ខេមរជាតិគឺជាជាតិសាសន៍មួយត្រូវបានគេដឹងសព្វប្រទេសថាជាជាតិអ្នកកាន់ព្រះពុទ្ធសាសនា ដូច្នេះគួរតែមានសេចក្ដីរីករាយក្នុងចិត្តថាយើងមានភ័ព្វ មានសំណាងណាស់ដែលបានមកជួបព្រះពុទ្ធសាសនាជាពាក្យប្រដៅដ៏ថ្លៃថ្លាវិសេសវិសាលក្រៃលែង ព្រោះពុទ្ធសាសនាជាគុណជាតិដ៏ឧត្ដម អាចធ្វើអ្នកដែលប្រតិបត្តិតាមឱ្យបានចម្រើនដោយការចេះដឹងនិងសេចក្ដីថ្លៃថ្នូរ ។

តែទោះជាយ៉ាងណាអ្នកដែលកាន់ព្រះពុទ្ធសាសនាជំពួកខ្លះ ដែលបានសិក្សាស្គាល់ជាក់នូវរសជាតិព្រះពុទ្ធសាសនាហើយ នៅមានគំនិតង៉េងង៉ាងដោយសេចក្ដីងឿងឆ្ងល់ដូចជា អ្នកខ្លះដែលបានឃើញអ្នកកាន់សាសនាព្រះពុទ្ធខ្លះដែលពុំសូវចេះដឹង ជាអ្នកក្រីក្រ លំបាក វេទនា ក៏ពោលតិះដៀលថា ព្រះពុទ្ធសាសនានាំមនុស្សឱ្យអាប់អន់ ទាបថោក ដឹកនាំមនុស្សឱ្យល្ងង់ ឱ្យខ្លាចគេ ឱ្យក្រលំបាក ម្ល៉ោះហើយក៏មិនយកចិត្តទុកដាក់នឹងព្រះពុទ្ធសាសនាឱ្យបានមាំមួន ។ នេះមកពីអ្នកទាំងនោះមិនបានសិក្សា មិនបានពិនិត្យឱ្យឃើញតាមការណ៍ពិត ។

តាមពិតទៅសព្វថ្ងៃនេះមានអ្នកកាន់ព្រះពុទ្ធសាសនាជាអ្នកចេះដឹង ជាអ្នកខ្ពង់ខ្ពស់ ជាអ្នកមានទ្រព្យសម្បត្តិ ក៏មានជាច្រើនរូបណាស់ដែរ តែគេមិនទាញយកអ្នកទាំងនោះមកជាគ្រឿងអាង ជាគ្រឿងដឹកនាំគំនិតនោះទេ ។
បើតាមការសង្កេត មានអ្នកដែលមិនកាន់ព្រះពុទ្ធសាសនាជាអ្នកឥតមានចេះដឹងអ្វីសោះ ជាអ្នកទាបថោក ជាអ្នកក្រីក្រលំបាកវេទនា ក៏សឹងមានច្រើនរាប់មិនអស់ ម្តេចក៏អ្នកទាំងនោះគិតមិនឃើញហេតុទាំងអស់នេះផង ។

មនុស្សជំពូកខ្លះបានចូលមកសិក្សាចំណេះវិជ្ជាខាងផ្លូវព្រះពុទ្ធសាសនាតាំងពីក្មេងមក អ្នកខ្លះបានទាំងបួសថែមទៀតផង តែមិនខំប្រឹងរៀនសូត្រឱ្យចេះដឹងប្រាកដមែនទែនទេ លុះដល់វេលាដែលចេញពីវត្តអារាមទៅ បានទៅសិក្សាចំណេះវិជ្ជាឯទៀតក្រៅពីលទ្ធិពុទ្ធសាសនា ក៏ត្រឡប់តិះដៀលថាព្រះពុទ្ធសាសនាមិនរៀបរយ មិនថ្លៃថ្លាប្រពៃដូចជាចំណេះវិជ្ជាឯទៀត ម្ល៉ោះហើយក៏នាំគ្នានិយាយបង្អាប់ចំណេះដែលចេះពីវត្តអារាមទៅថាជាវិជ្ជាដែលប្រើការមិនកើត ជាចំណេះមិនប្រាកដ ត្រង់ខ្លួនឯងដែលខ្ជិលរៀននោះមិនគិតឃើញទេ នេះមកពីគំនិតដែលលុះក្នុងអំណាចនៃសេចក្ដីច្រឡំ ។

ព្រះពុទ្ធសាសនាមានគុណសម្បត្តិធំធេងណាស់ចំពោះសង្គមជាតិដូចជាការអប់រំបណ្តុះគុណធម៌ បង្ហាត់បង្រៀនមនុស្សឱ្យមានចំណេះជំនាញ ប្រដៅមនុស្សឱ្យមានសីលធម៌ សុជីវធម៌ក្នុងការរស់នៅ បណ្តុះស្មារតីមនុស្សឱ្យស្គាល់ពីតម្លៃវប្បធម៌ ប្រពៃណី ឱ្យស្គាល់បាប បុណ្យ គុណ ទោស អាក្រក់ ល្អជាដើម ។ មិនតែប៉ុណ្ណោះ ព្រះពុទ្ធសាសនាបានបង្រៀនមនុស្សឱ្យចេះពីរបៀបប្រកបរបរចិញ្ចឹមជីវិតដ៏ត្រឹមត្រូវប្រកបដោយធម៌ទៀតផង ។ ហេតុនេះបញ្ហាដែលថា អ្នករៀនចំណេះខាងពុទ្ធសាសនាខ្លះជាអ្នកក្រទ្រព្យ ជួបទុក្ខលំបាកក្នុងជីវិត វាមិនមែនមកពីចំណេះខាងសាសនាអន់នោះទេ គឺបុគ្គលខ្លួនឯងទេតើជាអ្នកធ្វើឱ្យអន់ឬថ្លៃថ្នូរនោះ ៕ សាន សារិន
ចែករំលែកព័តមាននេះ