ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះកូវីដតាមផ្សារ អ្នកស្រី វិច្ឆិកា រើទំនិញលក់តាមចិញ្ជើមផ្លូវវិញម្តង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វត្តមានជំងឺកូវីដ ១៩ បានផ្ទុះតាមផ្សារជាច្រើនម្តងទៀតនាពេលនេះ មិនថានៅភ្នំពេញ និងខេត្តនោះទេ អាជ្ញាធរបានបិទជាបណ្តោះអាសន្នការលក់ដូរតាមផ្សារឡើងវិញ ។ វត្តមានកូវីដ…

រាជធានីភ្នំពេញ ៖ វត្តមានជំងឺកូវីដ ១៩ បានផ្ទុះតាមផ្សារជាច្រើនម្តងទៀតនាពេលនេះ មិនថានៅភ្នំពេញ និងខេត្តនោះទេ អាជ្ញាធរបានបិទជាបណ្តោះអាសន្នការលក់ដូរតាមផ្សារឡើងវិញ ។ វត្តមានកូវីដ ១៩ វាយលុកតាមផ្សារបែបនេះ បើទោះបីផ្សារជាច្រើនមិនបិទ ឬផ្សារដែលធ្លាប់បិទនោះ បើកដំណើរវិញ តែការលក់ដូរមិនទាន់ដំណើរការជាប្រក្រតីឡើយ ។ អាជីវករជាច្រើនបានត្អូញថា ពេលនេះជីវភាពពួកគាត់មានការលំបាកណាស់ ។ ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពខ្លះ អាជីវករខ្លះបានរើទំនិញពីក្នុងតូបក្នុងផ្សារមកលក់តាមចិញ្ជើមផ្លូវម្តង ។

វ៉ាត វិច្ឆិកា អ្នកលក់សម្លៀកបំពាក់នៅក្នុងផ្សារមួយនៅរាជធានីភ្នំពេញ ។ ប្អូនស្រីបានរៀបរាប់ថា ព្រោះតែវីរុស COVID-19 បានធ្វើឲ្យការរកស៊ីជួបការលំបាកលក់ពុំដាច់ឡើយ ។ ការលក់សម្លៀកបំពាក់នៅក្នុងផ្សារពុំមានអតិថិជនទៅទិញទេ ។ ជារួមផ្សារមានសភាពស្ងាត់ជ្រងំ ដែលប្អូនស្រីបានពោលថា «ស្ងាត់ដូចចោរលួចសេះ» ព្រោះមនុស្សមិនហ៊ានចូលផ្សារខ្លាចឆ្លងជំងឺសម័យទំនើបដ៏កាចសាហាវនោះ ។ ចំណែកអ្នកដែលទៅផ្សារភាគច្រើន គឺទៅរកទិញតែម្ហូបអាហារ និងរបស់ប្រើប្រាស់ផ្សេងៗមួយចំនួនប៉ុណ្ណោះក៏ចាកចេញពីផ្សារវិញភ្លាមមិនហ៊ាននៅយូរឡើយ ។ 

វ៉ាត វិច្ឆិកា  ពោលថា «អ្នកលក់សម្លៀកបំពាក់ដូចជារូបគាត់ គឺអង្គុយស្ងាបលក់មិនដាច់ឡើយ» ។ ដោយសារតែបែបនេះទើបខ្ញុំបង្ខំចិត្តបិទតូបនៅឯផ្សារចោល មួយរយៈសិនហើយ យកសម្លៀកបំពាក់មកដាក់លក់ក្រោមឆ័ត្រនៅតាមចិញ្ចើមផ្លូវដែលមានអ្នកដំណើរឆ្លងកាត់ទៅមកវិញ ក្រែងលក់បានខ្លះគ្រាន់ដោះស្រាយបញ្ហាជីវភាព ។ ខ្ញុំជ្រើសរើសយកចិញ្ចើមផ្លូវ ៥០ ម៉ែត្រស្ថិតនៅខាងជើងផ្សារទួលពង្រ ភូមិត្រពាំងថ្លឹង ១ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ ជាកន្លែងលក់ដូរនៅគ្រាលំបាកនេះ ។

នៅកន្លែងលក់ខោអាវរបស់ វិច្ឆិកា បានសរសេរសារទាក់ទាញថា «អាវ ១= ១០០០០ រៀល» ។ អាជីវកររូបនេះបានប្រាប់ឲ្យដឹងទៀតថា ការងាកមកលក់សម្លៀកបំពាក់នៅក្រោមឆ័ត្រតាមផ្លូវនេះហាក់គ្រាន់បើជាងលក់នៅក្នុងផ្សារ ថ្វីដ្បិតតែក្ដៅបន្តិចតែអាចលក់ដាច់ខ្លះៗមិនស្ងាត់ និងស្ងាបដូចលក់ក្នុងផ្សារទេ ។ ក្នុង ១ ថ្ងៃអ្នកស្រី អាចរកប្រាក់ទាំងដើមទាំងចំណេញបានចន្លោះពី ៨ ម៉ឺនរៀលទៅ ១០ ម៉ឺនរៀលដែរ ។ ប៉ុន្តែបញ្ហាប្រឈមនោះបើកមេឃក្ដៅអាចជ្រកក្រោមម្លប់ឆ័ត្រលក់បាន តែបើពេលមេឃធ្លាក់ភ្លៀង គឺចប់ហើយពុំអាចលក់កើតឡើយ មិនត្រឹមតែគ្មានអ្នកចូលទិញទេ គឺខោអាវអាច និងទទឹកខូចអស់មិនខាន ។ អ្នកស្រី វ៉ាត វិច្ឆិកា  មានស្រុកកំណើតនៅខេត្តព្រៃវែង បានមកប្រកបរបររកស៊ីនៅភ្នំពេញរយៈពេលជាង ២ ឆ្នាំហើយ ក្រោយរៀបការជាមួយស្វាមីជាអ្នកភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ