ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រដ្ឋបាល​ក្រុង​ព្រៃវែង រៀបចំ​កន្លែង​ឲ្យ​អាជីវករ បាន​លក់ដូរ​ឡើងវិញ បន្ទាប់ពី​បិទ​ខ្ទប់​មួយរយៈ​

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង​៖ បងប្អូន​អាជីវករ​នៃ​ផ្សារ​ក្រុង​ព្រៃវែង បាន​សម្តែង​ការសប្បាយ​ចិត្ត​រីករាយ​ជាខ្លាំង ខណៈ​អាជ្ញាធរ​ក្រុង​ព្រៃវែង បាន​ចុះ​រៀបចំ​អោយ​ពួកគាត់ មាន​កន្លែង​លក់ដូរ សម្រាប់​ចិញ្ចឹមជីវិត​ឡើងវិញ ចាប់ពី​ថ្ងៃទី​៧ ខែសីហា​តទៅ​។ ផ្សារ​ក្រុង​ព្រៃវែង…

ខេត្តព្រៃវែង​៖ បងប្អូន​អាជីវករ​នៃ​ផ្សារ​ក្រុង​ព្រៃវែង បាន​សម្តែង​ការសប្បាយ​ចិត្ត​រីករាយ​ជាខ្លាំង ខណៈ​អាជ្ញាធរ​ក្រុង​ព្រៃវែង បាន​ចុះ​រៀបចំ​អោយ​ពួកគាត់ មាន​កន្លែង​លក់ដូរ សម្រាប់​ចិញ្ចឹមជីវិត​ឡើងវិញ ចាប់ពី​ថ្ងៃទី​៧ ខែសីហា​តទៅ​។ ផ្សារ​ក្រុង​ព្រៃវែង មាន​ទីតាំង​ស្ថិតនៅ​ភូមិ​៣ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង ត្រូវបាន​រដ្ឋបាលខេត្ត​ព្រៃវែង បិទ​ផ្អាក​ការលក់ដូរ​របស់​បង​ប្អូន​អាជីវករ​ជា​បណ្តោះអាសន្ន​មួយរយៈ​កន្លងមក ​បន្ទាប់ពី​រកឃើញ​អាជីវករ​មាន​​វិជ្ជមាន​កូ​វីដ​-១៩ និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត បាន​ឆ្លង​កូ​វីដ​-១៩ ជា​បន្តបន្ទាប់​។​

​ឥឡូវ​ដោយសារ​តំបន់​នេះ មាន​ស្ថានភាព​ធូរស្រាល ពុំមាន​ការបង្ក​ហានិភ័យ​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​អាជីវករ ក្នុងការ​ប្រកបមុខរប​រ​ចិញ្ចឹមជីវិត និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃនោះ ទើប​អាជ្ញាធរ​ក្រុង ចុះ​រៀបចំ​អោយ​ពួកគាត់ អង្គុយ​លក់ដូរ​វិញ​។

​ចំពោះ​ការបើក​ដាក់អោយ​ដំណើរការ​លក់ដូរ​ឡើងវិញ​របស់​បងប្អូន​អាជីវករ នៅក្នុង​ផ្សារ​ក្រុង​ព្រៃវែង​នេះ រដ្ឋបាល​ក្រុង ក៏បាន​រៀបចំ​ជា​កន្លែង​លក់ដូរ ដែលមាន​ស្តង់ដារ តាមបែប​វិធាន​សុខាភិបាល ដើម្បី​ចូលរួម​បង្កា​ទប់ស្កាត់​ការ​រាលដាល​ឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។

​ក្នុងនោះដែរ បងប្អូន​អាជីវករ​ដែល​គាត់​មក​លក់ដូរ​នោះ គាត់​សម្តែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ ដែល​រដ្ឋបាល​ក្រុង​បានរៀបចំ​ទីតាំង​ថ្មី សម្រាប់​អោយ​ពួកគាត់​លក់ដូរ​ប្រកបដោយ​វិធាន​សុខាភិបាល​ល្អ ដោយមាន​ទីធ្លា​ស្រឡះ​ទូលាយ​ល្អ មាន​គម្លាត​សុវត្ថិ​ភាពល្អ ដែលជា​ផ្នែក​មួយ ក្នុងការ​ចូលរួមចំណែក កុំអោយ​មានការ​បន្ត​ឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ដោយឡែក បងប្អូន ដែល​គាត់​មក​ទិញ បន្លែ​អាហារ​ហូបចុក នៅក្នុង​ផ្សារ ដែល​រដ្ឋបាល​ក្រុង​រៀបចំ​ថ្មី​នេះ ក៏បាន​សម្ដែង​នូវ​ទឹក​ចិត្ត​រីករាយ​ស្រដៀង និង​បងប្អូន​អាជីវករ​លក់ដូរ​នោះដែរ​។ ប្រជាពលរដ្ឋ បាន​លើកឡើងថា ការរៀបចំ​នេះ​ពិតជា​ល្អ​ណាស់ ដោយមាន​គម្លាត​សុវត្ថិ​ភាពល្អ ដែលជា​ផ្នែក​មួយ​ងាយស្រួល​ក្នុង​ការទិញ នៅ​ទំនិញ​ផ្សេងៗ គឺ​សភាព​ស្រឡះ​ល្អ​ដោយ​មិនមាន​មនុស្ស កកកុញ​ច្រើន ដែលជា​ផ្នែក​មួយ​ក្នុងការ​កាត់បន្ថយ​នៃ​ការចម្លង​នៃ​មេរោគ​កូ​វីដ​-១៩ នេះ​ផងដែរ​។

​ទោះបីជា​រដ្ឋបាល​ក្រុង​ព្រៃវែង បាន​បើក​អោយ​ដំណើរការ​លក់ដូរ​ឡើងវិញ​ក៏ពិតមែន តែ​រដ្ឋបាល​ក្រុង នៅតែ​បន្ត​ចុះ​ណែនាំ​ដល់​បងប្អូន​អាជីវករ​ទាំងអស់ ត្រូវអនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ និង​វិធានការ​នានា ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋា​ភិបាល និង​ក្រសួងសុខាភិបាល សំដៅ​កាត់ផ្តាច់​នូវ​ខ្សែចម្លង​នៃ ជំងឺ​កូ​វីដ​-១៩ ពិសេស​អនុវត្ត​នូវ​វិធានការ “៣​ការពារ ៣​កុំ និង ២​ចូលរួម​”​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២១ ខេត្តព្រៃវែង បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ចំនួន ៥២​នាក់ ស្រី ២៥​នាក់​។ គិត​ត្រឹម​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២១ ខេត្តព្រៃវែង មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប ៤៩១២​នាក់ បាន​ព្យាបាល ជាសះស្បើយ ៣៦២៨​នាក់ កំពុង​សំរាក​ព្យាបាល ១១៧៩​នាក់ និង​ស្លាប់ ៨៥​នាក់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ