ខេត្តព្រះវិហារ ៖ រោងចក្រផលិតស្ករសដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិន និងចាត់ទុកជារោងចក្រផលិតស្ករសធំជាងគេលើពិភពលោក នឹងចាប់ផ្ដើមផលិតសាកល្បងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ នេះ ដោយរំពឹងថា អាចមានសមត្ថភាពផលិតស្ករសបានជាង១ពាន់តោនក្នុងមួយថ្ងៃ ជាមួយនឹងចម្ការអំពៅដែលបានដាំដុះរួចរាល់ចំនួន១៣.០០០ហិកតា ដោយចំណាយទុនជាង១ប៊ីលានដុល្លារអាមេរិក ។ នេះបើតាមការអះអាងពីរដ្ឋមន្ត្រីក្រសួង សិប្បកម្ម និងសិប្បកម្មកម្ពុជា ។
ក្នុងដំណើរទស្សនកិច្ចពិនិត្យរោងចក្រផលិតស្ករស និងចម្ការអំពៅរបស់ក្រុមហ៊ុនរ៉ូយហ្វេង ក្នុងស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ធ្នូ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍៖ « ប្រទេសកម្ពុជា នឹងមានរោងចក្រផលិតស្ករសធំជាងគេនៅលើពិភពលោកនៅពេលឆាប់ៗខាងមុខនេះ ដើម្បីផលិតស្ករសនាំចេញទៅទីផ្សារអន្តរជាតិ ហើយកសិករកម្ពុជាគួរតែសហការជាមួយក្រុមហ៊ុនក្នុងការជំរុញដំណើរការនេះ » ។
លោកទេសរដ្ឋមន្ត្រីបន្តថា ៖ « ប្រជាកសិករក្នុងមូលដ្ឋាន គួរតែសហការជាមួយក្រុមហ៊ុនដើម្បីដាំដំណាំអំពៅលក់ទៅឱ្យក្រុមហ៊ុនសម្រាប់ផលិតស្ករស ព្រោះថាដំណាំអំពៅអាចទទួលបានទិន្នផលច្រើនជាង៣ដង ធៀបនឹងទិន្នផលដំណាំស្រូវ ជាពិសេសក្រោយពីការចម្រាញ់យកជាតិស្ករពីអំពៅ កាកសំណល់ទាំងអស់ដែលចេញពីរោងចក្រ អាចយកមកផលិតជីធម្មជាតិ និងអគ្គិសនីបន្ថែមទៀត » ។
នាយកប្រតិបត្តិក្រុមហ៊ុនហ៊ឹងហ៊ូ ស៊ូហ្កឺគ្រុប លោក លាវ ចុងស៊ែង បានមានប្រសាសន៍ថា ៖ « គោលបំណងនៃការអភិវឌ្ឍដំណាំអំពៅនៅប្រទេសកម្ពុជា គឺដើម្បីរួមចំណែកអូសទាញសង្វាក់សេដ្ឋកិច្ច ដោយសារឧស្សាហកម្មនាំមកនូវឱកាសការងារជូនប្រជាពលរដ្ឋ និងបង្កើតតម្លៃផលិតកម្ម ព្រមទាំងចំណូលប្រាក់ពន្ធបន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងមួយថ្ងៃ ក្រុមហ៊ុនត្រូវការអំពៅចូលក្នុងរោងចក្រចំនួន២ម៉ឺនតោនដើម្បីកិន និងចម្រាញ់យកស្ករស ហើយក្នុងមួយថ្ងៃរោងចក្ររបស់យើងអាចទទួលបានស្ករសរហូតដល់ជាង១ពាន់តោនឯណោះសម្រាប់ចែកចាយទីផ្សារក្នុងស្រុក និងអន្តរជាតិ » ។
លោកបន្តថា ៖ « បច្ចុប្បន្ននេះ ក្រុមហ៊ុន មួយចំនួននៅបណ្ដាប្រទេសលើសកលលោក ក៏បានធ្វើការកក់ និងចុះកុងត្រាទិញផលិតផលស្ករសពីប្រទេសកម្ពុជាយកទៅលក់នៅបណ្ដាប្រទេសរបស់គេផងដែរ នៅពេលដែលរោងចក្រនេះចាប់ផ្ដើមដំណើរការផលិតនៅពេលខាងមុខ » ។
អភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា បានមានប្រសាសន៍ដែរថា ៖ « ការអភិវឌ្ឍរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំអំពៅកន្លងទៅ បានជួបផលប៉ះពាល់ដីធ្លីជាមួយប្រជាពលរដ្ឋមួយចំនួន តែដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តព្រះវិហារក៏បានសម្របសម្រួល ព្រមទាំងខ្វៀលដីដែលប៉ះពាល់ជាមួយក្រុមហ៊ុនចេញដើម្បីផ្ទេរសិទ្ធិឱ្យពលរដ្ឋវិញផងដែរ » ។
ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោកពឹង ទ្រីដា បានមានប្រសាសន៍ថា ៖ « សព្វថ្ងៃចម្ការអំពៅចំនួនជាង៤២.០០០ហិកតា ស្ថិតនៅស្រុកត្បែងមានជ័យ ស្រុកឆែប និងក្រុងជ័យសែន ខេត្តព្រះវិហារ ត្រូវបានក្រុមហ៊ុនចំនួន៥ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហ៊ឹងហ៊ូ ស៊ូហ្កឺគ្រុប ដាំដុះរួមគ្នា រួមមានក្រុមហ៊ុនរ៉ូយហ្វេង ក្រុមហ៊ុនឡានហ្វេង ក្រុមហ៊ុនហេងរ៉ូយ ក្រុមហ៊ុន ហេងយូ និងក្រុមហ៊ុនហេងណុង ហើយដាំបានចំនួន១៣.០០០ហិកតា ព្រមទាំងមានគម្រោងដាំជាង១ម៉ឺនហិកតាទៀតនៅឆ្នាំ២០១៦ » ។
គួរបញ្ជាក់ថា ការអភិវឌ្ឍដំណាំអំពៅរបស់ក្រុមហ៊ុនចិនហ៊ឹងហ៊ូ ស៊ូហ្កឺគ្រុប បានចាប់ផ្ដើមតាំងពីឆ្នាំ២០១២មកម្ល៉េះ ចំណែករោងចក្រផលិតស្ករសដ៏ធំនេះបានចាប់ផ្ដើមសាងសង់ចាប់ពីខែមិថុនា ២០១៤ ដែលរហូតដល់ពេលនេះ ការសាងសង់រោងចក្រសម្រេចបានប្រមាណ៥០ភាគរយហើយ ហើយគ្រោងនឹងដំណើរការផលិតស្ករសសាកល្បងជំហានដំបូងនៅខែកុម្ភៈ ឆ្នាំនេះ ។
ខេត្តព្រះវិហារជាទឹកដីសម្បូរដោយសក្តានុពលផ្នែកកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ និងផ្តោតទៅលើកសិកម្ម ។ ការអភិវឌ្ឍរបស់ក្រុមហ៊ុនចិនដ៏ធំនាពេលនេះ គឺធ្វើឲ្យវិនិយោគិនបរទេសកាន់តែមានចំណាប់អារម្មណ៍ និងមានទំនុកចិត្តក្នុងការវិនិយោគនៅកម្ពុជាថែមទៀត ។
គួររំឭកថា ក្រុមហ៊ុនមួយនេះបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើការអភិវឌ្ឍដំណាំអំពៅនៅឆ្នាំ២០១១ ហើយបានឈូសឆាយដីដើម្បីដាំអំពៅជាបន្តបន្ទាប់ ។ ដំណាំអំពៅអាចប្រមូលបានចំណូលច្រើនជាងការធ្វើស្រែចម្ការ ដោយក្នុង១ហិកតាអាចប្រមូលផលបានដល់ទៅ១០០តោនក្នុង១ឆ្នាំ ហើយការដាំដុះម្តង អាចប្រមូលផលបាន៤ ទៅ៥ដង ។ នេះបើតាមតំណាងក្រុមហ៊ុនចិនអភិវឌ្ឍន៍ដំណាំចម្ការអំពៅដែលបានលើកឡើងកាលពីអំឡុងខែកក្កដា ឆ្នាំ២០១៤កន្លងមក ។
តំណាងក្រុមហ៊ុនបញ្ជាក់ទៀតថា កន្លងទៅក្រុមហ៊ុនបានធ្វើការជ្រើសរើស ពលរដ្ឋក្នុងខេត្តព្រះវិហារ ចំនួន៣៣នាក់រួចមកហើយ ដើម្បីបញ្ជូនពលរដ្ឋទាំងអស់នោះទៅសិក្សាអំពីបច្ចេកទេសដាំដំណាំអំពៅ និងបច្ចេកទេសផលិតស្ករសនៅប្រទេសចិនរយៈពេល១ឆ្នាំ ដោយក្រុមហ៊ុនបានធានារ៉ាប់រង ព្រមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែដល់ពលរដ្ឋថែមទៀត។
មកដល់ពេលនេះក្រុមហ៊ុនចិន បានធ្វើការជ្រើសរើសពលរដ្ឋទៅសិក្សាបច្ចេកទេសដំណាំអំពៅ និងបច្ចេកទេសផលិតស្ករស ជំហ៊ានទី២ចំនួន៥០បន្ថែមទៀត។ បន្ទាប់ពីការសាងសង់រោងចក្រផលិតស្ករសរួចរាល់ ពលរដ្ឋដែលបានសិក្សាបច្ចេកទេសនៅប្រទេសចិន ត្រូវវិលត្រឡប់មកបំពេញភារកិច្ចនៅក្នុងរោងចក្រ ផលិតស្ករសតែម្តង ហើយក្រុមហ៊ុនតម្រូវការកម្មករធ្វើការនៅក្នុងក្រុមហ៊ុនចាប់ពី១ពាន់ទៅ២ពាន់ឯណោះ ។
ក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំអំពៅនេះ គ្រោងនឹងផ្តល់នូវពូជអំពៅដល់ប្រជាពលរដ្ឋណា ដែលមានចំណាប់អារម្មណ៍ក្នុងការដាំដំណាំអំពៅ បន្ទាប់ពីទទួលផលបាន ក្រុមហ៊ុននិងទិញពីប្រជាពលរដ្ឋវិញ ក្នុងតម្លៃ ១តោនចាប់ពី៣៥ដុល្លារ ទៅ៤០ដុល្លារអាមេរិក ។ ក្រុមហ៊ុនមានគម្រោងធ្វើការសាងសង់សាលារៀន មន្ទីរពេទ្យ ដើម្បីរួមចំណែក កាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ។ នេះបើតាមប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានលើកឡើងកន្លងមក ។
ប្រជាពលរដ្ឋនៅតំបន់នោះបានសម្ដែងទឹកចិត្តសប្បាយរីករាយ និងគាំទ្រការអភិវឌ្ឍដំណាំអំពៅរបស់ក្រុមហ៊ុនចិន ដើម្បីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋទាំងអស់ មានការងារធ្វើ និងបញ្ចៀសបានការធ្វើចំណាកស្រុកផងដែរ ៕


ចែករំលែកព័តមាននេះ