ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចបង្ការកុំឱ្យមានវិបត្តិហិរញ្ញវត្ថុ ដូចក្នុងករណីពេលកូវីដនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កូវីដ ១៩ បានធ្វើមនុស្សជាច្រើនបាត់បង់ការងារ ចំណែកអ្នករកស៊ីធ្លាក់ចំណូល ឬអាជីវកម្មជាច្រើនត្រូវបិទទ្វារ ដើម្បីដោះស្រាយបញ្ហា និងបង្ការកុំឲ្យមានបញ្ហាហិរញ្ញវត្ថុ មានគំនិតផ្សេងៗគ្នាត្រូវបានលើកឡើង…

រាជធានីភ្នំពេញ ៖ កូវីដ ១៩ បានធ្វើមនុស្សជាច្រើនបាត់បង់ការងារ ចំណែកអ្នករកស៊ីធ្លាក់ចំណូល ឬអាជីវកម្មជាច្រើនត្រូវបិទទ្វារ ដើម្បីដោះស្រាយបញ្ហា និងបង្ការកុំឲ្យមានបញ្ហាហិរញ្ញវត្ថុ មានគំនិតផ្សេងៗគ្នាត្រូវបានលើកឡើង ។ 

លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុមួយរូបនៅកម្ពុជា បានផ្ដល់ជាមតិយោបល់ថា ដើម្បីគេចផុតពីវិបត្តិហិរញ្ញវត្ថុ គេមិនត្រូវរំពឹងលើប្រភពចំណូលតែមួយមុខឡើយ ។ លោកថា ប្រភពចំណូលតែមួយអាចឲ្យមានបញ្ហាហិរញ្ញវត្ថុ នៅពេលមានវិបត្តិសង្គម ឬវិបត្តិសេដ្ឋកិច្ចដូចជាករណីផ្ទុះជំងឺកូវីដ ១៩ នេះជាដើម ។ លោកបានឧទាហរណ៍ថា ដូចជាករណីកសិករ បើពឹងតែលើដំណាំស្រូវមួយ តែបើជួបគ្រោះទឹកជំនាន់ គ្រោះរាំងស្ងួត ឬជួបប្រទះនឹងសត្វល្អិតបំផ្លាញដំណាំស្រូវនោះនឹងមានបញ្ហាខាតបង់ដើមទុនជាមិនបាន ដូច្នេះក្រៅពីធ្វើស្រែកសិករគួរខិតខំដាំបន្លែនិងចិញ្ចឹមសត្វរួមផ្សំ ។ 

ចំណែកលោកឧកញ៉ា គូច ម៉េងលី បានលើកលែងថា ដើម្បីបង្ការកុំឲ្យមានបញ្ហាពេលមានវិបត្តិសេដ្ឋកិច្ច សម្រាប់អ្នកធ្វើការត្រូវចេះសន្សំ និងបង្កើតគំនិតវិនិយោគថវិកាដែលសន្សំបាន ។ លោកបានបញ្ជាក់ថា ភាពស្មោះត្រង់នៅក្នុងការងារជាកក្តាសំខាន់បំផុតសម្រាប់អ្នកធ្វើការ ។ អ្នកធ្វើការខុសពីអ្នកជំនួយដែលក្នុងពេលតែមួយអ្នកជំនួញអាចរកស៊ីច្រើនមុខបាន ប៉ុន្តែសម្រាប់អ្នកធ្វើការច្រើនកន្លែងក្នុងពេលមួយ មិនល្អឡើយលោកថា នោះជាករណី ”ខ្លួនមួយជិះទូកពីរ” ។ 

លោក ង៉ែត ជូ បានលើកឡើងថា សម្រាប់អ្នកធ្វើការជាមន្ត្រីរាជការ ឬការងារក្នុងក្រុមហ៊ុនឯកជន អាចរកចំណូលបន្ថែមតាមរយៈការយកលុយសន្សំមួយផ្នែកទៅវិនិយោគ ។ បច្ចុប្បន្ន គេមើលឃើញថាវិស័យដែលពេញនិយម និងមានអ្នកវិនិយោគច្រើន គឺវិស័យអចលនទ្រព្យ ហើយថ្មីៗនេះវិស័យមូលបត្រក៍ជាជំនួយថ្មីដែលគ្រប់គ្នាអាចងាកទៅវិយោគបានដែរ ។ 

នៅក្នុងវិបត្តិកូវីដ ១៩ នេះ ពលរដ្ឋជាច្រើនបានបាត់បង់ការងារ និងប្រាក់ចំណូល ហើយបើតាមការព្យាករណ៍របស់ធនាគារអន្តរជាតិធំៗប្រចាំកម្ពុជាបង្ហាញក្នុងវិបត្តិកូវីដ ១៩ បានធ្វើឱ្យអត្រាភាពក្រីក្រកើនឡើង ។ រដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាសង្គម សម្រាប់ជួយសង្គ្រោះពលរដ្ឋក្រីក្រ និងពលរដ្ឋងាយរងគ្រោះពីវិបត្តិកូវីដ ១៩ ហើយធនាគារ និងមីក្រូហិរញ្ញវត្ថុវិញបានរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជនដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ ១៩ ។ ចំណុចនេះត្រូវបានលោក ង៉ែត ជូ មើលឃើញថា ពលរដ្ឋកម្ពុជាមួយចំនួនធំ បានពឹងលើប្រភពចំណូលមួយមុខ ដែលនាំឲ្យពូកគាត់ប្រឈមនឹងហានិភ័យនៃវិបត្តិហិរញ្ញវត្ថុនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ