាង​ប្រុស​ នៅ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់​បាន​​ប្រាប់ថា គ្រួសារ​ខ្ញុំ​មិន​បាន​ប្តឹងប្តល់​​អី​នោះ​​​​ទេ ដោយ​សុំ​តែ​ថ្លៃ​បង្គាប់​ប៉ុណ្ណោះ គឺ​១.៨០០​ដុល្លារ​ និង​ម៉ូតូ​០១៥​មួយ​គ្រឿង ខាង​ស្រី​សង​ខ្ញុំ​វិញ​​អស់ហើយ ។ តាម​ពិត​ទៅ ​មុន​ពេល​ខ្ញុំ​ចូល​ដណ្តឹង ​ខាង​ប្រុស គឺ​ពួក​វា​ស្រឡាញ់​គ្នា ព្រោះ​ពួក​វា​ធ្វើការ​រោងចក្រ​ជាមួយ​គ្នា  តែ​កូនប្រុស​គាត់​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ ​ព្រោះ​វា​ជា​កម្មករ​បណ្តែត។​ពេល​​ឈប់​ធ្វើការ​​នៅ​រោងចក្រកំពង់ឆ្នាំង កូនប្រុស​គាត់​បាន​ទៅ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ​ជាង​២​ខែ ម្លោះ​ហើយ​ទើប​ពួក​វា​មិន​បាន​ជួប​គ្នា ហើយដោយ​បែប​នេះ​ទេដឹង ​ទើប​ខាង​ស្រី​មាន​ថ្មី​ទៀត ។

​ស្ត្រី​ជា​ម្តាយ​ខាង​ប្រុស​បន្តថា បើ​ពូ​ឯង (​ភ្នាក់ងារ​) ឃើញ​ពួក​ខ្ញុំ​វេច​ខោអាវ​ ស្ពាយ​កា​បូ​ប​ចេញពី​រោងការ​បាន​​ល្អមើល មនុស្ស​ម៉ា​គោ​យន្ត រួម​ទាំង​គ្រួសារ​ខាង​ស្រី​ផង ពិសេស​យាយ​ៗ គិតតែ​ពី​យំ​អោប​គ្នាថា ស្តាយ ស្តាយ​ណាស់​ មិន​គួរ​មានរឿង​បែប​នេះ​ទេ យើង​នៅ​រាប់អាន​គ្នា​ដូច​ធម្មតា​ទៀត​កុំ​ចោល​គ្នា ។     ​

រឿងរ៉ាវ​កូនក្រមុំ​រត់​ចោល​រោងការ គឺ​មាន​មូលហេតុ ដោយសារ​តែ​កូនក្រមុំបាន​ស្រឡាញ់​មនុស្ស​ថ្មី​​ផ្សេង ចោល​កូន​​ក​ម្លោះ​ដែល
​ឃា្ល​តទៅ​ធ្វើការ​ឆ្ងាយ ធ្វើ​​ឱ្យ​​ស្រី​ណាយ​ចិត្ត ទើប​សម្រេច​រត់​ចោល​រោងការ​ស្រវា​ប្រុស​ថ្មី សូម​បញ្ចប់​ត្រឹម​សង​បណ្ណា​ការ​​ទៅ​ខាង​ប្រុស​វិញ និង​ទទួលយក​គូ​ស្នេ​ហ៍​​ថ្មី​វិញ  ។