ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្សកាន់អំណាច និងបក្សនយោបាយផ្សេងសង្ឃឹមបានកៅអីពីការបោះឆ្នោត ឃុំ សង្កាត់ អាណ្តិតទី៥ ខណៈកំពុងត្រៀមយុទ្ធសាស្ត្រថ្មីៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​បាន​សម្តែង​ក្តី សង្ឃឹម​បន្ត​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខណៈ​គណបក្ស​នយោបាយ​ផ្សេង​ៗ​ទៀត​ក៏​សង្ឃឹម​ទទួល​ដូច​គ្នា ខណៈ​កំពុង​រៀបចំ​យុទ្ធសាស្ត្រ ឬ​កម្មវិធី​នយោបាយ ។ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​បាន​សម្តែង​ក្តី សង្ឃឹម​បន្ត​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខណៈ​គណបក្ស​នយោបាយ​ផ្សេង​ៗ​ទៀត​ក៏​សង្ឃឹម​ទទួល​ដូច​គ្នា ខណៈ​កំពុង​រៀបចំ​យុទ្ធសាស្ត្រ ឬ​កម្មវិធី​នយោបាយ ។

ឯកឧត្តម សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង ដូច្នេះ​ថា ៖«​គណបក្ស​នយោបាយ​បង្កើត​ឡើង សុទ្ធតែ​ចង់បាន​អំណាច និង​ជាប់​ឆ្នោត ប៉ុន្តែ​គណបក្ស​ប្រជាជន​ជា​គណបក្ស​ចាស់​ហើយ​បាន​ជាប់​ឆ្នោត​ជា​ច្រើន​ឆ្នាំ​មក​ហើយ សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នេះ គណបក្ស​នៅ​តែ​សង្ឃឹម​ជាប់​កៅអី​បន្ត​ទៀត​» ។

ឯកឧត្តម​បញ្ជាក់​ថា គណបក្ស​នយោបាយ​ទាំងអស់​មិនមែន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ​បង្កើត​ឡើង គឺ​គេ​សង្ឃឹម​ទទួល​សម្លេង​ឆ្នោត​ពី​ប្រជាពលរដ្ឋ ។ បើ​គ្មាន​សង្ឃឹម​ទេ​គេ មិន​បង្កើត​គណបក្ស​នយោបាយ​អស់​ថវិការ​នោះ​ទេ ។

ឯកឧត្តម​បញ្ជាក់​ថា ៖«​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​មាន​ក្តី​សង្ឃឹមថា ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​ទូ​ទាំង​ប្រទេស​នឹង​បន្ត​គាំទ្រ​កា​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ទៀត​» ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា សម្រាប់​គោលនយោបាយ​ថ្មី​របស់​គណបក្ស​វិញ គឺ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​កាលៈទេសៈ​និង​បច្ចុប្បន្នភាព​នៃ​សភាពការណ៍ ។ ឯកឧត្តម​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​គោលនយោបាយ​របស់​គណបក្ស គឺ​ធ្វើ​ទៅ​តាម​សភាព​គារ​ណ៍​ជាក់ស្តែង​នៃ​ដំណាក់កាល​នីមួយ​ៗ ។ អី​ញ្ចឹ​ង​យើង​ដឹង​ថា កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​នៅ​ពេល​អាណត្តិ​កន្លង​មក សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ គឺ​មិន​សាបសូន្យ​នោះ​ទេ ។ ពីព្រោះ​ថា ការងារ​មួយ​ចំនួន​ធំ​ដែល​មាន​ក្នុង​កម្មវិធី​នយោបាយ​មិន​អាច​អនុវត្ត​តែ​មួយ​អាណត្តិ ឬ​១០​ឆ្នាំ​បាន​ទេ គឺ​មាន​និរន្ត​ភាព ដូច្នេះ​កម្ម​វី​ធី​មិន​មាន​ប្រែប្រួល​ខ្លាំង​ទេ តែ​វា​បូក​បន្ថែម​ក្នុង​កម្មវិធី​ចាស់ និង​សកម្មភាព​ជាក់ស្តែង​ក្នុង​ដំណាក់​ថ្មី​ដែល​យើង​មើលឃើញ​ខ្វះចន្លោះ​» ។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​បញ្ជាក់​ពេល​នេះ គណបក្ស​លោក​កំពុង​តែ​រៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​ដាក់​ចេញ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​ក្នុង​ការ​បោះ ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ខាង​មុខ​នេះ ។ លោក​ថា ៖«​យុទ្ធសាស្ត្រ​ពួក​យើង​កំពុង​រៀបចំ ហើយ​យើង​មាន​ក្តី​សង្ឃឹម​ទទួល​បានការ​គាំទ្រ​ពី​ពលរដ្ឋ​ពីព្រោះ​ពួក​យើង​ជា​ក្រុម​នៅ​ចាំ​ជួយ​ម្ចាស់​ឆ្នោត​គ្រប់​កាលៈទេសៈ​» ។

ជាមួយ​គ្នា​នោះ​ដែរ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​អះអាង​លោក​មិន​ទាន់​អាច​ថា​នឹង​ទទួល​បាន​កៅអី​ប៉ុន្មាន​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នៅ​ពេល​ខាង​មុខ​នេះ​បាន​ទេ ។ លោក​បញ្ជាក់​ថា ៖«​ខ្ញុំ​មិន​អាច​កំណត់​ចំនួន​កៅអី​បាន​ទេ ពីព្រោះ​ទុក​ឲ្យ​ពលរដ្ឋ​កំណត់​ឲ្យ​យើង​វិញ ។ ហើយ​សម្រាប់​យុទ្ធសាស្ត្រ​ពួក​យើង​មិន​ទាន់​សម្រេច​ចេញ​ជា​លទ្ធផល​នៅឡើយ​ទេ​» ។

ចំណែក​លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា គណបក្ស​លោក​បាន កំពុង​តែ​កសាង​គោលនយោបាយ​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ អាណ្តិ​តទី​៥​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ដែរ ។ លោក​បញ្ជាក់​ថា​៖«​យើង​បាន​កំណត់​គោលនយោបាយ​ចំនួន​៧​ចំណុច ដែល​យើង​ដាក់​ចេញ​ដើម្បី​បង្ហាញ​ជូន​ដល់​ពលរដ្ឋ​ក្នុង​ការ​គាំទ្រ​ដល់​យើង ។ ក៏​ប៉ុន្តែ​ពេ ល​នេះ​យើង​មិន​ទាន់​បញ្ចេញ​គោលនយោបាយ​នោះ​ទេ ដោយសារ​កំពុង​តែ​ព្រៀង​តែ​ប៉ុណ្ណោះ​» ។

លោក​មុនី​កា ក៏​បាន​សម្តែង​ក្តី​រំពឹង​ថា គណបក្ស​របស់​លោក​នឹង​ឈ្នះ​ទទួល​បាន​កៅអី​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នេះ​ផង​ដែរ ។ លោក​ថា​៖«​គណ​ប​បក្ស​ឆន្ទៈ​ខ្មែរ​សង្ឃឹមថា នឹង​មានការ​គាំទ្រ​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តាញ​ឃុំ​សង្កាត់​មួយ​ចំនួន ។ ដូច្នេះ​យើង​កំពុង​ខិតខំ​ដាក់​បេក្ខជន​នៅ​តាម​ឃុំ សង្កាត់ ដើម្បី​ធ្វើ​យ៉ាងណា​បើក​លំហ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​មូលដ្ឋាន​ថ្នាក់​ក្រោម​ជាតិ​ឡើង​វិញ​» ។

លោក​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ​មិន​អាច​ទុក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋាន​តែឯង​ឯង​ទៀត​នោះ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​ក៏​បានដឹង​ពី​គោលនយោបាយ​មួយ​ចំនួន​របស់​បក្ស​ក្នុង​មូលដ្ឋាន​ដូច​ជា​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ការ​ធ្វើ​ការងារ​នៅ​ថ្នាក់​ឃុំ សង្កាត់ ដោយសារ​ពេល​កន្លង​មក​ការ​អំពើ​ពុក​រលួយ​ការ​បំពាន​អំណាច ។ គិត​គួរ​ពី​ការ​បង្កើត​ការងារ​ដល់​ថ្នាក់​មូលដ្ឋាន កាត់​បន្ថយ​ការ​ចំណាកស្រុក ការ​រក​ទីផ្សា​របស់​កសិករ ការ​បង្កើត​ឲ្យ​មាន​សាលា​មន្ត​តេ​យ្យ​មួយ​ក្នុង​ឃុំ​មួយ និង​សេវា​ផ្សេង​ៗ​នៅ​ក្នុង​ឃុំ​ដោយ​មិន​បង់ប្រាក់​ជាដើម​។​ល​។

សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​អាណត្តិ​ទី​៥​នេះ​មិន​ថា តែ​គណបក្ស​កំពុង​កាន់​អំណាច ឬ​គណបក្ស​ដែល​ទើប​បង្កើត​ឡើង​នោះ​ទេ គឺ​គណបក្ស​ទាំងអស់​បាន​កំពុង​តែ ធ្វើការ​ខិតខំ​ប្រើប្រាស់​យុទ្ធសាស្ត្រ​តាម​រយៈ​គោលនយោបាយ​ខ្លួន​ក្នុង​ការ​ទាក់ទាញ​អ្នកបោះឆ្នោត ។ ប៉ុន្តែ​លទ្ធផល​ដែល​ទទួលយក​បាន​មាន តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​អ្នក​ប្រកាស​ជា​ផ្លូវការ ។

សូម​ជម្រាប​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​កំណត់​យក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ជា​ថ្ងៃ​បោះ​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ ទី​៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ