ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិស័ទ​អាច​ប្រគេន​បារី​ដល់​ព្រះសង្ឃ​បាន​ដែរ​ឬទេ ?

3 ឆ្នាំ មុន

នៅ​ក្នុង​បច្ច័យ​ទាំង​៤ ព្រមទាំង​ទានវត្ថុ​១០​យ៉ាង ពុំ​ឃើញ​មាន​ចែង​អំពី​ការ​ឱ្យ​បារី ឬ​ថ្នាំជក់​ជា​ទាន​ឡើយ ។ អាស្រ័យ​ហេតុនេះ តើ​ពុទ្ធបរិស័ទ​អាច​ប្រគេន​បារី ឬ​ថ្នាំជក់​ដល់​ព្រះសង្ឃ​បាន​ដែរ​ឬទេ ? ទាក់ទង​នឹង​ការ​ប្រគេន​បារី…

នៅ​ក្នុង​បច្ច័យ​ទាំង​៤ ព្រមទាំង​ទានវត្ថុ​១០​យ៉ាង ពុំ​ឃើញ​មាន​ចែង​អំពី​ការ​ឱ្យ​បារី ឬ​ថ្នាំជក់​ជា​ទាន​ឡើយ ។ អាស្រ័យ​ហេតុនេះ តើ​ពុទ្ធបរិស័ទ​អាច​ប្រគេន​បារី ឬ​ថ្នាំជក់​ដល់​ព្រះសង្ឃ​បាន​ដែរ​ឬទេ ?

ទាក់ទង​នឹង​ការ​ប្រគេន​បារី ឬ​ថ្នាំជក់​នេះ ព្រះ​មហា​ធម្ម​បា​លោ​បាន​មាន​ថេរ​ដីកា​បញ្ជាក់​អំពី​ពុទ្ធ​ប្បញ្ញត្តិ និង​ពុទ្ធានុញ្ញាត​ទាក់ទង​នឹង​ការ​ឱ្យទាន​ជា​បារី ឬ​ថ្នាំជក់​ថា ទាន​ដែល​ធ្វើ​ទៅ​មិន​បាន​ផល​នោះ គឺ​សុរា ជា​ប្រការ​មួយ​ដែល​ពុទ្ធបរិស័ទ​ធ្វើ​ទៅ​មិន​បាន​ផល មិន​បាន​បុណ្យ ។ ប៉ុន្តែ​យើង​សិក្សា​ក្នុង​ព្រះពុទ្ធ​សាសនា​ទៅ​ឃើញ​ថា បារី​នេះ​គឺជា​ប្រភេទ​នៃ​ការ​ញៀន ។ បើ​ទោះជា​នៅ​ក្នុង​វិន័យ​មិន​បាន​ដាក់​ចំ​ក្តី ក៏​មិន​គួរ​ដែរ​ក្នុង​ការ​ប្រគេន ព្រោះ​លោក​ឆាន់​ទៅ​វា​អាច​ញៀន​បាន អាច​ប្រព្រឹត្ត​ក្នុង​រឿង​ឥតប្រយោជន៍​ផ្សេង​ៗ​នាំ​ឱ្យ​មានទោស ។

នៅ​ក្នុង​សៀវភៅ​ទាន​កថា ដែល​ជា​ការ​ផ្សាយ​របស់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ មាន​សរសេរ​អធិប្បាយ​ទាក់ទង​នឹង​ទាន​៥​ប្រការ ដែល​បុគ្គល​ធ្វើ​ហើយ​មិន​បាន​ផល​ជា​បុណ្យ​ជា​កុសល​អ្វី​ឡើយ ។ វត្ថុ​ជា​ទាន​ទាំង​៥​យ៉ាងនោះ​រួម​មាន​ទី​១-​ការ​ឱ្យ​ស្ត្រី​ដល់​បុរស ឬ​ការ​ឱ្យ​បុរស​ដល់​ស្ត្រី ទី​២- ការ​ឱ្យ​គោ​ឧសភ គឺ​គោបា ឬ​គោ​ឈ្មោល​ដល់​មេគោ ឬ​ការ​ឱ្យ​មេគោ​ដល់​គោ​ឧសភ ទី​៣-​ការ​ឱ្យ​ទឹកស្រវឹង​ជា​ទាន ទី​៤-​ការ​ឱ្យទាន​ជា​ការ​រាំច្រៀង ឬ​របាំ​ត្លុក​កំប្លែង និង​ទី​៥-​ការ​ឱ្យទាន​ជា​រូបគំនូរ​ស្ត្រី និង​បុរស​ដែល​ជា​រូប​នាំ​ឱ្យ​កើត​សេចក្ដី​ត្រេកត្រអាល​ទៅ​រក​សេចក្ដី​ប្រាថ្នា​ក្នុង​ផ្លូវ​កាម ។ ក្នុង​ពុទ្ធសាសនា​បណ្ដា​ទាន​ទាំង​៥​ប្រការ​នេះ​ហៅ​ថា​ជា​ទាន​ដែល​មិន​សន្មត ឬ​មិន​ចាត់​ចូល​ជា​ទាន​ឡើយ ។

ចំពោះ​បព្វជិត​អ្នកបួស​ក្នុង​ពុទ្ធសាសនា​ដែល​ជា​បុគ្គល​អ្នក​ទទួល​នូវ​ទាន​វិញ តើ​ភិក្ខុ​សាមណេរ​គួរ​ឆាន់​បារី ឬ​ថ្នាំជក់ និង​ទទួល​នូវ​ទាន​ប្រភេទ​នេះ​ដែរ​ឬទេ ? បើ​ទោះបីជា​វិន័យ​មិន​មាន​កំណត់​ដោយ​ត្រង់​ក្តី ។ បារី​នេះ​បើ​ពុទ្ធបរិស័ទ​ប្រគេន​ទៅ​ហើយ លោក​មិន​ទទួល​ក៏​មិន​ប្រព្រឹត្ត​ទៅ​ជា​ទោស ជា​អាបត្តិ​អ្វី​ដែរ ព្រោះ​ការ​ធ្វើ​ទៅ​មិន​មាន​ផលប្រយោជន៍​ដល់​អ្នក​ដែល​ប្រគេន​ផង និង​អ្នក​ទទួល​ផង ។ ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ព្រះសង្ឃ​អ្នក​ឆាន់ និង​វា​អាច​ធ្វើ​ឱ្យ​ពុទ្ធបរិស័ទ ជា​ទាយក​ទាយិកា ធ្វើ​ទាន​ក្នុង​របៀប​មួយ​មិន​ប្រពៃ​ហាក់ដូច​ថា ប្រគេន​រោគ និង​ជំងឺ​ទៅ​លោក​អ៊ីចឹង ។ ម្យ៉ាងទៀត​ក្នុង​ពុទ្ធសាសនា ព្រះ​អង្គ​សម្ដែង​ថា ការ​មិន​មាន​រោគ គឺជា​លាភ​ដ៏​ឧត្ដម ។ ទាំង​ព្រះសង្ឃ ទាំង​ពុទ្ធបរិស័ទ​គឺថា កាលណា​បើ​អត់​មាន​រោគ​ទេ ស្មើនឹង​បាន​លាភ​ដ៏​ប្រសើរ​ក្រៃ​លែង​លើស​លាភ​នានា ។

ការ​សិក្សា​ស្រាវជ្រាវ​នៃ​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ និង​សុខភាព​បង្ហាញ​ថា ក្នុង​ចំណោម​សារធាតុ​គីមី ៧​ពាន់​មុខ​ក្នុង​ផ្សែង​បារី​គឺ​មាន​៧០​មុខ​ដែល​បង្ក​ឲ្យ​កើត​ជំងឺមហារីក ។ រីឯ​ការ​ស្រូប​ផ្សែង​បារី​ពី​គេ​បង្ក​ឱ្យ​មាន​ជំងឺ​ច្រើន​មុខ​ដូច​ជា មហារីក​សួត មហារីក​ច្រមុះ ជំងឺ​ត្បៀត​សរសៃឈាម​ខួរក្បាល គាំងបេះដូង ជំងឺ​ផ្លូវដង្ហើម​ជាដើម ។

ទាក់ទង​នឹង​ប្រការ​នេះ ព្រះ​មហា​ធម្ម​ឃោ​សា​ចា​រ្យ​មាន​ថេរ​ដីកា​បញ្ជាក់​អំពី​គ្រោះថ្នាក់​នៃ​ការ​ទទួលទាន​បារី និង​ថ្នាំជក់ ដែល​មនុស្ស​ភាគច្រើន​មើល​រំលង ដោយហេតុ​ថា ផលវិបាក​អាក្រក់​ហុច​ឱ្យ​ក្នុង​រយៈពេល​វែង ឥទ្ធិពល​នៃ​ការ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ គឺ​ឃើញ​នូវ​ផលវិបាក​ភ្លាម​ៗ ជា​ហេតុ​បណ្តាល​ឱ្យ​បាត់បង់​ស្មារតី បាត់បង់​នូវ​ការ​ដឹង​ខុស​ត្រូវ​ភ្លាម​ៗ ធ្វើ​ឱ្យ​បុគ្គល​អ្នក​ផឹក​អាច​ទៅ​ប្រព្រឹត្ត​បំពាន​សិក្ខាបទ​ដទៃ ។

ប៉ុន្តែ​ការ​ប្រគេន​បារី និង​ថ្នាំជក់​វា​មិនមែន​មាន​ឥទ្ធិពល ឬ​វិបាក ដែល​យើង​ឃើញ​បាត់បង់​ស្មារតី​ភា្ល​ម​ៗ​ដូច​សុរា និង​មេរ័យ​នោះ​ទេ ប៉ុន្តែ​ផ្សែង​បារី​បាន​បង្ក​ឱ្យ​មានការ​ប៉ះពាល់​រំខាន​ដល់​សេចក្ដីសុខ និង​ភាព​ស្ងប់ស្ងាត់​របស់​បុគ្គល​ដទៃ ដែល​រស់នៅ​ជាមួយ​គ្នា​ក្នុង​សង្គម ដែល​ប្រការ​នេះ បព្វជិត​អ្នកបួស​ក្នុង​ពុទ្ធសាសនា​គួរ​ព្យាយាម​វៀរចាក​ការ​ប្រព្រឹត្ត និង​ប៉ះពាល់​ដល់​សុខភាព​យូរអង្វែង ។

ជាតិ​បារី ជាតិ​ថ្នាំជក់ បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ផ្នែក​វិន័យ​គឺ​កិច្ច​បដិបត្តិ ពេល​ណា​ភិក្ខុ​សាមណេរ​ឆាន់​ទៅ​គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ភិក្ខុ​ផង​គ្នា ទាំង​ខ្លួន​ព្រះ​អង្គ និង​ភិក្ខុ​ដទៃ គឺ​បង្ក​នូវ​ផ្សែង បង្ក​នូវ​ក្លិន ធ្វើ​ឱ្យ​រំខាន​ដល់​ព្រះសង្ឃ​ដទៃ​ដែល​លោក​មិន​ឆាន់ មិន​ជក់ គឺ​ប៉ះពាល់​ខ្លាំង​មែនទែន ធ្វើ​ឱ្យ​ឈ្លក់ បើ​ថា​ក្នុង​កិច្ច​បដិបត្តិ​ធម៌ អង្គុយ​សមាធិ​ដូច​គ្នា​វិញ បើ​អង្គ​ផ្សេង​ឆាន់​បារី អង្គ​ផ្សេង​ដែល​មិន​ឆាន់ គឺ​អង្គុយ​សមាធិ​បដិបត្តិ​មិនកើត​ទេ ។

មានការ​កត់​សម្គាល់ថា ការ​ប្រើប្រាស់​បារី និង​ថ្នាំជក់​បាន​បណ្ដាល​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ស្លាប់​ដែល​ជា​ក្តី​បារម្ភ​ដ៏​ធំធេង​របស់​អង្គការ​សុខភាព​ពិភពលោក ។ បារី​និង​ថ្នាំជក់​គឺ​ស្ថិត​ក្នុង​ចំណោម​ជំងឺ​រាតត្បាត ដែល​បង្ក​ឱ្យ​មាន​វិបត្តិ​សុខភាព​ដ៏​ធំធេង ជា​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ ដែល​ពិភពលោក​មិន​ដែល​ជួប​ប្រទះ ។

ព្រះពុទ្ធ​សាសនា​ណែនាំ​លើកទឹកចិត្ត​ឱ្យ​មនុស្ស​រក្សាសីល​៥ ក្នុង​នោះ​សិក្ខាបទ​ទី​៥ ស្ដី​ពី​ការ​ចៀសវាង​ប្រព្រឹត្ត ឬ​ជួញដូរ​គ្រឿង​ស្រវឹង គ្រឿងញៀន​ទាំងពួង ដើម្បី​សេចក្ដីសុខ​ផ្ទាល់ខ្លួន និង​សេចក្ដីសុខ​ដល់​មនុស្ស​ផង​គ្នា​ក្នុង​សង្គម ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ