ខេត្តព្រះសីហនុ ៖ មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា គិតរយៈពេល២ថ្ងៃ ពីថ្ងៃទី១ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ មានកុមារ និងយុវវ័យអាយុពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ចំនួន ៩៦៩៣នាក់ហើយ ដែលបានទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅគ្រប់មណ្ឌលចាក់វ៉ាក់សាំងទូទាំងខេត្តព្រះសីហនុ ក្នុងនោះរួមមានទាំងព្រះសង្ឃផង។ ចំពោះថ្ងៃទី៣ ខែសីហានេះ ក៏មានកុមារ និងយុវ័យច្រើនពាន់នាក់ទៅទទួលការចាក់វ៉ាក់សាំងនេះដែរ ក្រោមការសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ច គ្រូពេទ្យ និងកិច្ចសហការពីមាតា បិតា អាណាព្យាបាល។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទី១ ជូនកុមារ និងយុវវ័យអាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅខេត្តព្រះសីហនុ គ្រោងបិទបញ្ចប់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្នុងនោះអាជ្ញាធរអំពាវនាវឲ្យពលរដ្ឋជាមាតា បិតា អាណាព្យាបាលនាំបុត្រធីតាទៅទទួលវ៉ាក់សាំងនេះគ្រប់គ្នា ដើម្បីសុខភាពសហគមន៍ផង និងជាដំណើរការឆ្ពោះទៅរៀបចំឲ្យសិស្សានុសិស្សបានចូលសិក្សាតាមសាលារៀនវិញ នាបវេសនកាលឆ្នាំសិក្សាថ្មីខាងមុខនេះ៕ ដោយ ៖ ហ៊ុយ ចាន់ធួន
ចែករំលែកព័តមាននេះ