រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន South East Asia Telecom (SEATEL ) ជាប្រតិបត្តិករផ្តល់សេវាបណ្តាញទូរស័ព្ទឈាមមុខគេមួយរបស់ប្រទេសចិន ដែលបានវិនិយោគទឹកប្រាក់ប្រមាណ៤០០លានដុល្លារ ក្នុងការផ្តល់សេវាទូរស័ព្ទតាមប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយគឺ ប្រព័ន្ធ4G VoLTE នៅកម្ពុជា ដែលបានសម្ពោធជាផ្លូវការកាលពីចុងខែសីហាកន្លងទៅនេះ បានប្រកាសថា ការធ្វើអាជីវកម្មរបស់ខ្លួននៅកម្ពុជា មិនមានបំណងប្រកួតប្រជែងជាមួយប្រតិបត្តិករទូរគមនាគមន៍ដទៃទៀតនោះទេ ។ តើក្រុមហ៊ុននេះពឹងផ្អែកទៅលើអ្វីដើម្បីទាញយកចំណែកទីផ្សារក្នុងវិស័យនេះបាន ?
អនុប្រធានប្រតិបត្តិក្រុមហ៊ុន Seatel Group Co., Ltd លោក Yang Liqun បានមានប្រសាសន៍ថា ៖ « ក្រុមហ៊ុន Seatel មិនមានបំណងប្រកួតប្រជែងជាមួយប្រតិបត្តិករទូរគមនាគមន៍ដទៃទៀតនៅក្នុងប្រទេសកម្ពុជានោះទេ គឺធ្វើយ៉ាងណា ឱ្យគុណភាពសេវាកម្មរបស់ក្រុមហ៊ុនមានភាពរឹងមាំផ្ដល់ជូនអតិថិជន» ។
លោកបន្តថា ៖ « ទាក់ទងនឹងការប្រកួតប្រជែងជាមួយប្រតិបត្តិករទូរគមនាគមន៍ដទៃទៀតក្នុងប្រទេសកម្ពុជា យើងគ្មានបំណងប្រកួតប្រជែងទេ គឺយើងផ្ដោតសំខាន់ទៅលើសេវាកម្ម ដោយខិតខំធ្វើយ៉ាងណា ឱ្យសេវាកម្មមានគុណភាពល្អ និងទទួលស្គាល់ពីសំណាក់អតិថិជនរបស់យើងទូទាំងប្រទេស » ។
លោកបន្ថែមថា ៖ « ចាប់តាំងពីក្រុមហ៊ុន Seatel បើកដំណើរការអាជីវកម្មជាផ្លូវការនៅក្នុងប្រទេសកម្ពុជាមក អតិថិជនដែលគាំទ្រ សេវាកម្មរបស់ក្រុមហ៊ុនមានការកើនឡើងជាលំដាប់ ។ យើងមិនទាន់ដឹងតួលេខច្បាស់លាស់ថា មានអតិថិជនប៉ុន្មានប្រើប្រាស់សេវាកម្មនោះទេ តែយើងគ្រាន់តែដឹងថា ចាប់តាំងពីបើកដំណើរការជាផ្លូវការមក រហូតដល់ពេលនេះ កំណើននៃអ្នកប្រើប្រាស់កាន់តែច្រើនឡើងៗគួរឱ្យសម្គាល់ ដែលជំរុញឱ្យយើងខិតខំប្រឹងប្រែងធ្វើវាឱ្យកាន់តែល្អថែមទៀត » ។
លោកបញ្ជាក់ថា ៖ « អ្វីដែលក្រុមហ៊ុនបានធ្វើ និងទាក់ទាញអតិថិជនបំផុតនោះ គឺថា ក្រុមហ៊ុនបានពង្រឹងសេវាកម្មអុីនធើរណេត 4G ពិតប្រាកដច្បាស់លាស់ខ្លាំងជាងគេ បើធៀបនឹងប្រព័ន្ធដទៃក្នុងករណីភ្ជាប់ 4G តែនៅពេលនិយាយគ្នា ប្រព័ន្ធ 4G នឹងធ្លាក់មកនៅ 3Gវិញដោយស្វ័យប្រវត្តិ ខុសពី Seatel ទោះបីកំពុងនិយាយគ្នាតាមទូរស័ព្ទក្តី 4G នៅតែ 4Gដដែល » ។
គួរបញ្ជាក់ថា ប្រព័ន្ធទូរស័ព្ទ Seatel ត្រូវបានវិនិយោគដោយវិនិយោគិនជនជាតិចិន ក្នុងទំហំទឹកប្រាក់សរុបចំនួន៤០០លានដុល្លារអាមេរិក ដោយ១០០លានដុល្លារអាមេរិកជាការវិនិយោគជំហានដំបូង និងបានវិនិយោគយូរមកហើយដែរ ព្រមទាំងបន្តវិនិយោគជាបន្តបន្ទាប់ទៀតដូចជា ការពង្រីកបណ្ដាញសេវាឱ្យបានគ្រប់ខេត្ត-ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈបច្ចុប្បន្ន Seatel បានពង្រីកបណ្ដាញសេវារបស់ខ្លួនបានចំនួន១៩រាជធានី-ខេត្តហើយ និងពង្រឹងសេវាកម្មឱ្យកាន់តែរឹងមាំថែមទៀត ។
តាមរបាយការណ៍របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥នេះ មានក្រុមហ៊ុនទូរស័ព្ទចល័តចំនួន៩ បានមកចុះបញ្ជីផ្គត់ផ្គង់សេវាទូរសព្ទ័ចល័តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុនទាំងនោះបានពង្រីកសេវារបស់ខ្លួនឱ្យទូលាយ ដើម្បីឱ្យអ្នកប្រើប្រាស់សេវាទូរស័ព្ទកាន់តែមានភាពងាយស្រួលនៅគ្រប់ទីកន្លែងទូទាំងប្រទេស ។
គិតត្រឹមខែកញ្ញា ២០១៥ ដដែល ការប្រើប្រាស់ទូរស័ព្ទចល័តមានចំនួន២១.៦៥២.៣៧៧គ្រឿង ខណៈទូរស័ព្ទអចល័តមានចំនួន២៨៣.៨៦២ គ្រឿង ។ ដោយឡែក ក្នុងរយៈពេលដូចគ្នានេះ អ្នកប្រើអុីនធើរណេតចល័តមានចំនួន៦.១៧៩.០២៩នាក់ និងអុីនធើរណេតអចល័តមានចំនួន៧៧.៣៥៩នាក់ ។
បច្ចុប្បន្ន ការប្រើប្រាស់ប្រព័ន្ធអុីនធើរណេតបានក្លាយជាបណ្ដាញព័ត៌មានសំខាន់បំផុតទី២របស់កម្ពុជា បន្ទាប់ពីទូរទស្សន៍ ។ នៅក្នុងឆ្នាំ២០១៥នេះ ការប្រើទូរទស្សន៍មានចំនួន៣០%, អីុនធើរណេត២៤% និងវិទ្យុ២០% ហើយការប្រើប្រព័ន្ធអុីនធើរណេត នឹងអាចដណ្ដើមទីផ្សារទៀតនៅឆ្នាំបន្តបន្ទាប់ ។
តាមរយៈក្រុមហ៊ុនទូរស័ព្ទដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលនោះ បានរាយខ្សែកាបអុបទិកទៅតាមបណ្តាខេត្តនានាមានចំនួនជាង២ម៉ឺនគីឡូម៉ែត្រ ដែលជាឆ្អឹងខ្នងសម្រាប់តភ្ជាប់ប្រព័ន្ធអីុនធើរណេត ពីតំបន់មួយទៅតំបន់មួយ។ នេះបើតាមការលើកឡើងពីលោក ស៊ិន រ៉ាពីដ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវជាតិប្រៃសណីយ៍ និងទូរគមនាគមន៍ ។
តាមការសិក្សាមួយរបស់ USAID បង្ហាញថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាប្រមាណ៩៤% មានទូរស័ព្ទប្រើប្រាស់ផ្ទាល់ខ្លួន ហើយក៏អាចបង្ហាញថាទីផ្សារទូរស័ព្ទនៅកម្ពុជា អាចនឹងចង្អៀត ។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកប្រកបរបរខាងបម្រើសេវាកម្មទូរស័ព្ទសាធារណៈ ក៏មានការបាត់បង់ទៅហើយដែរ ដោយសារអ្នកប្រើប្រាស់ទូរស័ព្ទដៃផ្ទាល់ខ្លួនកើនឡើង ស្របពេលតម្លៃហៅចេញរបស់ក្រុមហ៊ុនទូរស័ព្ទនានាបានធ្លាក់ចុះ ។
លទ្ធផលនៃការសិក្សាដដែលក៏បានបង្ហាញដែរថា ទូរស័ព្ទដែលពលរដ្ឋកម្ពុជាប្រើប្រាស់ផ្ទាល់ខ្លួនចំនួន៦៣,៣% អាចសរសេរជាភាសាខ្មែរបាន ។ ការប្រើប្រាស់ទូរស័ព្ទសព្វថ្ងៃគឺមានគ្រប់វ័យ ក្នុងនោះមាន៦៧,៦%ជាបុរស និង៤៩%ជាស្ត្រី ។ ម្យ៉ាងទៀត ក្នុងចំណោមអ្នកប្រើប្រាស់ទូរស័ព្ទនៅទូទាំងប្រទេស គឺនៅទីក្រុង និងទីប្រជុំជន មានរហូតដល់៦៧% ហើយនៅជនបទមានជាង៦១,៧% ។
តាមរបាយការណ៍ដដែលបង្ហាញទៀតថា ក្នុងចំណោមអ្នកប្រើប្រាស់ទូរស័ព្ទចំនួន៣៩,៥% យ៉ាងតិចណាស់ ក៏មានទូរស័ព្ទស្មាតហ្វូនមួយគ្រឿងផងដែរ ។ ទូរស័ព្ទស្មាតហ្វូនមានសមត្ថភាពអាចប្រើប្រាស់ជាភាសាខ្មែរប្រមាណ៧៨% ច្រើនជាងទូរស័ព្ទដែលមិនអាចប្រើប្រាស់ខ្មែរបាន ដែលមានត្រឹមតែ៥៦,៣% ប៉ុណ្ណោះ ។
ទាក់ទងនឹងបច្ចេកវិទ្យាទូរស័ព្ទនេះដែរ គេរកឃើញថា ស្ទើរតែ១ភាគ៣នៃពលរដ្ឋកម្ពុជាទៅហើយដែលប្រើប្រាស់ទូរស័ព្ទភ្ជាប់ជាមួយប្រព័ន្ធអីុនធើរណេតដូចជា ហ្វេសប៊ុក ដែលជាបណ្ដាញសង្គមដ៏ល្បីមួយនៅលើពិភពលោក និងបណ្តាញសង្គមផ្សេងៗទៀត ។ ពលរដ្ឋកម្ពុជាភាគច្រើនដែលបានប្រើប្រាស់បណ្ដាញសង្គមនេះ គឺមានគណនីផ្ទាល់ខ្លួនក្នុងការផ្ដល់ និងទទួលព័ត៌មាន។ ចំណែកការប្រើបណ្ដាញសង្គមហ្វេសប៊ុកនេះ មានតែ៣%ប៉ុណ្ណោះ ដែលប្រើប្រាស់តាមកុំព្យូទ័រ ខណៈ៨០%ទៀតប្រើតាមទូរស័ព្ទដៃតែម្តង ៕
ចែករំលែកព័តមាននេះ