ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​និមន្ត​បិណ្ឌបាត​សម្លឹង​បាន​តែត្រឹម​២​ម៉ែត្រ

2 ឆ្នាំ មុន

ទាក់ទង​នឹង​ការ​និមន្ត​ត្រាច់ចរ​បិណ្ឌបាត​របស់​ព្រះសង្ឃ តាម​គម្ពីរ​វ​វិន័យ​បាន​ពន្យល់​ថា ព្រះសង្ឃ​ដែល​ស្វែងរក​អាហារ​អំពី​សប្បុរសជន​ដើម្បី​ឆាន់​ទ្រទ្រង់​រាង​កាយ​ត្រូវ​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​វិន័យ​ដ៏​តឹងរ៉ឹង​ហាម​មិន​ឱ្យ​លោក​មើល​ឆ្ងាយ​បាន​ទេ ដោយ​សេចក្ដី​ថា ភិក្ខុ​គប្បី​ពិចារណា​ថា អាត្មាអញ​មិន​សម្លឹង​មើល​ហួស​ពី​១​ជួរ​នឹម គឺ​ស្មើនឹង​៤​ហត្ថ ឬ​ពីរ​ម៉ែត្រ​បាន​ឡើយ ។ គឺ​លោក​មិន​សម្លឹង​មើល​ហួស​ពី​ហ្នឹង​ទេ…

ទាក់ទង​នឹង​ការ​និមន្ត​ត្រាច់ចរ​បិណ្ឌបាត​របស់​ព្រះសង្ឃ តាម​គម្ពីរ​វ​វិន័យ​បាន​ពន្យល់​ថា ព្រះសង្ឃ​ដែល​ស្វែងរក​អាហារ​អំពី​សប្បុរសជន​ដើម្បី​ឆាន់​ទ្រទ្រង់​រាង​កាយ​ត្រូវ​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​វិន័យ​ដ៏​តឹងរ៉ឹង​ហាម​មិន​ឱ្យ​លោក​មើល​ឆ្ងាយ​បាន​ទេ ដោយ​សេចក្ដី​ថា ភិក្ខុ​គប្បី​ពិចារណា​ថា អាត្មាអញ​មិន​សម្លឹង​មើល​ហួស​ពី​១​ជួរ​នឹម គឺ​ស្មើនឹង​៤​ហត្ថ ឬ​ពីរ​ម៉ែត្រ​បាន​ឡើយ ។ គឺ​លោក​មិន​សម្លឹង​មើល​ហួស​ពី​ហ្នឹង​ទេ វៀរលែងតែ​មាន​អន្តរាយ​កើតឡើង​ដូច​ជា មាន​សត្វ​សាហាវ ឬ​មាន​ចោរ​យាយី​ជាដើម ទើប​លោក​អាច​មើល​ហួស​ពី​នឹង​បាន ដូច្នេះ​ការ​និមន្ត​បិណ្ឌបាត​គឺ​លោក​ត្រាច់ចរ​របៀប​ហ្នឹងឯង ។

ទោះជា​យ៉ាងណា ព្រះសង្ឃ​គង់នៅ​តាម​វត្ត​នានា​ក្នុង​រាជធានី​ក៏​ដូច​ជា​នៅ​តាម​ទីក្រុង​ដទៃ​ទៀត កាលបើ​លោក​និមន្ត​ចេញ​បិណ្ឌបាត​ភាគច្រើន​បំផុត​មិន​អាច​ប្រតិបត្តិ​ទៅ​តាម​ព្រះ​វិន័យ​ដែល​បាន​ចែង​មក​នោះ​បាន​ទេ ព្រោះថា​យានយន្ត​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​មាន​ច្រើន​ស្អេកស្កះ លើ​កំណាត់​ផ្លូវ​ខ្លះ​ណែនណាន់តាន់តាប់​ទៅ​ដោយ​យានយន្ត​គ្រប់​ប្រភេទ​សូ​ម្បី​តែ​គ្រហស្ថ​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងផ្លូវ​ក៏​សឹងតែ​ឆ្លង​មិន​រួច​ផង ចុះ​ទម្រាំ​តែ​ព្រះសង្ឃ​បើ​រវល់​តែ​សង្រួម​ឥន្ទ្រិយ​នោះ ច្បាស់​ជា​កាន់តែ​លំបាក​ហើយ និង​អាច​ប្រឈម​គ្រោះថ្នាក់​ដោយ​ការ​ប៉ះពារ​យានយន្ត​ទៀត​ផង ។

ថ្វីបើ​ដូច្នេះ​ក៏​ពិតមែន​ហើយ វិន័យ​ដែល​ព្រះពុទ្ធ​បញ្ញត្តិ​មក​ហើយ​យ៉ាងណា អ្នកបួស​គ្រប់​ជំនាន់​ត្រូវ​តែ​គោរព និង​ប្រតិ​បត្តិ​តាម បើ​មិន​បាន​មួយ​រយ​ភាគរយ បាន​ខ្លះ​ៗ​ក៏​គង់​ប្រសើរ​ដែរ និង​ដើម្បី​ញុំ​ា​ង​សទ្ធា​ពុទ្ធបរិស័ទ​ឱ្យ​គង់វង្ស​ផង ។

បច្ច័យ​ទាំងឡាយ​៤​សម្រាប់​បព្វជិត​អ្នកបួស​ក្នុង​ពុទ្ធសាសនា​រួម​មាន បិណ្ឌបាត​គឺ​អាហារ​សម្រាប់​ទ្រទ្រង់​រូប​កាយ​១, ចីវរ គឺ​ស្បង់ ចីពរ សង្ឃាដី ជា​គ្រឿង​បិទ​បាំង​រាង​កាយ​១, សេនាសនៈ គឺ​ទី​សម្រាប់​ដេក អង្គុយ មាន​កុដិ​សាលា​ជាដើម​១ និង​គិលាន​ភេសជ្ជៈ បាន​ដល់​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​១ ។

សេចក្ដី​ពិចារណា​ក្នុង​ការ​ប្រើប្រាស់​បិណ្ឌបាតប្បច្ច័យ ក៏​ដូច​ជា​បច្ច័យ​ទាំងឡាយ​៣​ទៀត​ដែរ ពោល​គឺ​គ្រាន់តែ​ញ៉ាំង​រាង​កាយ និង​ជីវិត​ឱ្យ​តាំងនៅ​ដើម្បី​ប្រតិបត្តិ​ធម៌ ជម្រះចិត្ត​ឱ្យ​បរិសុទ្ធ​ផូរផង់​ប្រាសចាក​រាគៈ ទោសៈ មោហៈ ដែល​ជា​ឫសគល់​នៃ​គ្រឿង​សៅហ្មង​នានា ។

ក្នុង​ពុទ្ធសាសនា​អធិប្បាយ​ដោយ​សេចក្ដី​ធៀប​ថា ដំណើរ​នៃ​ហ្វូង​សត្វ​ភមរជាតិ គឺ​ពពួក​ឃ្មុំ​ជាដើម​នេះ ដែល​ត្រាច់ចរ​ទៅ​ត្រឹប​ត្រង​លំអង​កេសរផ្កា ដោយ​មិន​បណ្ដាល​ឱ្យ​អន្តរាយ​នូវ​ស្រទាប់ផ្កា​យ៉ាងណា ភាព​បរិសុទ្ធ​ផូរផង់​នៃ​ដំណើរ​ត្រាច់​និមន្ត​បិណ្ឌបាត​របស់​ព្រះ​ភិក្ខុសង្ឃ​នៅ​តាម​និគមជន​នានា ក៏​នឹង​មិន​ត្រូវធ្វើ​ឱ្យ​សប្បុរសជន អ្នក​ម្ចាស់​ទាន មាន​សេ​ចក្តី​រង្កៀស​ដោយ​ប្រការ​ណាមួយ​ដោយ​ការ​សុំ​របស់​បព្វជិត​ក៏​យ៉ាងនោះ​ដែរ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ