ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជំនាញ៖ ជំងឺដុំពកលើស្បែកសត្វគោ និងក្របី គឺអាចព្យាបាលជាសះស្បើយ ប្រសិនមើលថែទាំ​បានល្អ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ បច្ចុប្បន្ននេះ ជំងឺ​ដុំ​ពក​លើ​ស្បែក​សត្វ​គោ និង​ក្របី បាន និង​កំពុង​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​យើង និយាយ​រួម និង​ដោយឡែក នៅ​ទូទាំង​ខេត្តសៀមរាប​។ នៅ​សៀមរាប ជំងឺ​នេះ បាន​កើតមាន​ចំនួន ៧២០​ក្បាល ក្នុងនោះ បាន​ព្យាបាល​ជាសះស្បើយ ចំនួន​៦៦៧​ក្បាល កំពុង​ព្យាបាល ចំនួន ៤៧​ក្បាល និង​ងាប់ ចំនួន ៦​ក្បាល​។ នេះ​បើតាម​មន្ត្រី​ជំនាញ​។​

​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​សត្វ​គោក្របី នៅតាម​ឃុំ​មួយចំនួន ក្នុង​ខេត្តសៀមរាប នា​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១ លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បានឱ្យដឹងថា  ដោយសារ​ការកើតមាន​ជំងឺ​ប្រភេទ​នេះ​នា​រយៈកាល​កន្លងមក​នោះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ដែលជា​អ្នក​ចិញ្ចឹមសត្វ​គោ​-​ក្របី​នេះ សម្ដែង​នូវ​ការព្រួយបារម្ភ​ជាខ្លាំង ព្រោះថា ប្រសិនបើ​សត្វ​គោ​-​ក្របី​របស់គាត់ ងាប់​ច្រើន នឹង​ធ្វើឱ្យប៉ះពាល់​ជីវភាព​របស់​ពួកគាត់ ប៉ុន្តែ​បញ្ហា​នេះ ដោយសារ​ពួកគាត់​មិនទាន់​យល់ច្បាស់​អំពី​ជំងឺ​ប្រភេទ​នេះ តែ​តាមពិត​ជំងឺ​ដុំ​ពក​លើ​ស្បែក​សត្វ​គោ និង​ក្របី គឺអាច​ព្យាបាល​បាន​សះស្បើយ ប្រសិន​ម្ចាស់​សត្វ​បាន​មើល ថែទាំ​បានល្អ​នោះ  ដែល​វិធី​នៃ​ការព្យាបាល គឺ​ការពារ​ទប់ស្កាត់​ជំងឺ​ឱកាសនិយម និង​ដំបៅ​រលួយ ករណី​សត្វ​ក្តៅខ្លួន អាច​ប្រើ​ពពួក​ថ្នាំ​បញ្ចុះ​កំដៅ ជាៈ​Pracetamole អាច​ប្រើ​ពពួក Dexametasone , Amoxiciline , Chlorazone, Bactrim ករណី​មាន​ដំបៅ​ប្រើ​ថ្នាំ ខៀវ (Methylen blu) និង Negazun ប៉ុន្តែ​បើ​មាន​អាត្រា​ងាប់ គឺមាន​ចំនួន​តិច​។​

​លោក ព្រំ វិច បន្ថែមថា រយៈកាល​កន្លងមក មន្ត្រី​បសុពេទ្យ​ខេត្ត ស្រុក ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ តែ​បាន​សហកា​ការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ធ្វើ​ការអប់រំ និង​ផ្សព្វផ្សាយ​ពី​អនាម័យ វិធានការ​ការពារ និង ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​ដល់​កសិករ​ម្ចាស់​សត្វ ចំនួន​ជាង ១.២០០ គ្រួសារ ព្រមទាំង​បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​ទ្រុង​ចិញ្ចឹមសត្វ បានជា​ច្រើន​កន្លែង​ផងដែរ​។ ដូច្នេះ ក្នុងឱកាស​នេះ លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលមាន​សត្វ​គោ ក្របី ឈឺ ឬ​ងាប់ ហាម​លក់ដូរ ហាម​យកសា​ច់រប​ស់វា​ទៅ​បរិភោគ ព្រោះ​វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​សត្វ សូម​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ពេទ្យសត្វ ក្នុងអំឡុង​ពេល​គាត់​ចុះទៅ​ចាក់​វ៉ាក់សាំង​ដល់​សត្វ​គោ​-​ក្របី និង​យក​សត្វ​ទៅ​ចាក់​ថ្នាំ ឱ្យបាន​គ្រប់ៗ​គ្នា ជាពិសេស​នៅពេល ដែលមាន​សត្វ​ឈឺ ត្រូវ​ធ្វើការ​ទំនាក់​ទំ​ង​ជាមួយ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ និង​អាជ្ញាធរ​ក​មូលដ្ឋាន​ឱ្យបាន​លឿន ដើម្បី​ខាង​មន្ត្រី​ជំនាញ​ជួយ​រក​វិធីសាស្ត្រ​សង្គ្រោះបាន​ទាន់ពេល​។​

​សូមបញ្ជាក់ថា ជំងឺ​ដុំ​ពក​ស្បែក​គោ​នេះ បង្កដោយ​វីរុស​(Poxviridae) តាមរយៈ​សត្វល្អិត​បឺត​ជញ្ជក់​ឈាម មូស របោម រុយ ស្រួយ ដង្កែ ការ​ចល័ត​សត្វ​ឈឺ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ការ​ស៊ី​ចំណី​ជុំគ្នា​។ ប៉ុន្តែ​ជំងឺ​នេះ ជា​ជំងឺ​ចាស់ សម្រាប់​ប្រទេស​គេ​។ តែ​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា​យើង​៕ ច័ន្ទ រស្មី​