ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង បាននាំគ្នារអ៊ូរទាំថា ក្រុមហ៊ុនធំៗចំនួន៤ ដែលធ្វើអាជីវកម្មថ្មភ្នំនៅលើភ្នំឈើកាច់ កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាព និងការរស់នៅរបស់ពួកគាត់ ហើយបានសំណូមពរសុំឱ្យអាជ្ញាធរ ក៏ដូចជាស្ថាប័នពាក់ពន្ធ័នានា មេត្តាជួយដោះស្រាយបញ្ហានេះឱ្យពួកគាត់ផង ។
អ្នកស្រុកទាំងនោះបានឱ្យដឹងថា ក្រុមហ៊ុនទាំងនោះបានបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគាត់ចេះតែអត់ធ្មត់សម្ងំទ្រាំ ព្រោះមិនដឹងប្តឹងទៅខាងណា ប៉ុន្តែពេលនេះទ្រាំលែងបានទៀតហើយ ។ ពួកគាត់បានបន្តទៀតថា សព្វថ្ងៃនេះពួកគាត់ពិបាករស់នៅណាស់ ដេកពួនក៏មិនបានស្រួល ហូបចុកក៏មិនឆ្ងាញ់ លក់ដូររកស៊ីអ្វីក៏មិនកើត មួយថ្ងៃៗភ័យព្រួយខ្លាចតែថ្មភ្នំប៉ើងខ្ទាតមកត្រូវផ្ទះ និងកូនចៅរកក្តីសុខមិនឃើញនោះទេ ។
ពួកគាត់បានបញ្ជាក់ថា ពេលក្រុមហ៊ុនដាក់គីបរំសេវបំផ្ទុះភ្នំម្តងៗ សំឡេងផ្ទុះលាន់ឮកក្រើកភ្នំ និងញ័ររញ្ជួយដល់ផ្ទះអ្នកស្រុកថែមទៀតផង ហើយក្លិនរំសេវនោះពេលខ្យល់បក់នាំមកចំម្តងៗជះក្លិនឆួលរកកលស្ទើរតែសន្លប់ទៅហើយ។ ចំណែកឯម៉ាស៊ីនកិនបំបែកថ្មវិញ ពេលកិនម្តងៗហុយកម្ទេចថ្ម និងផេះថ្មគ្របដណ្តប់មកលើផ្ទះអ្នកស្រុកជូតសម្អាតមិនឈ្នះនោះទេ ហើយអ្វីដែលសំខាន់ និងកំពុងបង្កផលប៉ះពាល់ខ្លាំងជាងគេនោះ គឺរថយន្តធំៗដែលបើកចេញ-ចូលដឹកជញ្ជូនថ្មភ្នំយកទៅលក់ជារៀងរាល់ថ្ងៃនោះ បានបង្កើតឱ្យមានធូលីដីហុយងងឹតពេញដងផ្លូវធ្វើឱ្យដំណាំ និងផ្ទះអ្នកស្រុកដែលនៅសងខាងផ្លូវត្រូវគ្របដណ្តប់ទាំងស្រុងដោយធូលីដី ។ពេលកំពុងហូបបាយ បើមានរថយន្តដឹកថ្មនោះបើកមកដល់ត្រូវនាំគ្នាបិទគ្របបាយសម្លទុកសិន សម្លៀកបំពាក់ដែលបោកគក់លើកហាលបានតែពេលល្ងាច ឬយប់ប៉ុណ្ណោះ បើហាលពេលថ្ងៃដូចកើបយកដីអញ្ចឹង ។
អ្នកស្រុកទាំងនោះបានសំណូមពរទៅអាជ្ញាធរស្រុក-ខេត្ត មេត្តាជួយចាត់វិធានការទៅលើក្រុមហ៊ុនដែលធ្វើអាជីវកម្មនៅលើភ្នំឈើកាច់នោះផង ធ្វើយ៉ាងណាកុំឱ្យក្រុមហ៊ុនបង្កការរំខាន និងផលប៉ះពាល់ដល់ការរស់នៅរបស់អ្នកស្រុកខ្លាំងពេក ជាពិសេសគឺក្រុមរថយន្តដែលបើកបង្ហុយធូលីដីដាក់ផ្ទះអ្នកស្រុកនោះ សូមជួយស្រោចទឹកតាមផ្លូវផង កុំឱ្យហុយខ្លាំងពេក ហើយបើជួយធ្វើផ្លូវនេះឱ្យទៅជាផ្លូវកៅស៊ូតែម្តង គឺកាន់តែល្អ ។
លោក ឈុន ពុធគុណ មេឃុំជើងភ្នំបានឱ្យដឹងថា រឿងកម្ទេចផេះដែលហុយចេញពីម៉ាស៊ីនកិនថ្មរបស់ក្រុមហ៊ុននោះ ខាងអាជ្ញាធរនិងមន្ត្រីបរិស្ថានធ្លាប់បានទៅណែនាំដល់ម្ចាស់ក្រុមហ៊ុនទាំងនោះហើយ ឱ្យចាក់ទឹកលាយពេលកិនបំបែកថ្មដើម្បីកុំឱ្យហុយ ប៉ុន្តែទំនងជាក្រុមហ៊ុនទាំងនោះមិនអនុវត្តតាមទើបនៅតែមានហុយកម្ទេចថ្មមកលើផ្ទះអ្នកស្រុកបែបនេះ ។ ចំណែករឿងសំឡេងផ្ទុះខ្លាំង និងរឿងកម្ទេចថ្មខ្ទាតប៉ើងមកលើផ្ទះអ្នកស្រុកនោះ លោកមេឃុំអះអាងថាវាពិបាកដោះស្រាយណាស់ ។ តាមពិតទៅទីតាំងទាំងនោះគេហាមមិនឱ្យអ្នកស្រុកទៅរស់នៅក្បែរនោះទេ ប៉ុន្តែអ្នកស្រុកខ្លួនឯងអ្នកខ្លះចំណាក ស្រុកមកពីឆ្ងាយ អ្នកខ្លះលក់ដីឱ្យគេអស់អត់ដីនៅ ក៏ចេះតែនាំគ្នាទៅរុករានរស់នៅក្បែៗជើងភ្នំនោះ ឥឡូវមានបញ្ហាក៏ស្រែកឱ្យជួយដោះស្រាយ តើឱ្យជួយធ្វើម៉េច បើបញ្ឈប់សកម្មភាពក្រុមហ៊ុន គឺមិនបាននោះទេព្រោះគេរកស៊ីស្របច្បាប់ មានអាជ្ញាប័ណ្ណពីក្រសួងត្រឹមត្រូវ ។
ចំពោះបញ្ហាក្រុមរថយន្តធំៗបើកបង្ហុយដីតាមដងផ្លូវនោះ ខាងក្រុមហ៊ុនលោក ផុន ផលិត បានសន្យាថា នឹងជួលរថយន្តដឹកទឹកស្រោចឱ្យហើយ គឺស្រោចក្នុង១ថ្ងៃ២ដង ដូច្នេះវានឹងអាចកាត់បន្ថយរឿងដីហុយបានច្រើន ។ ហើយអ្វីដែលជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នានោះ គឺផ្លូវ១នេះប្រវែងជាង៥គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវកែងភូមិស្វាយសាមសិប រហូតដល់ផ្លូវកៅស៊ូមុខវត្តវិហារធំ សម្តេចក្រឡាហោម ស ខេង បានប្រកាសធ្វើជាផ្លូវក្រាលកៅស៊ូឱ្យហើយ និងបានដាក់មន្ត្រីជំនាញចុះមកសិក្សាអស់ហើយដែរ ដូច្នេះឆាប់ៗនេះបងប្អូននឹងបានផ្លូវកៅស៊ូប្រើប្រាស់ ហើយក៏លែងហុយធូលីដីតទៅទៀតដែរ ៕
ចែករំលែកព័តមាននេះ