រាជធានីភ្នំពេញ ៖ មន្ត្រីអគ្គិសនីកម្ពុជាម្នាក់ ត្រូវជនស្ទាវប្រុស-ស្រី២នាក់ប្រដាប់ដោយដាវសាមូរ៉ៃកាប់ពីក្រោយចំដៃខាងស្តាំបណ្តាលឱ្យរងរបួសធ្ងន់ ខណៈដែលមន្ត្រីរូបនេះចុះទៅស្រង់ថាមពលអគ្គិសនីក្នុងកុងទ័ររបស់ប្រជាពលរដ្ឋតាមលំនៅឋាននីមួយៗហើយបានទាស់ពាក្យសម្តីគ្នាតិចតួចជាមួយនឹងក្មេងស្ទាវទំនើង២នាក់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង១៥នាទីរសៀលថ្ងៃទី១៥ មករា ២០១៥ ស្ថិតនៅចំណុចផ្ទះល្វែងគ្មានលេខមួយកន្លែង ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពឱ្យដឹងថា ជនរងគ្រោះឈ្មោះជា សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ ជាមន្ត្រីអគ្គិសនីកម្ពុជា បច្ចុប្បន្នស្នាក់នៅសង្កាត់ទំនប់ទឹកខណ្ឌចំការមន និងមានស្រុកកំណើតនៅខេត្តតាកែវ ។ ដោយឡែក ជនទំនើងប្រុស-ស្រីទាំង២នាក់ ១-ឈ្មោះសំ សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ មុខមិនពិតប្រាកដ និងម្នាក់ទៀតមានឈ្មោះយ៉ាន ស៊ី ភេទស្រី អាយុ៣៣ឆ្នាំ ជាអ្នករាប់លុយ ទាំង២នាក់ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុជាមួយគ្នា ។
ជុំវិញរឿងរ៉ាវខាងលើនេះ ប្រភពឱ្យដឹងថា មុនពេលកើតរឿងហេតុ គឺដំបូងឡើយជនរងគ្រោះដែលជាមន្ត្រីអគ្គីសនីបានជិះម៉ូតូមួយគ្រឿង ម៉ាកសង់សេ១២៥ មកស្រង់ទិន្នន័យថាមពលអគ្គិសនី ដែលបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ពីខែចាស់ ដើម្បីយកទៅធ្វើការទូទាត់ ដោយចុះស្រង់តាមបង្គោលដងភ្លើងនីមួយៗ មុខលំនៅឋានរបស់ពលរដ្ឋ ។ លុះមកដល់ចំណុចមុខផ្ទះកើតហេតុ ខណៈកំពុងស្រង់នោះ ស្រាប់តែឈ្មោះសំ សុជាតិ បានដើរមកក្បែរហើយស្រែកទៅកាន់មន្ត្រីអគ្គិសនីរងគ្រោះថា ស្រង់តែភ្លើងឱ្យត្រឹមត្រូវបាន ហើយកុំឆ្លៀតបន្លំស៊ីគីឡូភ្លើង ។
ក្រោយឮបែបនេះ ជនរងគ្រោះបានដើរទៅសួរនាំឈ្មោះសំ សុជាតិ អំពីមូលហេតុដែលថាឱ្យគេ ។ ភ្លាមនោះ បងស្រីជីដូនមួយរបស់សំ សុជាតិ ឈ្មោះយ៉ាន ស៊ី បានចេញមកក្រៅជួយនិយាយកាន់ជើងប្អូន ជាហេតុបង្កជាទំនាស់ពាក្យសម្តីមួយសន្ទុះ ។ ភ្លាមៗនោះ បុរសជាជនរងគ្រោះបានជិះម៉ូតូចេញទៅដោយបានស្រែកជេរដាក់ស្ត្រី និងបុរសជាបងប្អូន ជាហេតុធ្វើឱ្យពួកគេទាំង២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសង់ប៊ិច ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BH-0637 តាមពីក្រោយ ដោយក្នុងដៃស្ត្រីជាបងមានកាន់ដាវសាមូរ៉ៃ ទៅធ្វើសកម្មភាពកាប់ពីក្រោយជនរងគ្រោះ ។ ប៉ុន្តែភ្លាមៗនោះ ត្រូវបានជនរងគ្រោះឃើញទាន់ ក៏យកដៃខាងស្តាំរង បណ្តាលឱ្យរងរបួសដៃធ្ងន់ធ្ងរតែម្តងទៅ ។
ក្រោយកើតហេតុភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់ទាំង២នាក់មកកាន់ប៉ុស្តិ៍នគរបាល ដើម្បីធ្វើការសាកសួរនាំបន្ថែម ។ ដោយឡែក ជនរងគ្រោះត្រូវបានមន្ត្រីអគ្គិសនីដូចគ្នា មកអន្តរាគមន៍ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
លោកហួរ ម៉េង វ៉ាង អធិការរងនគរបាលខណ្ឌមានជ័យទទួលផែនយុត្តិធម៌បានអោយដឹងថា បច្ចុប្បន្នជនរងគ្រោះបានធ្វើការដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលហើយ។ដោយឡែកជនល្មើសទាំង២នាក់ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលបឹងទំពុនរងចាំចាត់ការតាមនីតិវិធី ។
សូមបញ្ជាក់ថាក្នុងការឃាត់ខ្លួនពួកគេទាំង២នាក់សមត្ថកិច្ចរកឃើញមានដាវសុំាម៉ូរៃចំនួន ២ដើមដោយក្នុងនោះសមត្ថកិច្ចដាក់ការសង្ស័យថាអាចពាក់ព័ន្ធបទល្មើស ៕
ចែករំលែកព័តមាននេះ