ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មៀន​ប៉ៃលិន​គ្រោង​ចាក់ចោល​៥​ម៉ឺន​តោន ​ព្រោះ​នាំ​ចេញ​មិន​បាន​នៅ​ឆ្នាំ​នេះ ​គិត​ជា​លុយ​ជិត​៥០​លាន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិបត្តិ​ទីផ្សារ​មៀន​ប៉ៃលិន​របស់​កសិករ​ដាំ​មៀននៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា ថៃ កាន់តែ​ធ្ងន់ធ្ងរ ព្រោះ​ដល់​រដូវ​ប្រមូល​ផល​ហើយ តែ​កសិករ​មិន​អាច​នាំ​ចេញ​ផ្លែ​មៀន​ទៅ​កាន់​ដៃគូ​នៅ​ក្នុង​ប្រទេស​ថៃ​បាន ដូច្នេះ​បើ​តាម​ការ​ប៉ាន់ស្មាន​ផ្លែ​មៀន​ប៉ៃលិន​ឆ្នាំ​នេះ​ប្រមាណ​៥​ម៉ឺន​តោន​នឹង​ត្រូវ​ចាក់ចោល ។

បើ​តាម​លោក សួន ជុំ សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សហគមន៍ មៀន ប៉ៃលិន បានឱ្យ​ដឹង​ថា ចាប់ពី​ខែសីហា​នេះ ផ្លែ​មៀន​ប៉ៃលិន​ចាប់ផ្ដើម​ប្រមូល​ផល​បណ្ដើរ​ៗ​ហើយ ប៉ុន្តែ​បែរ​កសិករ​មិន​អាច​នាំ​ចេញ​ទៅ​កាន់​រោងចក្រ ដែល​ជា​ដៃគូ​របស់​ខ្លួន​នៅ​ប្រទេស​ថៃ​បាន​ឡើយ ។

រាល់​ឆ្នាំ​ដល់​រដូវ​ប្រមូល​ផល កសិករ​យើង​បាន​ប្រមូល​ផ្លែ​មៀន ដើម្បី​នាំ​ចេញ​ទៅ​កាន់​ដៃគូ​ហើយ​មិន​មាន​មៀន​ច្រើន​ទេ ត្រូវ​ខូចខាត​នោះ តែ​សម្រាប់​ឆ្នាំ​នេះ មៀនបាន​ដាក់​ឡាន​រួច​ហើយ​ដឹក​ដល់​ព្រំដែន​ខាង​ភាគី​ថៃ​មិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ទឹកដី​របស់​គេ​ឡើយ ដោយ​មិនដឹង​ថា មក​ពី​បញ្ហា​អ្វី ។

លោក​បន្ត​ថា បើ​និយាយ​អំពី​បញ្ហា​កូ​វី​ដ​១៩ ក៏​មិនមែន​ពីព្រោះ​ទំនិញ​ថៃ​ចូល​មក​កម្ពុជា​រាល់ថ្ងៃ ហេតុ​អ្វី​ក៏​ទំនិញ​របស់​កម្ពុជា​ដែល​ដឹក​ទៅ​កាន់​រោងចក្រ​ជា​ដៃគូ​សោះ​មិន​បាន ។ បញ្ហា​នេះ​លោក​ថា ខាង​អាជ្ញាធរ​កម្ពុជា​បាន​អះអាង​នឹង​ចាត់​តំណាង​ទៅ​ជជែក​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​បើក​ច្រក​ឱ្យ​ទំនិញ​របស់​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​រោងចក្រ​របស់​ចិន​មួយ​នៅ​ក្នុង​ទឹកដី​ថៃ ។

លោក​ថា ៖«​តាម​ពិត​ទៅ​វិនិយោគិន​ចិន​បាន​មក​ដាក់​ទុន​វិនិយោគ​រោងចក្រ​កែ​ច្នៃ​ផ្លែ​មៀននៅ​ទឹកដី​កម្ពុជា​រួចរាល់​ហើយដោយ​ចំ​នាយទុន​៥​លាន​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​រោងចក្រ​នេះ​មិន​អាច​ដំណើរការ​បាន​ឡើយ ព្រោះ​បើ​ផលិតផល​បាន​ហើយ​ក៏​មិន​អាច​នាំ​ចេញ​ទៅ​ប្រទេស​ចិន​បាន​ដែរ ព្រោះតែ​របាំង​ភូតគាម​អនាម័យ ដូច្នេះ​ចិន​ក៏​នៅ​តែ​ដំណើរការ​រោងចក្រ​របស់​ខ្លួន​ក្នុង​ប្រទេស​ថៃ ព្រោះ​ប្រទេស​ថៃ អាច​មាន​សិទ្ធិ​នាំ​ចេញ​ផ្លែ​មៀន និង​មៀន​កែ​ច្នៃ​ទៅ​ប្រទេស​ថៃ​ផ្ទាល់​បាន » ។

លោក​បាន​ស្នើ​សុំ និង​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ព​ន្លឿ​ន​ការ​ចរចា​ភូតគាម​អនាម័យ​ចំពោះ​ផ្លែ​មៀន​ប៉ៃលិន​នេះ ជាមួយ​ភាគី​ចិន​ឱ្យ​បាន​ឆាប់​បំផុត ដើម្បី​បើក​ច្រក​ឱ្យ​រោងចក្រ​ចិន​ដ៏​ធំ​មួយ​អាច​ដំណើរការ​កែ​ច្នៃ​ផ្លែ​មៀន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ដោយ​ផ្ទាល់​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ប្រទេស​ទី​៣ ទៀត​ឡើយ ។ នៅ​ពេល​មាន​រោងចក្រ​កសិករ​កម្ពុជា​នឹង​មិន​ពិបាក​ក្នុង​ការ​ដឹក​ទៅ​កាន់​រោងចក្រ​ចិន​នៅ​លើ​ទឹកដី​ថៃ ដែល​នាំ​បញ្ហា​ពិបាក​ដូច​ជា​បច្ចុប្បន្ន ។

បើ​តាម​ផលិតករ​មៀន​ប៉ៃលិន រូប​នេះ​បញ្ជាក់​ថា គិត​ជា តម្លៃ​ប៉ាន់ស្មាន​ខូចខាត​ឆ្នាំ​នេះ​សម្រាប់​កសិករ​ទាំងអស់​ប្រមាណ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​គិត​ទៅ​តាម​តម្លៃ​ទីផ្សារ​មៀន​ពី​៣០០០​រៀល ទៅ​៤០០០​រៀល ក្នុង​មួយ​គីឡូក្រាម ។

លោក​បន្ថែម​ថា សម្រាប់​ទីផ្សារ​មៀន​ក្នុងស្រុក គឺ​មាន​តិច​បំផុត​ដែល​ផ្លែ​ឈើ​នេះ មាន​តម្រូវការ​តែ​សម្រាប់​ថ្ងៃសីល​តែ​ប៉ុណ្ណោះ ហើយ​ក្នុង​មួយ​សីល​ៗ​មាន​តម្រូវការ​ផ្លែ​មៀន​ប៉ៃលិន​តែ​ជាង​១០​តោន​ប៉ុណ្ណោះ ដូច្នេះ​ក្រៅពី​នោះ គឺ​ត្រូវ​នាំ​ចេញ ដើម្បី​កែ​ច្នៃ តែ​បើសិនជា​គេ​បិទ​ព្រំដែន​មិន​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ទៀត​គ្មាន​អ្វី​ក្រៅពី​ចាក់ចោល​ឡើយ ។

ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រីជាន់ខ្ពស់​ក៏​កំពុង​ចរចា​ពី​ភូតគាម​អនាម័យ​ជាមួយ​ភាគី​ចិន​រួច​ហើយ ដើម្បី​ជំរុញ​ការ​ឱ្យ​ការ​នាំ​ចេញ​ផ្លែ​ឈើ​មួយ​នេះ​ទៅ​កាន់​ប្រទេស​ចិន​បាន​ឆាប់ ខណៈ​ផ្លែ​ឈើ​មួយ​ចំនួន​ដូច​ជា​ផ្លែ​ចេកអំបូង​លឿង និង​ផ្លែស្វាយ​ស្រស់​បាន​ទៅ​កាន់​ទីផ្សារ​ចិន​រួច​ហើយ ៕