ពេលកូវីដ ១៩ ស្ត្រីសន្សំលុយបានច្រើនពីការតុបតែងខ្លួនចូលរួមកម្មវិធីនានា !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅពេលចូលរួមកម្មវិធីនានា ពិសេសពិធីមង្គលការ ជប់លៀង ជួបជុំមិត្តភិ័ក្ត មិនថាតូច ឬធំនោះទេ នារីៗតែងចំណាយលុយតិចច្រើនលើការផាត់មុខ ធ្វើសក់…
រាជធានីភ្នំពេញ ៖ នៅពេលចូលរួមកម្មវិធីនានា ពិសេសពិធីមង្គលការ ជប់លៀង ជួបជុំមិត្តភិ័ក្ត មិនថាតូច ឬធំនោះទេ នារីៗតែងចំណាយលុយតិចច្រើនលើការផាត់មុខ ធ្វើសក់…
រាជធានីភ្នំពេញ ៖ នៅពេលចូលរួមកម្មវិធីនានា ពិសេសពិធីមង្គលការ ជប់លៀង ជួបជុំមិត្តភិ័ក្ត មិនថាតូច ឬធំនោះទេ នារីៗតែងចំណាយលុយតិចច្រើនលើការផាត់មុខ ធ្វើសក់ ធ្វើក្រចក រហូតកម្មវិធីខ្លះត្រូវកាត់ និងទិញសម្លៀកបំពាក់ គ្រឿងអលង្ការថ្មី ដើម្បីចូលរួមទៀងផង ប៉ុន្តែនារីជាច្រើនហាក់មានចិត្តត្រេកអរនៅពេលកូវីដ ១៩ នេះ ដោយសារពួកគាត់មិនបាច់ចំណាយលើរឿងទំាងនោះទៀត ត្បិតអីកម្មវិធីជាច្រើនមិនអនុញ្ញឲ្យមាននៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ ដូចជាពិធីអាពាហ៍ពិពាហ៍ជាដើមនោះ ។
កញ្ញា រុន ចាន់ណា បាននិយាយថា ចាប់តំាងពីផ្ទុះកូវីដ ១៩ មក កញ្ញាមិនបានចំណាយលុយលើរឿងតុបតែងខ្លួននេះទៀតទេ ។ ហាក់សប្បាយចិត្តក្នុងរឿងនេះ កញ្ញាបញ្ជាក់ថា «ស្រួលម្យ៉ាងដែរ តាំងពីរដ្ឋាភិបាលប្រកាស មិនឱ្យមានកម្មវិធីអាពាហ៍ពិពាហ៍មក មិនត្រូវការចំណាយច្រើនទៅលើការតុបតែងចំខ្លួន ផាត់មុខធ្វើសក់ទៀតទេ ណាមួយមិនត្រូវអស់លុយចូលរួមកម្មវិធីទៀតផង ដូច្នេះបើមានកម្មវិធីម្តងៗចំណាយមិនតិចជាង ៥០ ដុល្លារនោះទេ» ។
សុភាពនារីម្នាក់ទៀត បានប្រាប់ទាំងញញឹមថា សប្បាយចិត្តក្នុងរឿងនេះ «សប្បាយចិត្តខ្លាំងដោយសារតែលុយមួយខែអាចសល់មិនក្រោម ៥០ ដុល្លារហើយណាមួយមិនចាំបាច់ហត់រៀបចំខ្លួន និងត្រូវចំណាយពេលធ្វើសក់ ផាត់មុខម្ដង ទម្រាំរួចរាល់ ២-៣ ម៉ោង» ។
មាននារីមួយចំនួនបានបង្ហាញអារម្មណ៍មិនចង់តុបតែងខ្លួន ដើម្បីចូលរួមកម្មវិធីនោះទេ ប៉ុន្តែជារឿងនេះជាទម្លាប់ហើយ បើគ្រប់គ្នាបានសម្អាងកាយចូលរួមកម្មវិធីហើយខ្លួនមិនបានផាត់មុខ ធ្វើសក់ មានសម្លៀកបំពាក់ថ្មីនោះ នឹងក្លាយទៅជាវត្ថុចម្លែកសម្រាប់អ្នកចូលរួមកម្មវិធីនោះទៅវិញ ។ អ្នកស្រី និមល ដែលមានវ័យជិត ៤០ ឆ្នាំ គាត់ចាត់ទុកកម្មវិធីនានាជាទំនាក់ទំនងសង្គម ដែលមិនអាចចៀសបាន ប៉ុន្តែគាត់ថា មានអារម្មណ៍ស្រួលខ្លួននៅពេលកូវីដ ១៩ នេះ ដែលមិនមានតុបតែងខ្លួនទៅចូលរួមកម្មវិធីគេ ។ «ចំណាយលុយរឿងមួយ រឿងមួយពេលវេលា ។ ដើម្បីបានខ្លួនស្អាតបាត រឹបរួតតប់ប្រមល់នោះម្តងៗ គឺចំណាយពេលច្រើនម៉ោងឲ្យគេតុបតែង ។ បើសិនជាកម្មវិធីម៉ោង ៥យើងត្រូវទៅកន្លែងផាត់មុខតំាងពីម៉ោង ៣» អ្នក និមល និយាយទំាងរីករាយ ។
នៅពេលមិនមានកម្មវិធីសម្រាប់ឲ្យនារីតុបតែងខ្លួនចូលរួមនេះ អ្នកប្រកបរបរខាងផាត់មុខធ្វើក្រចកបានរងប៉ះពាល់ចំណូល ដូចមុខរបរផ្សេងទៀតដែរ ។ កន្លងមកអ្នកសារព័ត៌មានរបស់យើងបានចុះសម្ភាសជាមួយអ្នកមានអាជីវកម្មបើកហាងម៉ាស្សា ផាត់មុខជាច្រើន ពួកគាត់បានសម្តែងក្តីបារម្ភពីជីវភាពដោយសារបាត់ចំណូល ។ អ្នកខ្លះត្អូញថា គ្មានប្រាក់ផ្គត់ផ្គង់គ្រួសារខ្លះថា គ្មានលុយបង់ថ្លៃតូប បង់ធនាគារជាដើម ៕ ដោយ ៖ ថាវី
ចែករំលែកព័តមាននេះ