ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុសង្ឃ​និង​ការ​ប្រើប្រាស់​ត្រៃចីវរ

4 ឆ្នាំ មុន

វិន័យ​បិដក​គឺជា​គម្ពីរ​ដែល​កត់ត្រា​អំពី​ច្បាប់​បញ្ញត្តិ ឬ​ច្បាប់​អនុញ្ញាត សម្រាប់​ភិក្ខុសង្ឃ​ប្រព្រឹត្ត​អប់រំ​សង្រួម​កាយវាចា​ឱ្យ​បាន​ត្រឹមត្រង់​តាម​គន្លង​ក្រឹត្យក្រម​នៃ​បព្វជិត​អ្នកបួស​ក្នុង​ពុទ្ធសាសនា ។ ក្នុង​នោះ ត្រង់​អន្លើ​ស្តី​ពី​របៀប​ទ្រទ្រង់​ស្បង់​ចីវរ​របស់​ភិក្ខុ​ចែង​ថា មិន​ត្រូវ​ស្លៀក និង​ដណ្ដប់​ដូច​ជា​គ្រហស្ថ ពោល​គឺ​ភិក្ខុ​មិន​ត្រូវ​ស្លៀក​ស្បង់​ដូច​ជា​សម្លៀក​បំពាក់​គ្រហស្ថ​អ្នកគ្រប់គ្រង​ផ្ទះ​ឡើយ ។

ចំពោះ​គ្រឿង​ទ្រទ្រង់​ស្លៀកដណ្ដប់​របស់​ភិក្ខុសង្ឃ តាម​ពុទ្ធ​ប្បញ្ញត្តិ​គឺ​មាន​តែ​ស្បង់ ចីវរ និង​សង្ឃាដី ហៅ​ថា សំពត់​កា​សាវ​ព័​ស្ត្រ ឬ​ត្រៃចីវរ ។ ត្រង់​ប្រការ​នេះ​មាន​សេចក្ដី​ពន្យល់​ថា ទី​១ មិន​ស្លៀក​ឱ្យ​ស្លុយ​មុខ​ដូច​ប្រមោយដំរី ទី​២ មិន​ស្លៀក​ឱ្យ​មាន​សណ្ឋាន​ដូច​កន្ទុយ​ត្រី ទី​៣ មិន​ស្លៀក​ឱ្យ​មាន​ជ្រុង​៤ ទី​៤ មិន​ស្លៀក​ឱ្យ​មាន​អាកា​រៈ​ដូច​ធាងត្នោត ទី​៥ មិន​ស្លៀក​ឱ្យ​មាន​ផ្នត់​ច្រើន និង​ទី​៦ មិន​ស្លៀក​ចងក្បិន ។

តាម​ពុទ្ធានុញ្ញាត​ដល់​ភិក្ខុ​ឱ្យ​គ្រង​សង្ឃាដី​រហូត​ដល់ ៤​ជាន់ ហើយ​ចីវរ និង​ស្បង់ ២​ជាន់​ៗ សម្រាប់​តំបន់​ដែល​មាន​អា​កាសធាតុ​ត្រជាក់​ខ្លាំង តែ​តំបន់​អាកាសធាតុ​ដូច​ប្រទេស​មួយ​ចំនួន​នៅ​ប៉ែក​អាស៊ី​មាន​ប្រទេស​កម្ពុជា ថៃ ឡាវ ជា​ដើម អ្នកបួស​ត្រូវ​ប្រើ​សង្ឃាដី​ពីរ​ជាន់ ហើយ​ចីវរ និង​ស្បង់​១​ជាន់ ដើម្បី​ឱ្យ​ត្រូវ​ទៅ​តាម​អាកាសធាតុ ។

ចំពោះ​ស្បង់​ស្បៃ​ត្រៃចីវរ​ដែល​ជា​គ្រឿង​សម្គាល់​ដ៏​សំខាន់​នៃ​បព្វជិត​អ្នកបួស​ក្នុង​ពុទ្ធសាសនា គឺ​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុ​ប្រើប្រាស់​សាច់​សំពត់​៦​យ៉ាង ដែល​ធ្វើ​ពី​សរសៃសូត្រ និង​អំបោះ​បាន​មក​ពី​រុក្ខជាតិ ហើយ​និង​រោមសត្វ ក្នុង​នោះ​រួម​មាន ចីវរ​ធ្វើ​ពី​សរសៃ​សំបកឈើ សំបក​ធ្មៃ ពី​កប្បាស ពី​សូត្រ ពី​រោមសត្វ និង​វត្ថុ​ទាំង​៥​ខាង​ដើម​នេះ​លាយ​គ្នា ដោយ​មិន​បៀតបៀន​ដល់​អាយុជីវិត​មនុស្ស​សត្វ​ឡើយ ។

ការ​ដែល​ភិក្ខុ​ប្រើប្រាស់​អាវ ទោះបី​នៅ​ពី​ខាងក្នុង​ហើយ​គ្រង​ស្បង់​ចីវរ​ពី​ខាងក្រៅ​បិទ​ជិត​មើល​មិនឃើញ​ក្តី​ក៏​ខុស​វិន័យ​ដែរ ៕ សាន សារិន