សរសៃសក់បែកចុង គឺជាសញ្ញាសក់ខូច ហើយឈានទៅរកភាពជ្រុះ។ នេះប្រសិនបើអ្នកមិនរកវិធីទប់ស្កាត់ទេ អ្វីៗអាចនឹងពិបាកស្រោចស្រង់ណាស់ ព្រោះថាបើសក់ជ្រុះហើយ ពិបាកនឹងដុះវិញណាស់។ ដើម្បីអាចរកវិធីដោះស្រាយបាន អ្នកក៏គួរស្គាល់កត្តាខ្លះៗ ដែលធ្វើឱ្យសក់របស់អ្នកបែកចុង ហើយព្យាយាមលុបបំបាត់កត្តាទាំងនោះ។ តើទម្លាប់អ្វីខ្លះ ធ្វើឱ្យសក់របស់អ្នកបែកចុង?

១. ការសិតសក់ច្រើនពេក
អ្វីដែលអ្នកប្រហែលជាមិនចាប់អារម្មណ៍នោះគឺថា សក់របស់អ្នកខ្សោយបំផុតគឺនៅពេលដែលអ្នកទើបតែងូតទឹករួច។ ជាធម្មតា ពេលងូតទឹកហើយ យើងប្រាកដណាស់ត្រូវសិតសក់ហើយចេញមកក្រៅធ្វើការ។ ដោយសារតែការសិតសក់នៅពេលដែលសក់កំពុងតែស្ថិតនៅក្នុងស្ថានភាពខ្សោយហ្នឹងហើយ ទើបបានជាធ្វើឱ្យសក់ងាយនឹងបែកចុង។ ដូច្នេះដើម្បីជាការប្រសើរចូរកុំសិតសក់ញឹកញាប់ពេក។ ព្យាយាមសិតថ្នមៗនិងប្រើប្រាស់ម្រាមដៃជាជំនួយដោះសក់ដែលជំពាក់ជាប់គ្នា។
២. ការតមអាហារហួសហេតុ
វាមិនត្រឹមតែអាចបង្កផលប៉ះពាល់ដល់សុខភាពរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលលើរូបរាងនិងសម្រស់ផងដែរ។ សក់ក៏ត្រូវការវីតាមីន ជាតិរ៉ែ និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំចៀសផុតបញ្ហាបែកចុង។ ការតមអាហារពេក ពិសេសអាហារសុខភាពល្អអាចបណ្ដាលឱ្យរាងកាយទាំងមូលជួបប្រទះនូវបញ្ហាកង្វះសារធាតុចិញ្ចឹមដែលត្រូវការចាំបាច់។

៣. ជក់បារី
ការជក់បារីក៏អាចបណ្ដាលឱ្យសក់បែកចុងនិងជួបប្រទះនូវបញ្ហាផ្សេងទៀតផងដែរ។ សារធាតុពុលជាច្រើនប្រភេទក្នុងបារីជ្រាបចូលលំហូរឈាម ហើយបណ្ដាលឱ្យឈាមរត់មិនបានត្រឹមត្រូវទៅកាន់គ្រប់ផ្នែកនៃរាងកាយ ព្រមទាំងស្បែកក្បាល។ ការផ្គត់ផ្គង់ឈាមមិនបានគ្រប់គ្រាន់នាំឱ្យកើតមានបញ្ហាកង្វះអុកស៊ីសែនទៅកាន់ស្បែកក្បាល និង សរសៃសក់ ដែលជាលទ្ធផល គឺសក់មានភាពបែកចុង និង ងាយជ្រុះ៕
ចែករំលែកព័តមាននេះ