ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករម្ចាស់មៀនប៉ៃលិនកុំអស់សង្ឃឹម អ្នកជំនួញម្នាក់ប្រកាសជួយទិញក្នុងពេលមានបញ្ហាទីផ្សារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ឃើញ​ផ្លែ​មៀន​ប៉ៃលិន​នៅ​ស្រុក​ភ្នំព្រឹក កំពុង​មាន​បញ្ហា​ទីផ្សារ​លក់​មិន​ចេញ​ព្រោះតែ​បញ្ហា​កូ​វី​ដ​១៩ អ្នកជំនួញ​ក្នុងស្រុក​ម្នាក់​បាន​ប្រកាស​ជួយ​ទិញ​ផ្លែ​មៀន​ពី​កសិករ​ដើម្បី​ចែកចាយ​ជូន​ដៃគូ​ជំនួញ​ក្នុងស្រុក​ជា​ច្រើន​ទៀត​ដែល​មាន​តម្រូវការ ។ លោក ឌិន សុមេធា​រឹទ្ធ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​និង​ជា​អ្នក​វិនិយោគ​មួយ​រូប​នៅ​ក្នុង​ប្រទេស​ផង​ដែរ​នោះ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ឃើញ​ផ្លែ​មៀន​ប៉ៃលិន​នៅ​ស្រុក​ភ្នំព្រឹក កំពុង​មាន​បញ្ហា​ទីផ្សារ​លក់​មិន​ចេញ​ព្រោះតែ​បញ្ហា​កូ​វី​ដ​១៩ អ្នកជំនួញ​ក្នុងស្រុក​ម្នាក់​បាន​ប្រកាស​ជួយ​ទិញ​ផ្លែ​មៀន​ពី​កសិករ​ដើម្បី​ចែកចាយ​ជូន​ដៃគូ​ជំនួញ​ក្នុងស្រុក​ជា​ច្រើន​ទៀត​ដែល​មាន​តម្រូវការ ។

លោក ឌិន សុមេធា​រឹទ្ធ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​និង​ជា​អ្នក​វិនិយោគ​មួយ​រូប​នៅ​ក្នុង​ប្រទេស​ផង​ដែរ​នោះ បាន​ប្រកាស​ទិញ​មៀន​ពី​កសិករ​ចំនួន​១០​តោន ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​កសិករ​កម្ពុជា​ក្នុង​ការ​ផលិត​ផ្លែ​ឈើ ក្នុង​ខណៈ​ពួក​គាត់​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា ។

លោក​ថា​៖«​ការ​ប្រកាស​ទិញ​នេះ យើង​មិនមែន​ទិញ​ដើម្បី​លក់​បន្ត​យកចំណេញ​នោះ​ទេ តែ​ខ្ញុំ​ទិញ​ដើម្បី​យក​ទៅ​ឱ្យ​មិត្តភក្ដិ​ម្នាក់​១​តោន​ៗ ដើម្បី​ចែក​ជូន​ដល់​មិត្តភក្ដិ​បងប្អូន​ញាតិ​មិត្ត​របស់​ពួក​គេ ។ មួយទៀត​ដោយ​ខ្ញុំ​មាន​បុគ្គលិក​ជា​ច្រើន​និង​មិត្តភក្តិ​នៅ​ក្នុងភូមិ​ផ្កាត្រកួន​បាន​ស្នើ​សុំ​ទិញ​ម្នាក់​១០០​គីឡូ​២០០​គីឡូ​ដើម្បី​ទុក​ចែក​គ្នា​បរិភោគ​ក៏​សម្រេច​ថា​ជួយ​ទិញ​កសិករ​តែ​ម្ដង​ទៅ » ។

លោក​បន្ត​ថា តាម​ពិត​គម្រោង​ទិញ​តែ​១០​តោន​ទេ ប៉ុន្តែ​មក​ដល់​ពេល​នេះ មាន​អ្នកបញ្ជា​ទិញ​តាម​លោក​ចេះ​តែ​កើនឡើង រហូត​មក​ដល់​ពេល​នេះ​សរុប​ចំនួន​ទៅ​វា​មាន​ជាង​២០​តោន​ទៅ​ហើយ ដូច្នេះ​ហើយ​លោក​ក៏​បាន​ប្រាប់​ទៅ​តំណាង​កសិករ​នៅ​ស្រុក​ភ្នំព្រឹក​ជួយ​ប្រមូល​ទិញ​ពី​កសិករ​ដើម្បី​ជួយ​កសិករ​ក្នុង​គ្រា​មាន​វិបត្តិ​បែប​នេះ ។

លោក​បន្ថែម​ថា លោក​ក៏​កំពុង​តែ​ទាក់ទង​ទៅ​នឹង​គណៈកម្មការ​កូ​វី​ដ​ដើម្បី​ទិញ​ផ្លែ​ឈើ​មក​ចែកចាយ​ដល់​ម្ចាស់​សណ្ឋាគារ​ដែល​ក្រសួង​កំណត់​យក​ធ្វើ​ជា​ច​ត្តា​ឡី​ស័ក​ហើយ​លក់​ផ្លែ​ឈើ​នេះ​ជូន​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំង​ជនជាតិ​ខ្មែរ​និង​បរទេស ហើយ​វា​ក៏​ជា​ការ​ប្រូ​ម៉ូត​ផ្លែ​ឈើ​ខ្មែរ​យើង​ផង​ដែរ ។​ក្រៅពី​នោះ​ក៏​មាន​ម្ចាស់​ហាង​លក់​ផ្លែ​ឈើ​ជា​ច្រើន​ទៀត ដែល​ចង់​ជួយ​ផលិតផល​ខ្មែរ យក​ផ្លែ​មៀន​នេះ​មក​លក់​ក្នុង​ហាង​គាត់​ទៀត ដូច្នេះ​តម្រូវ​ផ្លែ​ឈើ​នេះ នឹង​មាន​ច្រើន​ជាង​នេះ​ទៅ​ទៀត ។

លោក​ថា​៖« ដើម្បី​ជួយ​ដល់​កសិករ​ខ្ញុំ​បាន​ទិញ​ក្នុង​តម្លៃ​មួយ​ខ្ពស់​ជាង​ទីផ្សារ​ទៅ​ទៀត ដូច្នេះ​កសិករ​នឹង​ទទួល​បាន​ចំណេញ​ច្រើន​ពី​ការ​ជួយ​របស់​យើង​ដើម្បី​ឱ្យ​ពួក​គាត់​បន្តការងារ​បន្ថែម​ទៀត​» ។

យោង​តាម​សេចក្តីរាយការណ៍​ពី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ផ្លែ​មៀន​ប៉ៃលិន​ចាប់ផ្ដើម​ប្រមូល​ផល​ហើយ ប៉ុន្តែ​ដោយសារ​តែ​កូ​វី​ដ​១៩ រីក​រា​ដាល​ជា​ពិសេស​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ ធ្វើ​ឱ្យ​ការ​នាំ​ចេញ​មាន​ភាព​ពិបាក​ហើយដោយ​សារ​តែ​របាំង​ភូតគាម​អនាម័យ ធ្វើ​ឱ្យ​ផ្លែ​ឈើ​របស់​កម្ពុ​ជាមួយ​នេះ មិន​អាច​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ដោយ​ផ្ទាល់​ទើប​ធ្វើ​ឱ្យ​ផ្លែ​ឈើ​នេះ​ជួប​បញ្ហា​ទីផ្សារ ។

ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក៏​បាន​បញ្ជាក់​ថា​បាន​ដាក់​សំណើរ​ដើម្បី​ចរចា​បើក​ទីផ្សារ​សម្រាប់​ផ្លែ មួយ​នេះ ទៅ​កាន់​ប្រទេស​ចិន​និង​ថៃ​រួច​ហើយ ដូច្នេះ​នៅ​ពេល​ចរចា​បាន​សម្រេច​រំពឹង​ថា ផ្លែ​ឈើ​នេះ នឹង​មាន​ទីផ្សារ​ធំ​ជាង​មុន​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ