ខេត្តរតនគិរី ៖ ជនជាតិវៀតណាមចំនួន១០នាក់ដែលជិះម៉ូតូដើរលក់សម្ភារដោយខុសច្បាប់តាមបណ្តាស្រុកនានាក្នុងខេត្តរតនគិរីត្រូវបាននគរបាលអន្តោប្រវេសន៍កម្ពុជាបណ្តេញចេញពីកម្ពុជាវិញនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ ។
ការបណ្តេញចេញនេះបានធ្វើឡើងនៅការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលនេះគឺជាលើកទី២ហើយដែលធ្វើឡើងនៅដើមឆ្នាំ២០១៦នេះ ដែលលើកទី១ ជនជាតិវៀតណាមចំនួន៩នាក់ និងម៉ូតូចំនួន៩គ្រឿង បូករួមនិងសម្ភារជាច្រើនទៀត ត្រូវបានហៅមកណែនាំ និងបណ្តេញចេញដូចគ្នានេះដែរកាលពីថ្ងៃទី១៣ ខែមករាកន្លងទៅ ។ ហើយនៅលើកទី២នេះជនជាតិវៀតណាមទាំង១០នាក់នេះត្រូវបានសមត្ថកិច្ចរកឃើញនៅក្នុងស្រុកបរកែវ រួមទាំងមធ្យោបាយ និងសម្ភារផងដែរ ។
លោក ជា ប៊ុនធឿន ស្នងការរង ទទួលបន្ទុកអន្តោប្រវេសន៍ កាលពីព្រឹកថ្ងៃទី២០មករានេះបានធ្វើការព្រមានដល់ជនជាតិវៀតណាមទាំង១០នាក់នោះយ៉ាងធ្ងន់ៗ ដោយបញ្ជាក់ថា មធ្យោបាយម៉ូតូទាំង១០គ្រឿង និងសម្ភារផ្សេងៗនោះគឺខាងកម្ពុជាបានធ្វើការអនុគ្រោះឱ្យចាកចេញពីកម្ពុជាក្នុងថ្ងៃទី២០នេះ ដោយពុំឃាត់ទុកនោះទេ ហើយបើមិនចាកចេញក្នុងថ្ងៃនេះទេ គឺសមត្ថកិច្ចនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ។
លោកបញ្ជាក់ថា ជនជាតិវៀតណាមដែលចូលមកកម្ពុជាក្នុងថ្ងៃនោះមាន១៧នាក់ ប៉ុន្តែសមត្ថកិច្ចបានរកឃើញតែ១០នាក់ ឯ៧នាក់ទៀតរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមរកបន្តទៀត ។
លោក ជា ប៊ុនធឿន បាននិយាយថា ចំពោះមធ្យោបាយ និងសម្ភារជានាទីរបស់គយ លោកមានតួនាទីត្រួតពិនិត្យតែមនុស្សប៉ុណ្ណោះ ក្រោយពីត្រួតពិនិត្យឆែកឆេរទៅមានលិខិតឆ្លងដែនត្រឹមត្រូវ ទើបធ្វើការណែរនាំហើយឱ្យទៅវិញ ។
ប្រជាពលរដ្ឋនាំគ្នានិយាយថា ចំពោះជនអន្តោប្រវេសន៍ដែលឆ្លងដែនខុសច្បាប់ចូលមកនេះ មានច្រើនរាប់មិនអស់ នេះគ្រាន់តែឆ្លងដែនមកលក់សម្ភារ មិនទាន់និយាយដល់ជនជាតិវៀតណាមចូលមកនៅតាមរោងសិប្បកម្មកែច្នៃឈើប្រណីត កម្មករតាមក្រុមហ៊ុន តាមក្លិបម៉ាស្សា និងសេវាបំរើផ្លូវភេទផ្សេងទៀតផងទេ មិនដែលឃើញសមត្ថកិច្ចបង្ក្រាបនៅឡើយទេ បូករួមទាំងចូលមករកទិញឈើប្រណីតទៀតផង ឯការអនុញ្ញាតពីច្រកទ្វានោះគឺត្រឹមតែ១ថ្ងៃ និងចំងាយពី២០ទៅ៣០គីឡូមែត្រប៉ុណ្ណោះ នេះបើតាមការឱ្យដឹងពីលោកនាយការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្ត ៕
ចែករំលែកព័តមាននេះ