ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងរ៉ែ និងថាមពល បានជជែកជាមួយក្រុមហ៊ុនរុស្សីហើយរឿងប្រេងកាតក្រោយ Kris Energy ក្ស័យធន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រួសួងរ៉ែ និងថាមពលប្រទេសកម្ពុជា បានប្រជុំជាមួយក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ី កាលពីសប្តាហ៍មុន ជាកិច្ចប្រជុំលើកទី ១ ដែលគេហៅជាភាសាអអ់គ្លេសថា (1st…

រាជធានីភ្នំពេញ ៖ ក្រួសួងរ៉ែ និងថាមពលប្រទេសកម្ពុជា បានប្រជុំជាមួយក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ី កាលពីសប្តាហ៍មុន ជាកិច្ចប្រជុំលើកទី ១ ដែលគេហៅជាភាសាអអ់គ្លេសថា (1st Online Business Mission of Russian Companies to the Kingdom of Cambodia) ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី ។ កិច្ចប្រជុំដែលធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ បានផ្តោតលើប្រធានបទសំខាន់លើការស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យព័ត៌មានវិទ្យា និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត និងបច្ចេកវិទ្យាឌីជីថល វិស័យឧស្សាហកម្ម និងវិស័យថាមពល ។ 

លោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលដែលដឹកនាំភាគីកម្ពុជាក្នុងកិច្ចប្រជុំនោះបាន គូសបញ្ជាក់អំពីសាវតា និងសមិទិ្ធផលរបស់ក្រុមហ៊ុនរុស្ស៉ី ដែលធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវភូគព្ភសាស្ត្រ និងគូសផែនទីប្រេងកាតនៅអាងសមុទ្រកម្ពុជាទាំងដែនគោក និងដែនសមុទ្រកម្ពុជា ព្រមទាំងផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគ ។ លោកជំរុញឱ្យក្រុមហ៊ុនរុស្ស៊ីមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ទាំងគម្រោងថាមពលអគ្គិសនី និងគម្រោងអភិវឌ្ឍន៍ប្រេងកាត ។  

កម្ពុជាបានប្រកាសជាផ្លូវការពីការបរាជ័យរបស់ក្រុមហ៊ុន Kris Energy ក្នុងអាជីវកម្មបូបប្រេងកាតដំបូងរបស់ខ្លួននៅក្នុងខែសីហានេះ ។ ក្នុងពេលអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សំាងកូវីដ ១៩ ដល់កុមារ និងយុវវ័យដែលមានអាយុពី ១២ ដល់ ១៧ ឆ្នាំនៅព្រឹកថ្ងៃទី ១ សីហាមកនេះ សម្តេច តេជោ ហ៊ុន សែន បានប្រកាសជាសាធារណថា ពីតំណក់ប្រេងដំបូងប្រហែលជាបរាជ័យហើយ ។ សម្តេចបានបញ្ចាក់ថា “ក្រុមហ៊ុនគ្រោងក្នុងមួយថ្ងៃអាចបូមបាន ៥.៧០០ បារ៉ែល តែទីចុងបំផុតបានតែ ១.០០០ បារ៉ែល ហើយឥឡូវក្រុមហ៊ុនហ្មឹងបានក្ស័យធន់” ។ 

តាមសម្តេចនាយករដ្ឋមន្រ្តីក្រុមហ៊ុន Kris Energy មិនត្រឹមតែក្ស័យធននោះទេ បានលូចប្រេងឆៅកម្ពុជាដែលបូមបានដឹកចេញទៅប្រទេសថៃទៀតផង ។  «មួយកប៉ាល់ដែលយើងបូមប្រេងដាក់ វាបានលួចបើករត់ចេញទៅបាត់ទៅ យើងទប់វាមិនទាន់វាចូលទៅដល់ដីថៃរួចហើយវាមានមេធាវីរបស់គេ ជួលមេធាវីមកទុក ។ ឥឡូវនេះវាយកទំាងប្រេងនោះទៅបាត់អស់» ។ 

ប្រេងកាតជាធនធានសំខាន់មួយរបស់កម្ពុជាដែលពលរដ្ឋសង្ឃឹមថា អាចយកមកអភិវឌ្ឍន៍ប្រទេសជាតិ ។ ប្រធានបទធនធានក្រោមដីនេះ ត្រូវបានលើកយកមកជជែកមិនតិចជាង ១០ ឆ្នាំមុនមកម្លេះ ដោយក្រុមយុវជន សង្គមស៊ីវិល តែងតែផ្តល់អនុសាសន៍ សូមណូមពរដល់រដ្ឋាភិបាលធ្វើយ៉ាងណាកុំឲ្យមានករណី ”បណ្តាសារប្រេង”កើតមាន ដូចប្រទេសមួយចំនួន ។ នៅពេលប្រកាសពីបរាជ័យជាមួយក្រុមហ៊ុន Kris Energy នៅប្លុក អេ សម្តេចនាយកមន្រ្តីថា កម្ពុជានៅមានប្រភេពប្រេងប្លុកផ្សេងក្នុងបាតសមុទ្រ ។ ចំណែកការប្រជុំពិភាក្សាជាមួយក្រុមហ៊ុនរុស្ស៊ី របស់ក្រសួងរ៉ែ និងថាមពល ក្រសួងនៅមិនទាន់ផ្តល់ព័ត៌មានលម្អិតដល់សាធារណជននៅឡើយទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ