ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ ជាគោលដៅក្នុងការផ្តល់ប្រាក់កម្ចីពេលវិបត្តិកូវីដ ១៩ នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ ១៩ វិស័យកសិកម្មបាន ក្លាយជាគោលដៅនៃការផ្តល់ប្រាក់កម្ចីរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្រាប់លើកកម្ពស់ការដាំដុះ ការច្នៃកសិផល ក៏ដូចជាការពង្រឹងសហគ្រាសធនតូច និងមធ្យមសម្រាប់ការទ្រទ្រង់សរសរស្តម្ភ…

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ ១៩ វិស័យកសិកម្មបាន ក្លាយជាគោលដៅនៃការផ្តល់ប្រាក់កម្ចីរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្រាប់លើកកម្ពស់ការដាំដុះ ការច្នៃកសិផល ក៏ដូចជាការពង្រឹងសហគ្រាសធនតូច និងមធ្យមសម្រាប់ការទ្រទ្រង់សរសរស្តម្ភ សេដ្ឋកិច្ចជាតិ ។ 

ប្រធាននាយកដ្ឋានទំនាក់ទំនង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាលោក កំាង តុងងី បានឲ្យដឹងថា នៅក្នុងវិស័យកសិកម្មនេះ ឥណទានមានប្រហែលជិត ២០% ឬស្មើប្រមាណជាង ១.០០០ លានដុល្លារអាមេរិកនៃការផ្តល់ឥណទានសរុប ៧.០០០ លានដុល្លារអាមេរិកក្នុងវិស័យទំាងមូល ។ លោកថា កសិកម្ម គឺជាអតិថិជនសំខាន់សម្រាប់គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ។ លោកថា «តម្រូវការឥណទានទំហំប៉ុនណា មិនបានកំណត់នោះទេ ឱ្យតែមានតម្រូវការពីប្រជាកសិករ ឬអ្នកពាក់ព័ន្ធនៅក្នុងវិស័យកសិកម្មនេះ នឹងផ្តល់ជូនឱ្យពួកគាត់បំពេញលក្ខខណ្ឌទៅតាមដែលគ្រឹះស្ថាននីមួយចង់បាន» ។

លោក កំាង តុងងី គូសបញ្ជាក់ដូច្នេះថា «ស្ថិតក្នុងបរិបទកូវីដ ១៩ នេះ បានបង្រៀនយើងថា វិស័យកសិកម្មនេះ គឺមានសារសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចជាតិ និងទប់ទល់និងវិបត្តិផ្សេងៗ ។ ដូចនេះក្នុងនាមជាវិស័យមីក្រូហិរញ្ញវត្ថុគឺយើងផ្តល់អាទិភាពខ្លាំងទៅដល់វិស័យកសិកម្ម ហើយថ្មីៗយើងក៏កំពុងធ្វើការជាមួយនិងសម្ព័ន្ធកសិកម្មមួយចំនួនធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហានៃការទទួលបានហិរញ្ញវត្ថុរបស់ប្រជាកសិករ» ។

ជាការកត់សម្គាល់វិស័យមីក្រូហិរញ្ញវត្ថុថា ឥណទានដែលខូច ឬមានហានិភ័យមានកម្រិតជាង ១% ប៉ុន្តែក្នុងកំឡុងកូវី ដ១៩ នេះ ពិសេសនៅក្នុងឆ្នំា ២០២០ កន្លងមកនេះ  អត្រាឥណទានដែលប្រឈមនឹងហានិភ័យវាបានឡើងរហូតដល់ ២% ។ ទោះយ៉ាងណាចូលមកដល់ ៦ ខែដើមឆ្នំា ២០២១ នេះ ស្ថានភាពនៃឥណទានប្រឈម និងហានិភ័យវាបានថយចុះមកបន្តិចខ្លះវិញ ។

លោក កំាង តុងងី បានបន្តថា អត្រាឥណទានប្រឈមហានិភ័យក្នុងរង្វង់ ២% នេះ យើងប្រៀបធៀបទៅនិងប្រទេសនៅក្នុងតំបន់ ឬនៅលើពិភពលោក គឺជាអត្រាមួយទាប ព្រោះប្រទេសផ្សេងៗនៅលើពិភពលោកស្ថិតក្នុងវិបត្តិកូវីដ ១៩ នេះ ឡើងដល់ ១០ ឬ ២០%  អ៊ីចឹងនៅក្នុងប្រទេសកម្ពុជា យើងអាចរក្សាបានកម្រិត ២% នេះ គឺជាកម្រិតមួយល្អមែនទែន ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានហិរញ្ញវត្ថុទាំង ១១៤ ដែលជាសមាជិក ។ ក្នុងពេលវិបត្តិកូវីដ ១៩ នេះ សមាជិកសមាគមបានធ្វើការរៀបចំឥណទានឡើងវិញដល់អតិថិជន ៣៤៨ ០៩៤ នាក់ ក្នុងទំហំឥណទានសរុបជាង ១៦៦៤ លានដុល្លា គិតត្រឹមថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ នេះ ។

ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម បានកំពុងប្រកាសផ្តល់ឥណទានក្នុងអត្រាការប្រាក់ទាបដល់កសិករ ពាណិជ្ជករដែលរកទទួលទានក្នុងវិស័យកសិកម្ម ។ ធនាគារនេះបានទទួលកញ្ចប់ថវិកាក្រោមកម្មវិធីពិសេសពីរាជរដ្ឋាភិបាល ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្នមានចំនួន ៨០ លានដុល្លារអាមេរិក ក្នុងការទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្ម ។

លោក លន់ យ៉េង អគ្គលេខធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា «បន្ទាប់ពីរាជរដ្ឋាភិបាលបានផ្តល់ឥណទាន បណ្តារោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកិនកែច្នៃ និងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ សុទ្ធតែបានប្រើប្រាស់ឥណទានទាំងនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ