ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ​១០ ​សូម​នាំ​ចូល​វ៉ាក់សាំង ​ចាក់​ឱ្យពលរដ្ឋ​មាន​លទ្ធភាព

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ មាន​ក្រុមហ៊ុន​យ៉ាងតិច​ចំនួន ១០ បាន​ដាក់​ពាក្យ​ស្នើ​សុំ​នាំ​ចូល វ៉ាក់សាំង​មក​កម្ពុជា សម្រាប់​ចាក់​ឱ្យ​ពលរដ្ឋ​ដែល​មាន​លទ្ធភាព បន្ថែម​ពីលើ​វ៉ាក់សាំង​ដែល​រដ្ឋាភិបាល កំពុង​ផ្តល់​ជូន​ពលរដ្ឋ​ជា​ទូទៅ​ដោយ​មិន​គិតថ្លៃ​នោះ​។ លោក​ឧកញ៉ា លឹ​ម…

រាជធានី​ភ្នំពេញ​៖ មាន​ក្រុមហ៊ុន​យ៉ាងតិច​ចំនួន ១០ បាន​ដាក់​ពាក្យ​ស្នើ​សុំ​នាំ​ចូល វ៉ាក់សាំង​មក​កម្ពុជា សម្រាប់​ចាក់​ឱ្យ​ពលរដ្ឋ​ដែល​មាន​លទ្ធភាព បន្ថែម​ពីលើ​វ៉ាក់សាំង​ដែល​រដ្ឋាភិបាល កំពុង​ផ្តល់​ជូន​ពលរដ្ឋ​ជា​ទូទៅ​ដោយ​មិន​គិតថ្លៃ​នោះ​។

លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម កម្ពុជា​បានឱ្យ​ដឹង​ថា នៅ​ពេល​លោក​បាន​ប្រជុំ​ជាមួយ​ក្រសួងសុខាភិបាល កាល​ថ្មី​ៗ​កន្លង​ទៅ​នេះ មាន​ក្រុមហ៊ុន​ចុះបញ្ជី​ស្នើ​សុំ​នាំ​ចូល វ៉ាក់សាំង​កូ​វី​ដ​១៩ មាន​ជិត ១០ ក្រុមហ៊ុន​ហើយ​។ លោក​អះអាង​ថា គ្មាន​បញ្ហា​ប្រឈម​ក្នុង ការ​នាំ​ចូល​ឬ​ទិញ​វ៉ាក់សាំង​នេះ​ទេ​។

យោង​តាម​ការ​បញ្ជាក់​របស់​លោក​ឧកញ៉ា លឹ​ម ហេង បាន​បន្ត​ថា​៖ «​ខាង​ក្រុមហ៊ុន​បាន​ស្នើ​សុំ​ឱ្យ ខាង​រដ្ឋាភិបាល​ចេញ​មុខជា​អ្នកបញ្ជា​ទិញ តែ​ការ​ទូទាត់​ខាង​វិស័យ​ឯកជន​ជា​ទូទាត់​ប្រាក់ ដើម្បី​បាន​វ៉ាក់សាំង​ផ្សេង​ៗ ដែល​មានការ​ទទួលស្គាល់ ពី​អង្គការ​សុខភាព​ពិភពលោក ឬ​មានការ​អនុញ្ញាត ពី​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​ប្រើប្រាស់​»​។

ប្រភព​ដដែល​អះអាង​ថា​វ៉ាក់សាំង ដែល​ក្រុមហ៊ុន​នាំ​ចូល​មិនមែន ជា​ប្រភេទ​វ៉ាក់សាំង ដែល​រដ្ឋាភិបាល​បាន​កំពុង​ចាក់​ជូន​ពលរដ្ឋ​នោះ​ឡើយ​។ បើ​តាម​អនុប្រធាន​សភាពាណិជ្ជកម្ម ការ​នាំ​ចូល​វ៉ាក់សាំង​របស់​វិស័យ​ឯកជន មិន​ប៉ះពាល់​ដល់​ផែនការ​ចាក់​វ៉ាក់សាំង ដោយ​ឥត​ថ្លៃ​របស់​រដ្ឋាភិបាល ដល់​ពលរដ្ឋ​នោះ​ឡើយ​។ ហើយ​ការ​ផ្តល់​វ៉ាក់សាំង​ដោយ​ឥត​គិតថ្លៃ របស់​រដ្ឋាភិបាល​ក៏​មិន​ប៉ះពាល់​ដល់​ការ​នាំ​ចូល វ៉ាក់សាំង​ខាង​វិស័យ​ឯកជន​ដែរ​។

លោក​ឧកញ៉ា លឹ​ម ហេង បាន​បញ្ជាក់​ថា​៖ «​វ៉ាក់សាំង​ដែល​វិស័យ​ឯកជន​នាំ​ចូល គឺ​សម្រាប់​ពលរដ្ឋ​ដែល​មាន​លទ្ធភាព​»​។

សូម​ជម្រាប​ថា​រដ្ឋាភិបាល មាន​ផែនការ​ផ្តល់​វ៉ាក់សាំង ជូន​ពលរដ្ឋ​អាយុ​ចាប់ពី ១៨ ឆ្នាំ ឡើង​ទៅ​ឱ្យ​បាន​ចំនួន ១០ លាន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ទាំងអស់ និង​ផ្តល់​ជូន​កុមារ​និង​យុវវ័យ​អាយុ​ពី ១២ ដល់ ១៧ ឆ្នាំ​ប្រមាណ​ជាង ២ លាន​នាក់​ទៀត​។ ផែនការ​ចាក់​វ៉ាក់សាំង​របស់​រដ្ឋាភិបាល អាច​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​។ រដ្ឋាភិបាល​បាន​ប្រើប្រាស់​វ៉ាក់សាំង ផលិត​នៅ​ប្រទេស​ចិន​ជា​យុទ្ធសាស្ត្រ​មាន​ដូច​ជា ស៊ី​ណូ​ហ្វា​ម (Sinopharm) និង​ស៊ី​ណូ​វ៉ា​ក់ (Sinovac)​។ ក្រៅពី​ជំនួយ​និង​បញ្ជា​ទិញ​ពី​ប្រទេស​ចិន កម្ពុជា​បាន​ទទួល​ជំនួយ​វ៉ាក់សាំង ពី​ប្រទេស​ជា​មិត្ត​មាន​ដូច​ជា ជប៉ុន អា​មេ​រិ​ក អូស្ត្រាលី និង​អង្គការ​សុខភាព​ពិភពលោក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ