រាជធានីភ្នំពេញ៖ មូលនិធិអឹមវីអិល (MVL Foundation) សម្រេចផ្តល់ជំនួយ ៥ លានដុល្លារអាមេរិក ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំ ពិសេសផ្តោតលើការបង្កើតសាលា និងកម្មវិធីបែបឌីជីថលនៅកម្ពុជា សម្រាប់ឱ្យកុមារមានភាពងាយស្រួលក្នុងការ សិក្សាពីចម្ងាយ បានរហ័សនិងមានប្រសិទ្ធិភាពជាងមុន។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជឿជាក់ថាជំនួយនេះអាចប្រែក្លាយវិបត្តិកូវីដ ១៩ នាពេលនេះ ទៅជាឱកាសថ្មីមួយ។ ឱកាសថ្មីដែលជំនួយអាចបង្កើតនូវកម្មវិធីសិក្សា តាមប្រព័ន្ធឌីជីថល ដោយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្របន្ថែម ដើម្បីឱ្យសិស្សគ្រប់រូបអាចទទួលបានការសិក្សានេះ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជាទូទៅសិស្សដែលរៀនតាមអនឡាញ តែងតែមានកង្វះខាតជំនាញ ក្នុងការសិក្សាដោយឯករាជ្យ ដូច្នេះត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ ក្នុងការពង្រឹង និងបំពាក់បំប៉នពួកគេឱ្យមានឯករាជ្យភាពក្នុងការសិក្សា។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រហូតមកទល់ពេលនេះមានតែសិស្សានុសិស្ស ប្រមាណ ៥០ ទៅ ៦០ភាគរយប៉ុណ្ណោះ ដែលអាចប្រើប្រាស់កម្មវិធីសិក្សា តាមប្រព័ន្ធឌីជីថលបាន។ នេះជាការបញ្ជាក់របស់លោករដ្ឋមន្ត្រី។
ថ្លែងក្នុងឱកាសចុះអនុស្សរណៈយោគយល់ ស្តីពីការទទួលជំនួយ ៥ លានដុល្លារ នាព្រឹកថ្ងៃទី២១ ខែសីហានេះ លោក ហង់ ជួន ណារ៉ុន លើកឡើងដូច្នេះថា៖ «យើងពិតជារីករាយ ចំពោះគំនិតផ្តួចផ្តើមរបស់ MVL ដែលមានបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធបន្ថែម ផ្តល់ការបណ្តុះបណ្តាល និងបង្កើតមាតិកាក៏ដូចជាកម្មវិធីសិក្សាតាមបែបឌីជីថល ដើម្បីឱ្យវិស័យអប់រំរបស់កុមារ អាចបន្តទៅមុខបានល្អក្នុងអំទ្បុង ពេលវិបត្តិកូវីដ១៩ និងក្រោយពេលនេះក្តី»។

លោក Kay Woo នាយកប្រតិបត្តិក្រុមហ៊ុន MVL ដែលបង្កើតមូនិធិ (MVL Foundation) ថាការដាក់ទុនវិនិយោគនៅកម្ពុជា គឺមិនមែនតែដើម្បីរកស៊ីប៉ុណ្ណោះទេ។ តាំងពីចាប់ផ្តើមមកក្រុមហ៊ុនរបស់លោកបានប្តេជ្ញាក្នុងការគាំទ្រ ដល់ជីវភាពរស់នៅ ប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ផលប៉ះពាល់នៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន ធ្វើឱ្យឃើញកាន់តែខ្លាំង និងបន្ទាន់នូវតម្រូវការ ក្នុងការចូលរួម អភិវឌ្ឍកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ តាមរយៈការបង្កើតកម្មវិធីសិក្សាបែបឌីជីថលឱ្យបានត្រឹមត្រូវ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែល្អ។ «យើងជឿជាក់ថាយើងមិនត្រឹមតែអាចជួយកាត់បន្ថយ ការលំបាកដែលប្រព័ន្ធអប់រំកំពុង ជួបប្រទះ នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ តែក៏អាចបង្កើតមូលដ្ឋានគ្រឹះឱ្យកាន់តែរឹងមាំ ដល់ការអប់រំរបស់កុមារនៅកម្ពុជា នាពេលអនាគត»។
គួរកត់សម្គាល់ថាជំនួយនាពេលនេះ គាំទ្រដល់ការអប់រំថ្នាក់មូលដ្ឋាន តាមរយៈការកសាងសាលាបឋមសិក្សា ក៏ដូចជាការលើកស្ទួយប្រព័ន្ធអប់រំ តាមបែបឌីជីថល សម្រាប់ឱ្យកុមារមានភាពងាយស្រួលក្នុងការ សិក្សាពីចម្ងាយ បានរហ័សជាងមុន ព្រមទាំងមានប្រសិទ្ធិភាព ជាពិសេសអំទ្បុងពេលរីករាលដាលនៃជំងឺកូវីដ១៩៕
ចែករំលែកព័តមាននេះ