យុទ្ធសាស្ត្រនៃការធ្វើអាជីវកម្មឱ្យទទួលបានជោគជ័យគឺមានច្រើន ប៉ុន្តែមានវិធីសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រទាំងនោះដែលអាជីវករមិនអាចមើលរំលងបាន គឺផ្នែកព័ត៌មាន ពីព្រោះទីផ្សារជាគន្លឹះដ៏សំខាន់នៃការធ្វើអាជីវកម្ម ជាពិសេស នៅក្នុងសម័យបច្ចេកវិទ្យា ជាការធ្វើទំនើបកម្ម និងការទទួលបានទិន្នន័យធ្វើឱ្យមានភាពងាយស្រួលឆាប់រហ័ស ។ អ្នកប្រកបអាជីវកម្មដែលឆ្លាតត្រូវតែដឹងពីប្រភពទិន្នន័យនៃទីផ្សារ ដើម្បីជាប្រយោជន៍ដល់អាជីវកម្មរបស់ខ្លួន ដែលយុទ្ធសាស្ត្រទាំងនោះរួមមាន ៖
* ផលប្រយោជន៍ និងសារសំខាន់ ៖
១-ព័ត៌មានទីផ្សារ គឺជារចនាសម្ព័ន្ធសំខាន់សម្រាប់ការកំណត់ផែនការ និងការសម្រេចចិត្តរបស់អ្នកគ្រប់គ្រងដើម្បីកំណត់ទីផ្សារឱ្យទាន់អ្នកជំនួញដែលមានអាជីវកម្មដូចគ្នា។
២-ប្រើទិន្នន័យក្នុងការអភិវឌ្ឍផលិតផល ឬអាជីវកម្មរបស់ខ្លួន ។
៣-ប្រើទិន្នន័យដើម្បីចូលឱ្យដល់ក្រុមអតិថិជនគោលដៅបានដោយងាយ និងឆាប់រហ័ស ។
៤-សម្រាប់ដឹងពីតម្រូវការរបស់អតិថិជន ឬដឹងពីការពេញនិយមរបស់ពួកគេ ដែលត្រូវកំណត់ផែនការក្នុងទីផ្សារដល់អាជីវកម្មរបស់ខ្លួន ។
៥-អាចដឹងពីបម្លាស់ប្តូរ និងទិសដៅតម្រូវការនៃទីផ្សារ ។
៦-ដើម្បីឱ្យដឹងពីចំណូលចិត្តរបស់អតិថិជនទៅលើផលិតផល និងក្រុមហ៊ុន ។
* ប្រភពទិន្នន័យព័ត៌មាន ៖
ព័ត៌មានទីផ្សារ ពាណិជ្ជករអាចបញ្ចូលគ្នាបានទាំងផ្នែកក្នុង និងខាងក្រៅ ជាពិសេស ទិន្នន័យពីខាងក្រៅត្រូវមានលទ្ធផលពីការអង្កេតផ្នែកទីផ្សារនៃអាជីវកម្មផ្សេងៗឱ្យបានច្រើន ដែលមានលក្ខណៈលម្អិតដូចតទៅនេះ ៖
១-ប្រភពព័ត៌មានពីខាងក្រៅ ៖ ជាព័ត៌មានពីផ្នែកខាងក្រៅ និងលទ្ធផលនៃការស្រាវជ្រាវរបស់អ្នកឯកទេស ។ ការទស្សន៍ទាយទិសដៅសេដ្ឋកិច្ចរបស់ស្ថាប័នហិរញ្ញវត្ថុ និងធនាគារក្នុងប្រទេស របាយការណ៍របស់រដ្ឋ និងឯកជន ឬរបាយការណ៍របស់សមាគមពាណិជ្ជកម្ម និងហិរញ្ញវត្ថុ រួមទាំងការវិភាគ និងព័ត៌មានពីទីផ្សារ ជាដើម ។
២-ប្រភពព័ត៌មានផ្ទៃក្នុង ៖ ព័ត៌មានផ្ទៃក្នុង គឺព័ត៌មានពីការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន ដូចជា របាយការណ៍ពីស្ថានភាពហិរញ្ញវត្ថុ បរិមាណនៃការផលិត ទំនិញដែលលក់ចេញ និងស្តុក បរិមាណនៃការលក់លើទីផ្សារ ព្រមទាំងប្រតិកម្មរបស់អតិថិជនទាក់ទងនឹងទំនិញផងដែរ ។
ប្រភពព័ត៌មានទាំងនេះ ធ្វើឱ្យពាណិជ្ជករអាចមើលឃើញកាន់តែច្បាស់ថា ព័ត៌មានទីផ្សារ គឺជាគន្លឹះដ៏សំខាន់នៅក្នុងការធ្វើអាជីវកម្ម ព្រោះអាចដឹងពីការផ្លាស់ប្តូរ និងតម្រូវការទីផ្សារ រហូតអាចដឹងពីការផ្លាស់ប្តូរអាជីវកម្មរបស់គូប្រជែង ដែលមានផលប៉ះពាល់ដល់ភាពជោគជ័យក្នុងការធ្វើអាជីវកម្មរបស់យើងផងដែរ ។
ទន្ទឹមនឹងនេះ លោកអ្នកក៏ត្រូវស្វែងយល់ពីគោលការណ៍នៃ4Pផងដែរ ថាតើ4Pជាអ្វី ?
គោលការណ៍នៃទីផ្សារ 4P ឬហៅថា ធាតុផ្សំនៃទីផ្សារ ដែលមានការនិយមប្រើជាឧបករណ៍មួយ ឬជាយុទ្ធសាស្ត្រនៅក្នុងការរៀបចំផែនការទីផ្សារមានចំនួន៤
ប្រភេទ ។ គោលការណ៍ចម្បងក្នុងការប្រើ គឺការដាក់ផែនការតាមផ្នែកនីមួយៗឱ្យបានរលូនល្អ និងសមស្រប ដូចជា ៖
១-ផលិតផល (Product) ៖ នៅក្នុងការធ្វើអាជីវកម្ម ត្រូវមានការកំណត់រចនាសម្ព័ន្ធសំខាន់ គឺទំនិញ ឬសេវាកម្ម ដែលចាត់ទុកជាផលិតផលដែលធ្វើឱ្យកើតប្រាក់ចំណូល ឬផលតបស្នងដល់អាជីវកម្ម ។ គោលការណ៍នៃការដាក់ផែនការ ត្រូវមានកត្តាផ្សេងៗដូចជា តម្រូវការរបស់អតិថិជន គុណភាពទំនិញ ទម្រង់ផលិតផលដែលទាន់សម័យ និងអាចប្រៀបធៀបជាមួយគូប្រកួតប្រជែងបាន ឬអត់ ?
២-តម្លៃ (Price) ៖ ការកំណត់តម្លៃលក់ចាត់ទុកថា ជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្រៅពីអាចទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនបានហើយ ការកំណត់ថ្លៃលក់ ក៏ជាយុទ្ធសាស្ត្រមួយទៀតដែលអាចទប់ទល់ជាមួយគូប្រជែងក្នុងប្រភេទអាជីវកម្មដូចគ្នាបាន ដូចជា ការលក់បញ្ចុះតម្លៃ កំណត់ថ្លៃតាមទំហំ និងបរិមាណទំនិញ ។
៣-ទីកន្លែងចែកចាយ (Place) ៖ ជាការនាំយកទំនិញឱ្យបានដល់ដៃអតិថិជន ដោយប្រកាន់ភ្ជាប់លើការមានប្រសិទ្ធភាព ត្រឹមត្រូវ សន្តិសុខ និងឆាប់រហ័ស ។ វិធីសាស្ត្រលក់ ឬការចែកចាយទំនិញដែលទទួលបានផលចំណេញច្រើនបំផុតនោះ គឺត្រូវចែកចាយទំនិញឱ្យបានត្រឹមត្រូវតាមទិសដៅ ។
៤-ការទ្រទ្រង់ផ្នែកទីផ្សារ (Promotion) ៖ គោលដៅសំខាន់នៃការផ្តល់ជូនក្នុងទីផ្សារ គឺធ្វើយ៉ាងណា អាចលក់ទំនិញ ឬសេវារបស់ខ្លួនឱ្យបានច្រើន ។ ការទ្រទ្រង់ផ្នែកលក់ គឺមានសារសំខាន់ និងមានច្រើនវិធីសាស្ត្រដូចជា ការឃោសនាតាមរូបភាពផ្សេងៗ ការធ្វើសកម្មភាពចែកចាយទំនិញ សេវាកម្ម ឬឱ្យបុគ្គលិកដើរលក់ ជាដើម ។
យើងបានដឹងហើយថា 4P គឺជាអ្វី ? នៅក្នុងការធ្វើពាណិជ្ជកម្ម ការប្រកួតប្រជែង គឺជាកត្តាសំខាន់ដែលអ្នកធ្វើអាជីវកម្មត្រូវតែសិក្សាស្វែងយល់ពីមូលដ្ឋានគ្រឹះនៃទីផ្សារ ព្រោះយុទ្ធសាស្ត្រ ក្នុងទីផ្សារមានច្រើនជាងការឃោសនា ឬការទំនាក់ទំនង ។
អ្នកទីផ្សារដែលពូកែ ត្រូវតែមានឧបករណ៍ ឬបច្ចេកទេសសម្រាប់ទប់ទល់ជាមួយគូប្រជែង ដើម្បីទទួលបានអតិថិជន ឬការលក់ផលិតផល។ យើងសង្កេតឃើញថា មានសីលវិធីតែមួយគត់ដែលអ្នកទីផ្សារបង្កើតឡើង រហូតបានទទួលស្គាល់យ៉ាងទូលំទូលាយនោះ គឺគោលការណ៍ទីផ្សារ 4P ៕
ចែករំលែកព័តមាននេះ