មានមនុស្សជាច្រើនដែលមិនសូវស្គាល់ពីតម្លៃនៃពេលវេលា គេតែងយកពេលវេលាទៅប្រព្រឹត្តរឿងឥតប្រយោជន៍នានាទៅវិញ ចំណែកអ្នកឆ្លាតទើបដឹងថា គ្រប់វិនាទីនៃពេលវេលាសម្រាប់មនុស្សគ្រប់រូបគឺពិតជាសំខាន់ខ្លាំងណាស់ ហើយក៏មិនព្រមឱ្យពេលវេលាកន្លងទៅដោយមិនបានធ្វើអ្វីដែលជាផលប្រយោជន៍នោះឡើយ ។
បុគ្គលពួកខ្លះតែងប្រមាទព្រោះមិនបានដឹងថា ពេលវេលាកំពុងតែលួចបំផ្លាញខ្លួនគេ កំពុងតែទំពាស៊ីនូវអាយុជីវិតគេយ៉ាងស្ងៀមស្ងាត់គ្រប់វិនាទីនោះទេ ម្ល៉ោះហើយទើបពួកគេមិនខ្វល់ពីពេលវេលា នៅទីបំផុតនៃជីវិតបុគ្គលនោះ បានត្រឹមតែបន្សល់ទុកនូវវិប្បដិសារីប៉ុណ្ណោះ ព្រោះហួសពេលហើយ ។
គ្រប់វិនាទីមានតម្លៃណាស់ អ្នកដែលមិនស្គាល់ពីតម្លៃនៃពេលវេលានោះ អាចបង្ហាញឱ្យឃើញថាមួយជីវិតនៃការរស់នៅរបស់គេ គឺរកមិនបាននូវគោលដៅច្បាស់លាស់នៅឡើយទេ គេប្រើជីវិតឱ្យអណ្តែតត្រសែត មិនដឹងថាខ្លួនត្រូវដើរឱ្យដល់ទីណានោះឡើយ ។
តាមពិតទៅប្រសិនបើអ្នកតាំងចិត្តមោះមុតថា ខ្លួនមិនមែនជាមនុស្សដែលធ្វើការងារឱ្យតែរួចពីដៃដោយមិនមានគោលដៅអ្វីទេនោះ គឺបានន័យថាពេលវេលាគ្រប់វិនាទីសម្រាប់អ្នកគឺពិតជាសំខាន់មែន ហើយអ្នកក៏មិនព្រមឱ្យពេលវេលាកន្លងទៅដោយមិនបានធ្វើអ្វីសោះនោះដែរ ។
បើនិយាយពីពុទ្ធកិច្ចទាំង៥ មួយថ្ងៃៗព្រះបរមសាស្តាសឹងតែគ្មានពេលវេលាបានសម្រាកទាល់តែសោះគឺ ពេលព្រឹក ព្រះអង្គនិមន្តបិណ្ឌបាតដើម្បីប្រោសសត្វ, ពេលថ្ងៃរសៀល សម្តែងធម៌ ពន្យល់បរិស័ទទូទៅ, ពេលព្រលប់ សម្តែងធម៌ប្រោសចំពោះតែភិក្ខុសង្ឃ, កណ្តាលអធ្រាត្រ ដោះប្រស្នាពួកទេវតា និងវេលាទៀបភ្លឺ ប្រមើលមើលសត្វមានភ័ព្វនិងឥតភ័ព្វ ដែលកិច្ចទាំង៥នេះមិនមែនព្រះអង្គប្រព្រឹត្តធ្វើតែមួយរយៈនោះក៏ទេដែរ គឺប្រតិបត្តិអស់មួយជីវិតទល់នឹងព្រះអង្គបរិនិព្វាន ។
ហេតុដូច្នេះបើផ្អែកទៅលើពុទ្ធកិច្ចទាំង៥នេះ ពេលវេលាសម្រាប់ព្រះអង្គគ្រប់វិនាទីគឺមានអត្ថប្រយោជន៍ខ្លាំងណាស់ ហើយក៏ជាពេលវេលាដែលព្រះអង្គកំណត់ទិសដៅច្បាស់លាស់ក្នុងការបំពេញការងារផ្សេងៗ ៕ សាន សារិន


ចែករំលែកព័តមាននេះ