ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តតាកែវ ចាក់វ៉ាក់សាំង បានជាង ៥៦ម៉ឺននាក់ វ៉ាក់សាំង ៣ប្រភេទ គឺ Sinovac, Sinopharm និង J&J

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ៖ គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅខេត្តតាកែវ ចាក់វ៉ាក់សាំង លើកទី១ បានចំនួន ៥៦០,២៨៣នាក់ (ស្រី ២៨៨,៥៧៨នាក់ )។ ក្នុងនោះ Sinopharm ៦៧,៦៧៧នាក់ (ស្រី ៣៣,៦៣០នាក់)  Sinovac ៣៧៥,០១៨នាក់ (ស្រី ១៩៧,២៧១នាក់) និងJanssen/J&J ​២៣,៧០៧ ​(ស្រី ១២,០៧១នាក់)។ រីឯ Sinovac សម្រាប់អាយុ ១២-១៧ ឆ្នាំ ចំនួន ៩៣,៨៨១នាក់ (ស្រី ៤៥,៦០៦នាក់)។

លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ​បាន​ឲ្យដឹងថា ការចាក់វ៉ាក់សាំង លើកទី​២ ឬដូសទី២ បានចំនួន​ ៤០១,៨០០នាក់​ (ស្រី ២១០,២១៩នាក់)។ ក្នុងនោះ រួមមាន៖ Sinopharm ​៣៤,៥៦៣នាក់ (ស្រី ១៦,៥២៤នាក់) Sinovac ៣៦៧,២២៨នាក់ (ស្រី ១៩៣,៦៨៩នាក់)។

ដោយឡែក ការចាក់វ៉ាក់សាំង ដូសទី៣ ឬលើកទី៣ ត្រូវបានលោក​ប្រធានមន្ទីរសុខាភិ​បាល លើកឡើងថា នៅខេត្តតាកែវ ចាក់បានសរុប ១៤,២៣៥ នាក់ (ស្រី ៥,០៩៥ នាក់)។

ចំពោះស្ថានភាពកូវីដ-នៅខេត្តតាកែវ ក៏ត្រូវបាន​លោក នុត ស៊ីណាត លើកឡើងថា បើទោះបីជាប្រជាពលរដ្ឋយើងទូទៅ ទទួលបានការវ៉ាក់សាំងគ្រប់ៗគ្នាទៅហើយ ក៏ដោយ ក៏ការរីករាលដាលជំងឺកូវីដ នៅតែបន្តកើនឡើង មិនបានថយសោះ។ ​នោះគឺកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ​ក្រុមគ្រូពេទ្យ នៅតែបន្តធ្វើតេស្ត យកសំណាក ចំពោះអ្នកដែលជាប់ពាក់ព័ន្ធ​ជាមួយអ្នកមានជំងឺកូវីដ ហើយ​នៅតែបន្តឃើញមានឆ្លង​ជំងឺកូវីដ ​ចំនួន ៦៧នាក់ ( ស្ត្រី ២៦នាក់)។ 

លោក នុត ស៊ីណាត ​បន្តទៀតថា ទន្ទឹមនឹងធ្វើតេស្ករកឃើញ​អ្នកឆ្លងជំងឺកូវីដ ​នៅខេត្តតាកែវ គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៦,៣២៨នាក់ (ស្រីៈ ៣,៦១៨នាក់)។ ក្នុងនោះ អ្នកវិជ្ជមានកំពុងព្យាបាល មានចំនួន ៥១៤នាក់ (ស្រី ២៦០នាក់) ហើយអ្នកជំងឺ មានសភាពធម្មតាទាំងអស់។​ ករណីជាសះស្បើយ​សរុប​​ ៥,៦២២នាក់ (ស្រី ៣,៤០២នាក់) ស្លាប់សរុប ១៥៧នាក់ ( ស្ត្រី ៩៥នាក់ )។ ក្នុងនោះ ក៏មានអ្នកជំងឺកូវីដ១៩ នៅខេត្តតាកែវ ចំនួន ១២នាក់ ( ស្ត្រី ៥នាក់) ត្រូវបាន​បញ្ជូនទៅព្យា​បាលនៅភ្នំពេញ រួមមាន៖ ៩នាក់ ទៅព្រីមៀសែនសុខភ្នំពេញ ​២នាក់ ទៅមន្ទីរពេទ្យហ្លួងម៉ែ និងម្នាក់ ទៅមន្ទីរពេទ្យចាក់អង្រែ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានបញ្ជាក់ថា ​ការធ្វើតេស្ត រកឃើញអ្នក​វិជ្ជមានកូវីដថ្មី ទាំង ៦៧នាក់ (ស្រី ២៦នាក់) បានកើតឡើង នៅ ៧ស្រុក ហើយ​នៅ​ស្រុកកោះអណ្តែត ឆ្លងជំងឺកូវីដ​ច្រើនជាងគេ បើ​ទោះ​ជាស្រុក​មួយនេះ មានសំណាង​ជាងគេ ដែលបានចាក់វ៉ាក់សាំងរបស់អាមេរិកក៏ដោយ។

តែទោះបីជាយ៉ាង ក៏ដោយ លោក គិន ភក្តី អភិបាល​ស្រុក​កោះ​អណ្តែត បាន​​ប្រាប់​​កោះ​​​សន្តិ​​ភាព​​​ថា ការ​​​ផ្ទុះ​​​រី​ក​​រា​ល​​ដាល​​ជំងឺ​​កូវីដ នៅ​ក្នុង​​ស្រុក​​កោះ​​អណ្តែត​ រហូត​​ឈាន​​ទៅ​បិទផ្សា​រកោះ​អណ្តែត ជាលើកទី២​​​នោះ គឺ​​​​​អា​ច​​​​ប​ណ្តាល​​​​​​មក​ពី​​​ឆ្លង​មុនវ៉ាក់សាំងរបស់​អាមេរិក មកដល់ ព្រោះតែវ៉ាក់សាំង​ទើប​មកដល់ទើប​​​​តែ​​​​កន្លះ​​​ខែ​​​ទេ។ អញ្ចឹង​​អ្ន​ក​​​ដែល​​ឆ្លង​​នោះ គឺ​មិ​ន​ទា​ន់​ទទួល​បាន​ចាក់​​វ៉ាក់​​សាំង​រ​បស់​អាមេរិក​ទេ៕  សេង សុធា