រាជធានីភ្នំពេញ ៖ យុវជន២នាក់ត្រូវក្រុមចោរ៤នាក់ កាប់ភ្លន់យកម៉ូតូហុងដាឌ្រីមសេ១២៥មួយគ្រឿងបានសម្រេច ដោយប្រជាពលរដ្ឋដេញចាប់បានជនសង្ស័យម្នាក់ និង៣នាក់ទៀតរត់គេចខ្លួនបាត់ តែអស់រយៈពេលមួយម៉ោងហើយ គ្មានឃើញសមត្ថកិច្ចណាមកអើតកន្លែងកើតហេតុនោះទេ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ មករា ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពឱ្យដឹងថា ជនរងគ្រោះឈ្មោះញ៉ែម សំរុង អាយុ២១ឆ្នាំ ជាអ្នកលក់ទឹកសុទ្ធ រស់នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បាអំពៅ។ រីឯសង្ស័យដែលចាប់ខ្លួនបានឈ្មោះពី កា អាយុ១៥ឆ្នាំ ស្នាក់នៅម្ដុំរោងចក្រស៊ីឡាងហួរ មុខរបរមិនពិតប្រាកដ ។
ប្រភពពីកន្លែងកើតហេតុឱ្យដឹងថា ជនរងគ្រោះចូលលេងក្លិបឌឹ មីង បន្ទាប់មកពួកគេបានចេញពីក្លិបជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រឹមសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទើបតែចេញពីក្លិបឌឹ មីង គ្រាន់តែចេញពីក្លឹបបានប្រហែលបានជាង២០ម៉ែត្រ ក៏លេចមុខក្រុមចោរ៤នាក់បានស្ទាក់ និងធាក់ផ្ដួលចុះមកវាយថែមទៀត និងលើកយកម៉ូតូជិះរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋដេញចាប់បាន១នាក់ ។
ក្រោយពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថ បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យ រង់ចាំថ្ងៃទី១៩ មករា ទៅដាក់ពាក្យបណ្តឹង ។
ចែករំលែកព័តមាននេះ