រាជធានីភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌទួលគោក កាលពីវេលាម៉ោង០៨យប់ថ្ងៃទី១៣ មករា ២០១៦ បានដេញចាប់បានចោរឆក់២នាក់បន្ទាប់ពីឆក់កាបូបពីនារីវ៏័យក្មេងម្នាក់ ហើយជិះម៉ូតូគេចខ្លួនរត់មកសំងំពួនក្នុងកន្លែងហ្គេមបាញ់ត្រីមួយកន្លែង នៅជាប់របងផ្សារហេង លី តាមបណ្តោយផ្លូវលេខ២៦៩ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ជនសង្ស័យជាចោរឆក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនទាំង២នាក់ ១-ឈ្មោះកង រចនា អាយុ២០ឆ្នាំ ជាកូនប្រុសឧត្តមសេនីយ៍ផ្កាយ៣នៃក្រសួងការពារជាតិម្នាក់ មានផ្ទះនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និង២-ឈ្មោះសោម វ៉ាលីហ្សា អាយុ១៦ឆ្នាំ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ចំណែកនារីរងគ្រោះឈ្មោះចិន ម៉ុនថា អាយុ១៩ឆ្នាំ ។ ខណៈពេលចាប់ខ្លួន សមត្ថកិច្ចដកហូតម៉ូតូជនសង្ស័យ ដែលជិះធ្វើសកម្មភាព១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ព្រមទាំងម៉ូតូ១គ្រឿងទៀតជារបស់បក្សពួកជនសង្ស័យម៉ាកហុងដាឌ្រីម សេ១១០ ពណ៌ខ្មៅ និងកាបូបរបស់ស្ត្រីរងគ្រោះផងដែរ។
ប្រភពពីប្រជាពលរដ្ឋដែលនៅជិតកន្លែងហ្គេមបាញ់ត្រីនោះបានឱ្យដឹងថា កន្លែងហ្គេមនេះជាកន្លែងហ្គេមស៊ីសងគ្រប់ប្រភេទ ដែលតែងតែឃើញក្រុមក្មេងស្ទាវៗ មកពពាក់ពពូនទាំងយប់ទាំងថ្ងៃ ហើយក៏ជាកន្លែងសំងំលាក់ខ្លួនរបស់ក្រុមជនសង្ស័យប្រព្រឹត្តបទល្មើសផងដែរ ព្រោះហ្គេមនេះបើក២៤ម៉ោង ។
ប្រជាពលរដ្ឋបន្តទៀតថា កន្លែងហ្គេមនេះ បើកជាយូរមកហើយ ហើយក៏មិនដែលឃើញសមត្ថកិច្ចណាមានវិធានការ ឬធ្វើការបង្ក្រាបដែរ សង្ស័យទាំងអាជ្ញាធរ និងសមត្ថកិច្ចវាយអែបស៊ីអបក៏មិនដឹង ។
សមត្ថកិច្ចខណ្ឌទួលគោកលួចខ្សឹបប្រាប់ថា ម្ចាស់ហ្គេមបាញ់ត្រីនេះ ជាថៅកែហាងបញ្ចាំដ៏ធំមួយកន្លែងនៅម្តុំផ្សារឃ្លាំងរំសេវ ។ក្រោយពេលចាប់ខ្លួនជនសង្ស័យទាំង២នាក់ និងវត្ថុតាង ដែលដកហូតបាន ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ