ខេត្តសៀមរាប ៖ អគ្គនាយកដ្ឋានកម្ពុជាចុះត្រួតពិនិត្យទំនិញនិហរ័ណ-អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ដែលហៅកាត់ថា កាំកុងត្រូល បានដាក់ចេញនូវផែនការសកម្មភាពចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារជាប់ជាប្រចាំ រួមជាមួយនឹងការព្យាយាមអប់រំ ផ្សព្វផ្សាយ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នៅក្នុងផ្សារកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាការបណ្តុះស្មារតីបងប្អូនប្រជាពលរដ្ឋឱ្យមានការពិចារណាមុននឹងជ្រើសរើសផលិតផលម្ហូបអាហារមកទទួលទាន ។
ទន្ទឹមនឹងសង្គមកម្ពុជាក្នុងស្ថានភាពបច្ចុប្បន្នកំពុងប្រឈមទៅនឹងបញ្ហាសុខភាពដោយសារតែការបន្លំលក់ចំណីម្ហូបអាហារហួសកាលកំណត់ប្រើប្រាស់ ឬក៏ជាការលក់បន្លែ ផ្លែឈើ ត្រី សាច់ ដែលមានជាតិគីមីនោះ ថ្មីៗនេះអំបិលអ៊ីយ៉ូតត្រូវបានអគ្គនាយកដ្ឋានកាំកុងត្រូលកំណត់ថា ជាមុខសញ្ញាផលិតផលគ្រឿងផ្សំអាហារដែលត្រូវចុះតាមដានពីការក្លែងបន្លំដាក់លក់លើទីផ្សារក្នុងស្រុក ។
លោក ព្រហ្ម ដូលីន ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បាននិយាយឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមករា នៅផ្សារកំពង់ក្តី ទីប្រជុំជនស្រុកជីក្រែង ខណៈពេលដែលលោកបានដឹកនាំក្រុមការងារ ចុះបំពេញបេសកម្មនៅទីនោះថា បញ្ហាសុវត្ថិភាពចំណីអាហារគឺតម្រូវឲ្យមានការចូលរួមដោយការទទួលខុសត្រូវរបស់អ្នកលក់ និងការយល់ដឹង ប្រុងប្រយ័ត្នរបស់អ្នកទិញ ។
លោកបានបញ្ជាក់ថា ដោយយោងតាមការប្រមូលព័ត៌មានមកពីបណ្តាមជ្ឈដ្ឋាននានាក្នុងប្រទេស អគ្គនាយកដ្ឋានកាំកុងត្រូលបានកំណត់មុខសញ្ញានៃប្រតិបត្តិការលើកនេះទៅលើការត្រួតពិនិត្យតាមដាននៃការយកអំបិលសំយោគធម្មតាដាក់លក់បន្លំថាជាប្រភេទអំបិលអ៊ីយ៉ូត ដែលនេះគឺជាទង្វើក្នុងចេតនាមិនទទួលខុសត្រូវធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ លោកបញ្ជាក់បន្ថែមថា ការទទួលទានអំបិលគ្មានជាតិអ៊ីយ៉ូតគឺបណ្តាលឱ្យមានជម្ងឺផ្សេងៗ ក្នុងនោះរួមមានជម្ងឺឈឺបំពង់ក ឬក៏ប្រឈមនឹងជម្ងឺពក.កជាដើម ។
ជាមួយនឹងការពិសោធន៍ជាក់ស្តែងនៅក្នុងផ្សារកំពង់ក្តីនោះ ថ្វីត្បិតតែលទ្ធផលជាវិជ្ជមានបានបង្ហាញឡើងថា នៅផ្សារកំពង់ក្តីពុំបានរកឃើញអំបិលសំយោគក្លែងបន្លំជាអំបិលអ៊ីយ៉ូតក៏ពិតមែន ក៏ប៉ុន្តែ លោក ព្រហ្ម ដូលីន ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប លោកបានបញ្ជាក់ថា សកម្មភាពត្រួតពិនិត្យនេះគឺនៅមានគោលដៅប្រតិបត្តិការជាបន្តបន្ទាប់ទៀត ហើយបើសិនជាប្រតិបត្តិការនេះបានរកឃើញលទ្ធផលអវិជ្ជមាននោះ សាខាកាំកុងត្រូលខេត្តសៀមរាបនឹងមានគោលដៅស្រាវជ្រាវរកប្រភពនៃការក្លែងបន្លំផងដែរ ដើម្បីចាត់វិធានការក្នុងគោលដៅបង្ក្រាបការក្លែងបន្លំតាមផ្លូវច្បាប់ ។
គួរបញ្ជាក់ផងដែរថា បើទោះជាការចុះប្រតិបត្តិការលើកនេះបាញ់ឆ្ពោះទៅរកការត្រួតនិត្យករណីក្លែងបន្លំដាក់លក់អំបិលសំយោគថាជាអំបិលអ៊ីយ៉ូត ក៏ប៉ុន្តែអ្វីដែលក្រុមការងារមិនអាចមើលរំលងបាននោះគឺការពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ហួសកាលបរិច្ឆេទប្រើប្រាស់ខូចគុណភាព ផលិតផលក្លែងបន្លំមិនមានប្រភពផលិតច្បាស់លាស់ ការពិសោធន៍រកសារធាតុ Salicylic Acid នៅក្នុងស្ពៃជ្រក់ ពិសោធន៍រកសារធាតុ Borax នៅក្នុងសសៃគុយទាវ និងសណ្តែកបណ្តុះជាដើម ៕
ចែករំលែកព័តមាននេះ