ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នំជើងជ្រូកយាយស៊ីម ឈរជើងនៅភ្នំពេញ ៤០ ឆ្នាំ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មនុស្សមួយចំនួននៅភ្នំពេញ ពិសេសនៅម្តុំអូរឫស្សី ប្រាកដជាស្គាល់រស់ជាតិនំជើងជ្រូក ឬនំកំប៉ុងរបស់លោកយាយស៊ីម ។ អ្នកស្រីស៊ីម ចូលមករស់នៅទីក្រុងភ្នំពេញតែប៉ុន្មាខែប៉ុណ្ណោះ ក្រោយពីរំដោះចេញពីរបបអាវខ្មៅ…

រាជធានីភ្នំពេញ ៖ មនុស្សមួយចំនួននៅភ្នំពេញ ពិសេសនៅម្តុំអូរឫស្សី ប្រាកដជាស្គាល់រស់ជាតិនំជើងជ្រូក ឬនំកំប៉ុងរបស់លោកយាយស៊ីម ។ អ្នកស្រីស៊ីម ចូលមករស់នៅទីក្រុងភ្នំពេញតែប៉ុន្មាខែប៉ុណ្ណោះ ក្រោយពីរំដោះចេញពីរបបអាវខ្មៅ ពួកខ្មែរក្រហម ។ គាត់បាននាំជំនាញធ្វើនំជើងជ្រូកមករកស៊ី ចិញ្ចឹមជីវិតនៅភ្នំពេញ ។ អ្នកភ្នំពេញដែលកាលណោះគ្មានអាហារច្រើនសម្បូរបែបដូចរាល់ថ្ងៃនេះសម្រាប់រិភោគឡើយ ។ 

អ្នកស្រី សន ស៊ីម ហៅយាយនំជើងជ្រូក បច្ចុប្បន្នមានអាយុ ៧១ ឆ្នាំទៅហើយ តែសុខភាពគាត់នៅមាំ និងអាចប្រកបរបររកទទួលទាននៅដដែល ។ កំពុងមមាញឹកចៀននំជើងជ្រូកយ៉ាងញាប់ដៃ ដែលអ្នកទិញរងចំាបន្តគ្នានោះ ឆ្លៀតមកប្រាប់ឱ្យដឹងថា «រយ:ពេល ៤០ ឆ្នាំមកហើយដែលគាត់ចាប់យកមុខរបរចៀននំជើងជ្រូក ឬនំកំប៉ុងតាំងពីឆ្នាំ ១៩៨១ មកម្ល៉េះ ក្រោយពីចាក់ចេញពីស្រុកកំណើតនៅឯខេត្តក្រចេះរួមទាំងកូនប្រុស ស្រីពីរនាក់ ។ លក់នំចិញ្ចឹមកូនៗ រហូតដល់ចៅ» យាយ ស៊ីម និយាយជាមួយសំណើច ។

ជាស្ត្រីមេម៉ាយ ដែលស្វាមីត្រូវក្រុមអាវខ្មៅយកទៅសម្លាប់ ។ ក្រោយឆ្នាំ ១៩៧៩ គ្រួសារគាត់គ្មានអ្វីទីពឹងនោះឡើយ ដូច្នេះនៅពេលចូលមកភ្នំពេញ ក៏បានផ្តើមធ្វើនំជើងជ្រូកដោយផ្ទាល់ដៃ លក់នៅច្រកឌឿងហែម ពីដំបូងអ្នកស្រីលក់នៅម្តុំអតីតរោងភាពយន្តអង្គរដែលស្ថិតនៅក្នុងសង្កាត់អូរឫស្សីទី ៣ ខណ្ឌ ៧មករានាពេលបច្ចុប្បន្ន ។ «នៅក្នុងឆ្នាំ ១៩៨១ ខ្ញុំ និងកូនៗ នាំគ្នាមកស្នាក់នៅផ្ទះល្វែងជាន់ទី ៣ ។ កាលនោះកូននៅតូចៗ ពេលយប់ពួកយើងនាំគ្នាលាយម្សៅនំ លុះម៉ោង ៤ ទៀបភ្លឺ ក្រោកចាក់នំលក់» ។

រំឭកពីអតីកាល អ្នកស្រីបានឲ្យដឹងថា កាលនោះពលរដ្ឋជាទូទៅក្រីក្រ គាត់លក់មិនសូវដាច់ទេ ពេលខ្លះសល់នំនាំគ្នា ម៉ែ និងកូន នាំគ្នាហូបជំនួសបាយដើម្បីកុំឲ្យអស់ប្រាក់ទិញអាហារផ្សេងទៀត ។ ការដែលគ្រួសារគាត់ចាប់យករបរលក់នំនេះ ពីព្រោះនំជើកជ្រូកនេះចំណាយទុនតិចទិញគ្រឿងផ្សំងាយស្រួលសម្រាប់គាត់ដែលគ្មានប្រាក់ ។

«របរលក់ដូរបានម៉ារស់ៗចិញ្ចឹមកូនចៅ ហើយឥឡូវពួកគេខ្លះនៅបន្តលក់ជាមួយយើង ។ លក់នំ ៤០ ឆ្នាំហើយនៅតែអ្នកលក់នំដដែល មិនមានបានទៅណាទេ» បច្ចុប្បន្ននេះក្រៅនំជើងជ្រូក អ្នកស្រី ស៊ីម មានលក់នំមួយចំនួនទៀតជាប្រភេទនំ ត្រូវចៀនក្នុងខ្ទះខ្លាញ់ដែរ ។

 លោក ចន សម្បត្តិ ជាម៉ូយប្រចំារបស់យាយស៊ីម បានប្រាប់ឲ្យដឹងថា គាត់ហូបនំជើងជ្រូកយាយ ស៊ីម តាំងពីកំលោះមកម្លេះ ឥឡូវមានកូនបីនាក់ ហើយកូនៗក៏ចូលចិត្តញំានំយាយស៊ីម ទៀត ។ «គាត់លក់ដាច់ ថ្ងៃខ្លះត្រូវឈររង់ចាំព្រោះអ្នកទិញមកច្រើនគាត់ធ្វើមិនទាន់ ខ្លះជិះឡានទំនើបមកទិញម្តង ៣០ នំ ៥០ នំយកទៅទទួលទាន ឬផ្ញើសាច់ញាតិ ។ នំជើងជ្រូករបស់យាយស៊ីម មានរសជាតិឆ្ងាញ់ណាស់បានហូបម្តងហើយប្រាកដជាចង់ហូបម្តងទៀតមិនខាននេះមិនមែនជួយផ្សាយពាណិជ្ជកម្មឲ្យគាត់នោះទេ បើមិនជឿមកសាកខ្លួនឯងទៅ» លោក សម្បត្តិ និយាយ រួចហុចនំជើងជ្រូកមួយឲ្យអ្នកសារព័តមានយើងសាកដែរ ។

ដោយឡែកស្រ្តីម្នាក់ទៀត មានអាយុជាង ៣០ ឆ្នាំ បានជិះម៉ូតូមួយគ្រឿងមកទិញនំយាយស៊ីម ។ ស្រ្តីរូបនេះបានឲ្យដឹងថា គាត់តែងតែមកទិញនំជើងជ្រូករបស់យាយស៊ីមម្តងពី ៣០ ទៅ ៤០ នំ ហូបជាមួយបន្លែជ្រលក់ទឹកត្រីផ្អែមថែម ដែលធ្វើឲ្យរស់ជាតិកាន់តែឆ្ងាញ់ ។ ស្ត្រីដដែលបានបញ្ជាក់ថា គាត់ហូបនំជើងជ្រូករបស់យាយស៊ីម តាំងពីអាយុជាង ១០ ឆ្នាំ ព្រោះផ្ទះគាត់នៅក្បែរកន្លែងយាយស៊ីម លក់ ។ 

«រស់ជាតិនំជើងជ្រូករបស់យាយស៊ីម ពិតជាឆ្ងាញ់មែន ពេលមានកម្មវិធីនៅផ្ទះម្តងៗ ខ្ញុំមិនភ្លេចមកទិញនំនេះយកទៅហូប បែបជាអាហារសម្រន់ មានបន្លែជ្រលក់ទឹកត្រីផ្អែមឡើយ» អតិថជននំយាយស៊ីម បានសរសើរ ។ ក្នុងមួយថ្ងៃៗធ្វើនំជើងជ្រូកនេះអស់ម្សៅពី ៣៥ទៅ ៤០ គីឡូក្រាម ។ ម្ចាស់ដើម ដែលមានវ័យ ៧១ ឆ្នាំទៅហើយ នំជើងជ្រូកយាយស៊ីម បានកំពុងបន្តវេនដោយកូនស្រីរបស់គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ