ខេត្តមណ្ឌលគិរី ៖ ឈ្មួញជួញដូរដីធ្លីដ៏ល្បីនៅខេត្តមណ្ឌលគិរីម្នាក់ ត្រូវបានសាលាឧទ្ធរណ៍ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ក្រោយពីបានប្រព្រឹត្តឹសកម្មភាពល្មើសច្បាប់ទៅលើទ្រព្យសម្បត្តិរបស់អ្នកដទៃ តែគេចផុតពីការចោទប្រកាន់របស់តុលាការខេត្តមណ្ឌល
គិរី។
យោងតាមដីកាបង្គាប់របស់លោក រៀល សុភិន ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលមានចុះលេខ 651.ដក.ឧតឃ/21 បានបដិសេធដីកាសម្រេចមិនឃុំខ្លួនបណ្ដោះអាសន្នលេខ 71 ដសមឃប ចុះថ្ងៃទី 29 ខែ មិនា ឆ្នាំ 2021 របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី លើជនត្រូវចោទឈ្មោះ ទូច ហឿន ។
ក្នុងដីកាបង្គាប់ខាងលើ បានបញ្ជាចាប់ខ្លួននិងឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទឈ្មោះ ទូច ហឿន ភេទប្រុស អាយុ 38 ឆ្នាំជនជាតិខ្មែរ មុខរបរកសិករកំរិតវប្បធម៌ថ្នាក់បរិញ្ញាបត្រ មានទីកន្លែងកំណើតនៅភូមិរការខ្នុរ ឃុំកោះច្រែង ស្រុកក្រចេះ ខេត្តក្រចេះ ទីលំនៅបច្ចុប្បន្ននៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្រពន្ធឈ្មោះ ប៊ុតហុត ភិមផា ទោសពីមុនគ្មាន។
យោងតាមដីកានេះ សាលាឧទ្ធរណ៍បានចោទពីបទ ធ្វើឲ្យខូចខាតដោយចេតនា ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅភូមិពូត្រុំសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅអំឡុងឆ្នាំ 2020 បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា 410 មាត្រា629 និងមាត្រា630 នៃក្រមព្រហ្មទណ្ឌ។
តាមអំណាចសាលដីកាលេខ38 ស.សក្រIV(រ.ក) ចុះថ្ងៃទី 7 ខែកក្កដា ឆ្នាំ2021 របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ បានសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ទូច ហឿន មកឃុំខ្លួននៅមន្ទីរឃុំឃាំងពន្ធនាគារខេត្តមណ្ឌលគិរី ចាប់តាំងពីថ្ងៃប្រកាសសាលដីកានេះតទៅ។ដូច្នេះដើម្បីធានាផលប្រយោជន៍ក្នុងការអនុវត្តច្បាប់ដើម្បីចេញដីកាបង្គាប់ ឲ្យចាប់ខ្លួនឈ្មោះខាងលើនេះ យកមកអនុវត្តទោសតាមអំណាចដីការបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ត្បូងឃ្មុំ ។
ដីកានេះ បានបញ្ជាដល់កងកម្លាំងសាធារណៈឲ្យស្រាវជ្រាវ រកចាប់និងនាំខ្លួនឈ្មោះ ទូច ហឿន (មានអត្តសញ្ញាណដូចខាងលើ)ទៅឃុំខ្លួននៅពន្ធនាគារខេត្តមណ្ឌលគិរី។ បញ្ជាដល់ប្រធានពន្ធនាគារខេត្តមណ្ឌលគិរី ទទួលរងនិងឃុំខ្លួន ឈ្មោះ ទូច ហឿន រហូតដល់មានសេចក្តីសម្រេចថ្មី៕
ចែករំលែកព័តមាននេះ