ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​កន្លែង​ស្តុក​អាល់កុល រឹបអូស​ជាង​១០០​០​ប៊ី​ដុង​ ​ម៉ាសជិត៤០០​កេស

2 ឆ្នាំ មុន
  • កណ្តាល

កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ទុក​លក់​និង​ចែក ចាយ​នូវ​អាល់កុល​និង​ម៉ាស របស់​ជនជាតិ​វៀតណាម​និង​ខ្មែរ​ចំនួន​១០​កន្លែង

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ត្រី លី សុ​ជាតិ ស្នងការ​រង​នគរបាល​ខេត្ត សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ស្រុក​លើក​ដែក មាន​អភិបាលរង​ស្រុក ការិយាល័យ​សុខាភិបាល​ស្រុក មេឃុំមេ​ភូមិ នគរបាល អាវុធហត្ថ ប្រជា​ការពារ​ភូមិដឹកនាំ​ដោយ​លោក ចាប ច័ន្ទ​វិទ្យា អភិបាលស្រុកលើក​ដែក បាន​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ទុក​លក់​និង​ចែក ចាយ​នូវ​អាល់កុល​និង​ម៉ាស របស់​ជនជាតិ​វៀតណាម​និង​ខ្មែរ​ចំនួន​១០​កន្លែង ដែល​សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខា ភិបាល ។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ​ពេញ គឺ​ចាប់ពី​ថ្ងៃ​ទី​៣១ ខែកក្កដា ដល់​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២១ នៅ​ភូមិ​ស្ពានដែក និង​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ក្នុង​នោះ​នៅ​ភូមិ​ស្ពានដែក មាន​៧​ទីតាំង ៖

១-​ផ្ទះ​ឈ្មោះ ដង ធី​សឿង ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជនជាតិ​វៀតណាម ដកហូត​អាល់កុល​៦៩​ប៊ីដុង និង​ម៉ាស​២១២​កេស ។ ២-​ផ្ទះ​ឈ្មោះ ង្វៀ​ន ធី​ជាង ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​វៀតណាម ដកហូត​អាល់កុល​២,៥​ប៊ីដុង និង​១០៨​ដប​(​ចំណុះ​៥០០​មី​ល្លី​លី​ត្រ​/​ដប​) ម៉ាស​៦​កេស​និង​២៧៨​ប្រអប់ ។ ៣-​ផ្ទះ​ឈ្មោះ ដាំង យ៉ាំ​ង​ង្វៀ​ង ភេទ​ប្រុសអាយុ​៥០​ឆ្នាំ ជនជាតិ​វៀតណាម ដកហូត អាល់កុ​ល​៣៦០​ដប​(​ចំណុះ​៥០០​មី​ល្លី​លី​ត្រ​/​ដប​) និង​ម៉ាស​៨​កេស ។ ៤-​ឈ្មោះ ជួន ស្រី​នាង ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ដកហូត​ម៉ាស​១២​កេស និង​២៥៥០​ប្រអប់ ។ ៥-​ឈ្មោះ ង្វៀ​ន យុ​ាំ​ង​មុ​ាំ​ង ភេទ​ប្រុស អាយុ៤៨​ឆ្នាំ ជនជាតិ​វៀតណាម ដកហូត​អាល់កុល​១៧​ប៊ីដុង ។

៦-​ផ្ទះ​ឈ្មោះ ង្វៀ​ន យុ​ាំ​ង​ជាំ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម ដកហូត​ម៉ាស​៧​កេស ។ ៧-​ផ្ទះ​ឈ្មោះ ង្វៀ​ន ធី​ហាន់ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម ដកហូត​អាល់កុល​៥៦​ប៊ីដុង ម៉ាស​៣៩​កេស និង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ព​ណ​ទឹក​ប៊ិក ស៊េរី​ឆ្នាំ​២០១៦ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១GC-០០១២ ។

ចំណែក​នៅ​ភូមិ​កំពង់ចម្លង មាន​៣​ទីតាំង ៖ ១-​ផ្ទះ​ឈ្មោះ សុង ធី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​វៀតណាម ដកហូត​ម៉ាស​៧០​កេស។២-​ផ្ទះ​ឈ្មោះ ង្វៀ​ន ធី​ថាំង ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ជនជាតិ​វៀតណាម ដកហូត​ម៉ាស​២០​កេស ។ ៣-​ផ្ទះ​ឈ្មោះ លី ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​វៀតណាម ដកហូត​ម៉ាស​២២​កេស ។

សរុប​ការ​ដកហូត​វត្ថុ​តាង​ទាំង​១០​ទីតាំង​រួម​មាន អាល់កុល​ចំនួន​១៤៤,៥​ប៊ីដុង និង​៤៦៨​ដប និង​ម៉ាស​ចំនួន​៣៩៦​កេស និង​២.៨២៨​ប្រអប់ ។ វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​សាលាស្រុក​លើក​ដែក ដើម្បី​បន្ត​នីតិវិធី ។

ខណៈ​បង្ក្រាប​នោះ ម្ចាស់​អាល់កុល​និង​ម៉ាស​ទាំងនោះ​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា អាល់កុល​និង​ម៉ាស​ទាំងនេះ គឺ​ពួក​គេ​ទិញ​មក​ពី​ក្រុមហ៊ុន​មួយ​មិនដឹង​ឈ្មោះ​នៅ​រាជធានី​ភ្នំពេញ មាន​ក្រដាស​បង់ពន្ធ​បញ្ជាក់​ពី​មន្ត្រី​គយ​ត្រឹមត្រូវ ។ ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​សួរនាំ​សុំ​ពិនិត្យ​មើល​ទំ​និ​ញ​ទាំងនោះ គឺ​ពុំ​មាន​លិខិត​ស្នាម​អ្វី​ទាំងអស់ ដោយ​ខ្លះ​ប្រាប់​ថា​ក្រដាស​បង់ពន្ធ​នៅ​ភ្នំពេញ ។ ទោះជា​យ៉ាងណា បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​និង​ប្រជាពលរដ្ឋ​បាន​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា អាល់កុល​និង​ម៉ាស​របស់​ឈ្មួញ​ជន​ជាតិ​វៀតណាម​និង​ខ្មែរ​ទាំងនេះ មិនមែន​យក​មក​ពី​ភ្នំពេញ​ទេ គឺ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ។

ការ​នាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ​ទាំង​តាម​ផ្លូវទឹក​និង​ផ្លូវគោក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ​នេះ គឺ​សុទ្ធតែ​មាន​អ្នក​រត់ការ​ជា​មុន ដោយ​ខ្លះ​បង់ពន្ធ​មិន​គ្រប់ និង​ខ្លះ​អត់​បង់ពន្ធ​ក៏​មាន​ដែរ ។ ការ​នាំ​ចូល​ទំនិញ​គ្មាន​ការ​ត្រួតពិនិត្យ​នូវ​សារ​ធាតុគីមី​ឱ្យ​បាន​ល្អិតល្អន់​បែប​នេះ អាច​នឹង​ប្រឈម​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព អាយុជីវិត​អ្នក​ប្រើប្រាស់​យ៉ាងធ្ងន់ធ្ងរ ជា​ពិសេស​នាំ​ឱ្យ​បាត់បង់​នូវ​ចំណូល​រដ្ឋ​ទៀត​ផង ។

បើ​តាម​ការ​សង្ស័យ​អ្នកខ្លះ​និយាយ​ថា មិនមែន​ជា​អាល់កុល​សុទ្ធ​ទេ គឺ​មាន​មេតា​ណុ​លលា​យ រួច​ច្រក​ដាក់​ដប​និង​បិទ​ស្លាក​សញ្ញា​សុខាភិបាល​ដោយ​ខ្លួនឯង ។

បើ​តាម​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា វត្ថុ​តាង​ដែល​ដកហូត​នេះ​យក​ទៅ​រក្សា​ទុក​នៅ​សាលាស្រុក​លើក​ដែក​ជា​បណ្តោះអាសន្ន តែ​សម្រាប់​ម៉ាស​បើ​ម្ចាស់​មាន​ឯកសារ​បង់ពន្ធ​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ យើង​នឹង​ប្រគល់​ជូន​វិញ ។ ចំណែក​អាល់កុល​ដាច់ខាត​មិន​ប្រគល់​ឱ្យ​ទេ នឹង​បញ្ជូន​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍ បើសិន​រក​ឃើញ​មាន​លាយ​សារធាតុ​គីមី​ពិត​មែន​ម្ចាស់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ