ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តាមបច្ចេកទេស​ថ្មី​​ ត្រឹមជាង១ខែប៉ុណ្ណោះ​​ អាច​បេះ​«ត្រសក់ផ្អឬត្រសក់​ទ្រើង»​លក់​ហើយ​

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ដាំ​បន្លែ​ត្រសក់ផ្អ (​ទ្រើង​) ខាងក្រោយ​ផ្ទះ​របស់​ខ្លួន ដែល​បាន​តាម​របៀប​បច្ចេកទេស​ថ្មី​ធ្វើ​ឱ្យ​ដុះ​លូតលាស់​យ៉ាង​ល្អអស់​រយ​:​ពេល​ជាង​១​ខែ ដោយ​បញ្ចេញ​ផ្កា​ផ្លែ​គួរ​ឱ្យ​កត់សម្គាល់ ក៏​ដល់​ពេល​ត្រូវ​បេះ​លក់​ល្មម ហើយចាប់ផ្តើម​ប្រមូល​ផល​ជា​បណ្តើរ​ៗ​ហើយ ដើម្បី​បាន​ថវិកា​សម្រាប់​សង​ជំពាក់​បំណុល​គេ…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ដាំ​បន្លែ​ត្រសក់ផ្អ (​ទ្រើង​) ខាងក្រោយ​ផ្ទះ​របស់​ខ្លួន ដែល​បាន​តាម​របៀប​បច្ចេកទេស​ថ្មី​ធ្វើ​ឱ្យ​ដុះ​លូតលាស់​យ៉ាង​ល្អអស់​រយ​:​ពេល​ជាង​១​ខែ ដោយ​បញ្ចេញ​ផ្កា​ផ្លែ​គួរ​ឱ្យ​កត់សម្គាល់ ក៏​ដល់​ពេល​ត្រូវ​បេះ​លក់​ល្មម ហើយចាប់ផ្តើម​ប្រមូល​ផល​ជា​បណ្តើរ​ៗ​ហើយ ដើម្បី​បាន​ថវិកា​សម្រាប់​សង​ជំពាក់​បំណុល​គេ និង​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

ជាក់ស្តែង​ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២១ កសិករ​មួយ​គ្រួសារ មាន​ឈ្មោះ សុខ ភាព អាយុ​៥០​ឆ្នាំ ប្តី​ឈ្មោះ ហិន នូ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កា​ត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ដាំ​បន្លែ​ត្រសក់ផ្អ (​ទ្រើង​) ចំនួន​១៦​រង (​ជួរ​) ក៏​បាន​បេះ​លក់​អស់​រយ​:២​ថ្ងៃ កន្លង​មក ដោយ​ក្នុង​១​ថ្ងៃ អាច​បេះ​ថ្លឹង​លក់​ឱ្យ​ឈ្មួញ​ចាប់ពី​៧០ ទៅ​៨០​គីឡូក្រាម ។

​បើ​តាម​ការ​រៀបរាប់​ពី​កសិករ​ម្នាក់ ឈ្មោះ សុខ ភាព បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ គាត់​បាន​ដាំ​បន្លែ​ត្រសក់ផ្អ (​ទ្រើង​) នេះ អស់​រយ​:​ពេល​១​ខែ​៥​ថ្ងៃ​មក​ហើយ ដោយ​ដាំ​តាម​បច្ចេកទេស​ថ្មី​មួយ ក្រោយ​ពី​ខាង​មន្ត្រី​កសិកម្ម​ចុះ​មក​បង្ហាត់បង្រៀន ឱ្យ​ដាំ​តាម​លក្ខណ​:​ស្រោប​ថង់​នៅ​តាម​រង (​ជួរ​) នីមួយ​ៗ ដើម្បី​កុំឱ្យ​ស្មៅ​ដុះ​ជាន់​ពីលើ​ដើម​ត្រសក់ លំបាក​ក្នុង​ការ​ថែទាំ ។ ប្រភព​បន្ត​ទៀត​ថា គាត់​ក៏​បាន​បង្កប់​ទុយោ​ទឹក​នៅ​ក្នុង​ថង់​តាម​ជួរ​នីមួយ​ៗ ដើម្បី​បូមទឹក​បន្តក់​ស្រោច​ជា​រៀងរាល់ថ្ងៃ ធ្វើ​ឱ្យ​បន្លែ​នេះ​ដុះ​លូតលាស់​ល្អ​ជាង​កាលពីមុន ។

ក្រោយ​ពី​សាកល្បង​តាម​បច្ចេកទេស​ថ្មី​នេះ គាត់​សង្កេត​ឃើញ​ថា ពិតជា​ទទួល​បាន​ជោគជ័យ​ប្រាកដ​មែន ដោយ​ដើម​ត្រសក់​ដុះ​លូតលាស់​ល្អ មិន​លំបាក​ថែទាំ បោចស្មៅ ឬ​ដាក់​ជី​នៅ​លើ​គល់​ត្រសក់​នោះ​ឡើយ ហើយ​ពេល​ត្រសក់​ផ្លែ ក៏​អត់​មាន​សត្វល្អិត ចូល​មក​ទិច​ផ្លែ​ត្រសក់​នាំ​ឱ្យ​ស្អុយ រលួយ ខូចខាត ដូច​កាលពីមុន​ដែរ ព្រោះ​ថង់​មាន​ចំណាំងផ្លាត​ធ្វើ​ឱ្យ​សត្វល្អិត មានការ​ខ្លាច​មិន​ហ៊ាន​ហើរ​ចូល​មក​ក្បែរ​នោះ​ឡើយ ។

គាត់​បន្ថែម​ទៀត​ថា ដោយសារ​តែ​បញ្ហា​ជំងឺ​កូ​វី​ដ ១៩ កំពុង​រីក​រាលដាល​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​ប្រទេស​កម្ពុជា ធ្វើ​ឱ្យ​តម្លៃ​ទីផ្សារ​បន្លែ​ត្រសក់ផ្អ (​ទ្រើង​) មានការ​ធ្លាក់​ចុះ ពាក់កណ្តាល ក៏​មិន សូវ​មាន​អ្នកទិញ​ដែរ ដោយនៅ​ក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ឈ្មួញ​ទិញ​១​គីឡូក្រាម​ត្រឹមតែ​១០០០​រៀល​ប៉ុណ្ណោះ ខណ​:​កាលពី​១​ខែ​មុន ឈ្មួញ​ទិញ ១​គីឡូក្រាម តម្លៃ​៣០០០​រៀល​ឯណោះ ។

ម្យ៉ាងវិញទៀត បន្ទាប់​ពី​មានការ​បិទ​ខ្ទប់​ខេត្ត ម៉ូយ​ដែល​ធ្លាប់​ចូល​មក​ទិញ​យក​ទៅ​លក់ដូរ​ក្នុង​១​ថ្ងៃ​ចំនួន​៦០​ទៅ​៧០​គីឡូក្រាម បាន​កាត់​បន្ថយ​មក​ទិញ​ត្រឹមតែ​១០ ទៅ​២០​គីឡូក្រាម​ប៉ុណ្ណោះ ។ គាត់​បញ្ជាក់​ទៀត​ថា ដើម្បី​សុវត្ថិភាព​សុខភាព​ប្រជាប​ល​រដ្ឋ​ក្នុង​ខេត្ត ការ​ដាំ​បន្លែ​របស់​គាត់ គឺ​ប្រើ​ជីធម្មជាតិ លាមក​សត្វ មិន​ប្រើ​ជីគីមី ឬ​ថ្នាំពុល​សម្លាប់​សត្វល្អិត​នោះ​ឡើយ ដើម្បី​ជៀសវាង​ការ​កើត​ទៅ​ជា​ជំងឺ​ផ្សេង​ៗ​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ