ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ១៩ រត់កង់បីដឹកមនុស្សគ្មានអ្នកជិះ ប្តូរមកដឹកបង្អែមលក់វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់លោក វ៉ា មុនីរ័ត្ន អាយុជាង ៤០ ឆ្នាំ អ្នករត់ម៉ូតូកង់បីម្នាក់ ហាក់ស៊យខ្លំាងនៅពេលមានវត្តមានកូវីដ…

រាជធានីភ្នំពេញ ៖ សម្រាប់លោក វ៉ា មុនីរ័ត្ន អាយុជាង ៤០ ឆ្នាំ អ្នករត់ម៉ូតូកង់បីម្នាក់ ហាក់ស៊យខ្លំាងនៅពេលមានវត្តមានកូវីដ ១៩ នេះ ។ ស៊យដោយ សាររបររត់ម៉ូតូកង់បីដែលលោកប្រកបចិញ្ចឹមជីវិតច្រើនខែមកហើយនោះ មិនមានអ្នកជិះសោះ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ។ រីឯប្រពន្ធ របស់លោកដែលជាអ្នកលក់បង្អែមនៅផ្សារកណ្តាលនោះវិញ អាជីវកម្មមិនរលូនទៀត ដោយសារផ្សារម្តងបិទ ម្តងបើកពីព្រោះតែកូវីដ ១៩ ពិសេសកន្លែងដែលភរិយាលោកធ្លាប់រកស៊ីនោះ ត្រូវអ្នកគ្រប់គ្រងផ្សារមិនអនុញ្ញារឲ្យមានការលក់ដូរទៀតឡើយ ដើម្បីរក្សាគម្លាតនៅក្នុងការអនុវត្តវិធានការការពារជំងឺកូវីដ ១៩ ។ 

មើលឃើញការលំបាកដែលថា អាចនៅវែងឆ្ងាយទៀតពីព្រោះមិនដឹងថា ពេលណាកូវីដ ១៩ នឹងបញ្ចប់ទៅនោះ  ទើបគាត់ និងភរិយាបានសម្រេចចិត្តច្នៃម៉ូតូកង់បី ដែលធ្លាប់តែដឹកមនុស្សមកអាចដាក់ចានឆ្នាំងបង្អែមវិញ ដើម្បីផ្តើមរបរចាស់លើមធ្យោបាយលក់ថ្មី គឺដឹកបង្អែមលក់ដល់ផ្ទះអ្នកហូបតែម្តង ។

អ្នកស្រី បុប្ផាវី ប្រពន្ធលោក មុនីរ័ត្ន ថា អ្នកស្រីចេះធ្វើបង្អែមលក់បានជាង ១០ មុខមាន បាយដណ្តើបសង្យា ចេកខ្ទិះ បរសណ្តែកក្រហម និងខៀវ ចាហួយខ្មៅ តៅស៊នជាដើម ។ អ្នកស្រី បានបញ្ជាក់ថា ដោយសារតែមានម៉ូយច្រើននៅម្តុំផ្សារកណ្តាល ដូច្នេះលោកស្រី និងស្វាមីមិនបាច់ទៅលក់នៅទីណានោះទេ លក់តែម្តុំផ្សារកណ្តាលនេះ ។ ជារៀងរាល់ថ្ងៃលោកស្រី និងស្វាមីត្រូវនៅលើដងផ្លូវ ចាប់ពីរសៀលទៅរហូតដល់ ម៉ោង ៨ ទៅ ៩ យប់ទើបចូលផ្ទះ ។ ប៉ុន្តែដើម្បីបង្អែមសម្រាប់លក់មួយថ្ងៃៗ លោកស្រីបានផ្តើមធ្វើតាំងពីម៉ោង ៤ ទាបភ្លឺពីរនាក់ប្តីប្រពន្ធ និងស្មើដៃគ្នា បើមិនដូច្នោះទេមិនបានបង្អែមលក់ឡើយ ។

«ក្រោយពីផ្ទុះជំងឺកូវីដ ១៩ ក្នុងរាជធានីភ្នំពេញ ការលក់ដូរអ្វីក៏មិនស្រួលដូចមុនដែរ ហើយការលក់ចល័តនេះ មានការលំបាកជាងលក់នៅមួយកន្លែង ។ម្យ៉ាងទៀតលក់ចល័តនេះត្រូវប្រើកម្លំាងមនុស្សពីរនាក់ កាលពីខ្ញុំលក់បង្អែម ប្តីរត់កង់បីគ្រាន់ទប់គ្នា តែឥឡូវគ្មានទេចំណូលបានតែមួយផ្លូវ» អ្នកស្រី បុប្ភាវី ត្អូញ ។

លោក មុនីរ័ត្ន រៀបរាប់ថា មុខរបរធ្វើបង្អែមលក់ចល័តនេះហត់ណាស់ ដេកបានតែបីទៅបួនម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ។ ចាប់ដល់ពេលធ្វើនំម៉ោង ៣ ឬ ៤ទៀបភ្លឺទៅ ដៃជើងរវៃរហូត ធ្វើបង្អែមជាង ១០ មិនស្រួលនោះទេ តែក្នុងសម័យកូវីដ ១៩ នេះ បានប្រាក់ចំណេញបួនទៅប្រាំម៉ឺរៀលប៉ុណ្ណោះ ។ «សព្វថ្ងៃទិញម៉ូតូកង់បីឥណ្ឌានេះ នៅបង់រំលស់គេទេ ហើយថ្លៃចំណាយកែឆ្នៃដាក់បង្អែមលក់ចល័តនេះចងការប្រាក់គេ» លោក មុនីរ័ត្ន និយាយឲ្យដឹង ។ ក្រៅពីរកប្រាក់ដើម្បីផ្គត់ផ្គង់ការហូបចុក ពីរនាក់ប្តីប្រពន្ធនេះ ត្រូវរងប្រាក់បង់រំលស់ធម្យោបាយរកស៊ីនេះក្នុងមួយខែ ១៤៩ ដុល្លារផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ