ការលក់មានសារសំខាន់ណាស់សម្រាប់ទីផ្សារ ក្រៅពីបានផ្តល់នូវសារសំខាន់លើផ្នែករូបភាព ឬការលក់ទំនិញដល់អតិថិជន ក្រុមការងារផ្នែកលក់ ឬបុគ្គលិកដែលឆ្លាត ក្រៅពីមានសមត្ថភាព មានសិល្បៈក្នុងការលក់ហើយនោះ ក៏ត្រូវមានជំនាញលើការគ្រប់គ្រងផ្នែកលក់ផងដែរ គឺជារឿងមានសារសំខាន់ និងចាំបាច់យ៉ាងខ្លាំង ព្រោះការធ្វើពាណិជ្ជកម្មរមែងមានការប្រកួតប្រជែងខ្ពស់ និងខ្លាំងក្លា ហេតុដូច្នេះហើយក្រុមផ្នែកលក់ចាំបាច់ត្រូវតែព្យាយាមលក់ទំនិញ និងផ្តល់សេវាកម្មដល់អតិថិជនឱ្យបានល្អ ។
វិធីសាស្ត្រគ្រប់គ្រងការលក់ គឺការមានប្រៀបលើការប្រកួតប្រជែង ដែលអ្នកគ្រប់គ្រងត្រូវបង្កើតឡើង និងអភិវឌ្ឍន៍ក្រុមផ្នែកលក់ឱ្យមានសក្តានុពល គឺចាប់ផ្តើមពីការធ្វើផែនការទីផ្សារ ការគ្រប់គ្រងផ្នែកលក់ រួមទាំងត្រួតពិនិត្យការប៉ាន់ប្រមាណការងាររបស់បុគ្គលិក គួរអនុវត្តដូចខាងក្រោមនេះ ៖
១-ការធ្វើផែនការទីផ្សារដោយប្រើវិធីសាស្ត្រគ្រប់គ្រងការលក់ ៖
ត្រូវបង្កើតរូបភាពនៃការលក់ក្នុងលក្ខណៈផ្ទាល់ និងបង្កើតឱកាសដល់បុគ្គលិកផ្នែកលក់ឱ្យមានចំណែករួមក្នុងការផ្តល់ជំនាញលក់របស់គេ ឬស្នើឡើងពីវិធីសាស្ត្រ ក្នុងការផ្តល់សេវាដល់អតិថិជន ដើម្បីឱ្យអតិថិជនមានការពេញចិត្ត ។ យើងត្រូវទាក់ទាញបុគ្គលិកឱ្យមានចំណែករួមក្នុងការកំណត់ផែនការទីផ្សារ ដើម្បីជំរុញអត្រាការលក់ឱ្យបានច្រើន ។
២-គ្រប់គ្រងប្រព័ន្ធការលក់ដល់បុគ្គលិក ៖
ត្រូវផ្តល់ការហ្វឹកហ្វឺនបំប៉នជំនាញពីការលក់ដល់បុគ្គលិក, អភិវឌ្ឍន៍ជំនាញនៃការមានសម្ព័ន្ធមេត្រីភាពធ្វើឱ្យអតិថិជនមានអារម្មណ៍ធូរស្រាល និងឈានទៅរកការមានវិជ្ជាជីវៈ ។
៣-ត្រួតពិនិត្យ និងវាយតម្លៃលើការងាររបស់បុគ្គលិកលក់ដោយការធ្វើតេស្ត និងផ្តល់សេវាកម្ម ៖
ដើម្បីបំពេញសមត្ថភាពការងាររបស់បុគ្គលិកជាមួយអតិថិជន ពេលដែលពួកគេនៅមានការខ្វះខាត យើងត្រូវបង្កើតការលើកទឹកចិត្តដល់បុគ្គលិកផ្នែកលក់តាមរូបភាពផ្សេងៗ ដូចជា សិក្សាពីការងារនៅខាងក្រៅ កំណត់ការលក់ ឬកំណត់គោលដៅក្នុងការធ្វើសកម្មភាពរួមគ្នា ។
បច្ចេកទេសគ្រប់គ្រងការលក់ គឺជាកត្តាឈានទៅរកភាពជោគជ័យ ដែលត្រូវពឹងផ្អែកលើការរួមចំណែកគ្រប់ផ្នែកទាំងអស់ក្នុងអាជីវកម្ម ជាពិសេស អ្នកគ្រប់គ្រងត្រូវត្រៀមខ្លួនរៀនសូត្រជានិច្ច ដើម្បីផ្លាស់ប្តូរខ្លួនឱ្យស្របតាមយុគសម័យ និងតាមទាន់ការបម្រែបម្រួលសេដ្ឋកិច្ចដែលកើតឡើងជាបន្តបន្ទាប់ និងនៅគ្រប់ពេលវេលា ៕
ចែករំលែកព័តមាននេះ