បើទោះជាការបន់ស្រន់ បួងសួងជាជំនឿគ្មានហេតុផល និងមិនអាចផ្តល់សេចក្តីសុខ ចម្រុង ចម្រើន កើតលាភកើតសំណងតាមបំណងប្រាថ្នានៃអ្នកសុំក្តី តែការបន់ស្រន់ក៏ជាកិច្ចមួយជួយលើកទឹកចិត្តឱ្យគិតថាខ្លួនគេហាក់ដូចជាមានបង្អែកអ្វីមួយបន្លប់ចិត្តឱ្យនឹកភ្នក់តែក្នុងសេចក្តីសង្ឃឹម នឹងមានកម្លាំងចិត្ត ។ មួយទៀតការបន់ស្រន់ក៏មិនមែនសុទ្ធតែជារឿងមិនប្រពៃទាំងអស់ដែរ បន់ស្រន់ខ្លះនាំឱ្យយើងបានបុណ្យ កុសល និងជាមនុស្សកតញ្ញូផងដែរ ។

ការបន់ស្រន់ឧទ្ទិសបុណ្យកុសលទៅដល់មាតា ឬបិតា ហៅជារួមថា ញាតកាទាំង៧សន្តានដែលចែកឋានទៅ គឺជាការបន់ស្រន់ដ៏ត្រឹមត្រូវសមជាកតញ្ញូបុគ្គល បើទោះជាការបន់ស្រន់ឧទ្ធិសមគ្គផលនោះទៅដល់ញាតិក្តី ឬមិនដល់ក្តី ព្រោះវាជាកុសលចេតនា ជាចេតនាកម្មល្អ ។
ថ្វាយតង្វាយព្រះពុទ្ធដែលព្រះអង្គបរិនិព្វាន(ស្លាប់)ទៅអស់រយៈកាលជាងពីរពាន់ប្រាំរយឆ្នាំទៅហើយដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ក៏ជាបន់ស្រន់ដ៏ត្រឹមត្រូវ ជាចេតនាកម្មល្អ និងចាត់ជាមហាកតញ្ញូបុគ្គលទៀតផង ។

តាមហ្វេសប៊ុកឈ្មោះ ឧបរាជ្យ ឌី បានលើកឡើងថា «ទំនៀមទម្លាប់ផ្សេង ជីវិតជាក់ស្តែងផ្សេង បើបន់ស្រន់ក្នុងចេតនាដឹងគោរព ដឹងគុណអ្នកដែលបានចែកថានទៅ នោះជារឿងត្រឹមត្រូវប្រសើ ហៅថាចេតនាដែលកតញ្ញូ តែបើបន់ស្រន់ក្នុងបំណងសុំរកស៊ីមានបាន គឺមួយរយភាគរយ ខាតបង់ និងយល់ខុសហើយ តែទោះជាយ៉ាងណាសិទ្ធិសិរីភាពនៃការជឿមានគ្រប់ៗគ្នា ឯសិទ្ធិក្នុងការដាស់តឿន ពន្យល់ បង្ហាញការណ៍ពិតក៏មានគ្រប់ៗគ្នាដែរ» ។

ឯហ្វេសប៊ុកឈ្មោះPonha Kwan បានលើកឡើងថា «ការបន់ស្រន់ ជាជំនឿដែលមនុស្សមាន តាំងពីពេលដែលកកើតដំបូងមកម្ល៉េះ ។ វាក៏ជាការបង្ហាញពីការដឹងគុណទៅកាន់ធម្មជាតិ ឬក៏កើតឡើងនៅពេលមនុស្សអស់ទីពឹង ទាល់ច្រកក៏យកការបន់ស្រន់នេះជាបង្អែកទៅ» ។ វត្ថុស័ក្ដិសិទ្ធិក្នុងលោកគឺពិតជាមាន គ្រប់ទ្វីប គ្រប់ប្រទេស ហើយធាតុផ្សេងៗដែលមនុស្សមិនអាចមើលឃើញក៏កើតឡើងដោយកម្លាំងធម្មជាតិរបស់វា ដោយការរួមផ្សំនូវធាតុផ្សេងៗ ។ ចំណែកក្នុងខ្លួនមនុស្សក៏មានធាតុផ្សំផ្សេងៗដែរ ជាហេតុនាំឱ្យមានធាតុជាកុសលកម្ម និង អកុសលកម្ម ផ្គុំបង្កើតទៅជាជោគជតារាសី ខ្សែជីវិត កម្មផល ជតាកម្ម ឬហៅថា វាសនា ឬព្រហ្មលិខិត ។

ហេតុនេះគ្រប់យ៉ាងក្នុងលោក សុទ្ធតែមានហេតុផល និងការកើតឡើងរបស់វា តែចំណុចខ្លះពុំមែនជាវិស័យមនុស្សដែលមើលឃើញ យល់បាន គឺហួសសមត្ថភាព ឬហួសវិស័យដែលមនុស្សជាបុថុជ្ជនគិតបាន ត្រង់ចំណុចនេះហើយដែលមនុស្សយកការបន់ស្រន់ បួងសួងជាទីពឹង ជាអ្នកនាំសារនោះ ។
ជារួមមកការបន់ស្រន់ បួងសួង ប្រាថ្នាសុំនេះ សុំនោះ មិនមែនជាជំនឿប្រាសចាកផលប្រយោជន៍ទាំងស្រុងនោះទេ បើការបន់ស្រន់នោះប្រាថ្នាត្រឹមតែសេចក្តីសុខ ផ្សាយសេចក្តីល្អដើម្បីប្រព្រឹត្តធម៌សតទៅមុខទៀតនោះ ៕ សាន សារិន
ចែករំលែកព័តមាននេះ