ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ ត្រូវប៉ូលិសព្រហ្មទណ្ឌស្រុកអង្គស្នួល និងប៉ូលិសប៉ុស្តិ៍កន្ទោកសហការគ្នាចាប់ខ្លួននៅក្នុងខណៈពេលឮសំរែកម្ចាស់ផ្ទះស្រែកថាចោរៗ ដោយក្រុមជនទាំងនោះផ្លោះរបងចូលទៅប៉ុនប៉ងលួចយកទ្រព្យសម្បត្តិរបស់គាត់ ។ ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១០ នៅក្នុងភូមិព្រៃបឹង ឃុំកន្ទោក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះស៊ិន ត្រា អាយុ២៣ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរមានស្រុកកំណើតនៅភូមិត្រពាំងពោធិ៍ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រីឯបក្សពួក២នាក់ទៀតរត់គេចខ្លួនបាត់ ។ ដោយឡែកម្ចាស់ផ្ទះឈ្មោះហូយ វេងហៀង ភេទប្រុស អាយុ៣០ឆ្នាំ ។
តាមប្រភពព័ត៌មានឱ្យដឹងថា នៅយប់នោះជនសង្ស័យ និងបក្សពួកនាំគ្នាដើរចេញពីកន្លែងផឹកស៊ីមួយ រួចហើយនាំគ្នាឡើងផ្លោះរបងចូលទៅក្នុងបរិវេណផ្ទះនោះ ក្នុងគោលបំណងលួចយកទ្រព្យសម្បត្តិ ប៉ុន្តែត្រូវម្ចាស់ផ្ទះឃើញទាន់ក៏ស្រែកថា ចោរៗ!!! បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។ ពេលនោះប៉ូលិសព្រហ្មទណ្ឌស្រុក និងប៉ូលិសប៉ុស្តិ៍កន្ទោកកំពុងដើរល្បាតរួមគ្នាឮក៏សំរុកចូលទៅកាន់ចំណុចនោះ ហើយចាប់ខ្លួនជនសង្ស័យបានម្នាក់ ចំណែកឯបក្សពួកពីរនាក់ទៀតរត់គេចខ្លួនបាត់ ។ ប៉ូលិសបាននាំជនសង្ស័យនោះ ទៅកាន់ផ្នែកព្រហ្មទណ្ឌស្រុកអង្គស្នួល ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ ។ ប៉ូលិសនិយាយថា កន្លងមកជនសង្ស័យជួលផ្ទះនោះស្នាក់នៅ ប៉ុន្តែនៅថ្ងៃទី៩ ខែកញ្ញា មុនកើតហេតុ២ថ្ងៃគេបានលួចលុយអ្នកលក់គ្រឿងទេសនៅជិតនោះចំនួន៣៩.០០០រៀល ដូច្នេះហើយម្ចាស់ផ្ទះក៏បណ្តេញឈប់ឱ្យនៅបន្តទៀត ។ ជននោះដោយគ្មានកន្លែងស្នាក់នៅបានទៅស្នាក់នៅក្នុងវត្តកំបូល ។ ទោះបីជាបែបណាក្តីជនសង្ស័យបដិសេធថា រូបគេគ្មានបំណងចូលលួចទ្រព្យសម្បត្តិរបស់គេទេគឺគ្រាន់តែចូលរកកន្លែងដេកប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ