ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​ដូន​កែវ ដឹកនាំ​មន្ត្រី​ជំនាញ​ពិនិត្យ​ការដ្ឋាន​ចាក់ដី ដោយ​រកឃើញថា មិនមែនជា​ការរំលោ.ភ​លើ​ប្រឡាយទឹក​រដ្ឋ​ទេ​

2 ឆ្នាំ មុន
  • តាកែវ

តាកែវ​៖ នៅ​ព្រឹក​ថៃទី​១ ខែសីហា ឆ្នាំ​២០២១​នេះ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ សហការ​ជាមួយ​មន្ទីរ​ធនធានទឹក ការិយាល័យ​ភូមិបាល​ក្រុង…

តាកែវ​៖ នៅ​ព្រឹក​ថៃទី​១ ខែសីហា ឆ្នាំ​២០២១​នេះ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ សហការ​ជាមួយ​មន្ទីរ​ធនធានទឹក ការិយាល័យ​ភូមិបាល​ក្រុង និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ រួម​ជាមួយនឹង​ម្ចាស់​ដី​ផ្ទាល់ លោក ហាស់ សូ​បិ​ន្ត បាន​ពិនិត្យ​លើ​ការចាក់ដី នៅក្នុង​បរិវេណ​ដី​នៅ​ជិត​ប្រឡាយទឹក​។ ជា​លទ្ធផល អាជ្ញាធរ​ពិនិត្យឃើញថា ការចាក់ដី​លើ​ភូមិសាស្ត្រ ក្នុង​ទីតាំង​ខាងលើ គឺ​ពុំមាន​ការរំលោភបំពាន​លើដី​ប្រឡាយ​រំដោះ​ទឹក​នោះទេ​។

​អភិបាលស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ការដ្ឋាន​នេះ ធ្វើឡើង ក្រោយពី​មានការ​ចេញផ្សាយ​របស់​កោះសន្តិភាព កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២១ អំពី​រឿង​មាន​អតីត​អភិបាលរង​ខេត្តកំពត ដែល​ធ្លាក់​ពី​តំណែង បាន​ចាក់ដី​លុប​យក​ដី​បឹង ហើយ​មិនតែប៉ុណ្ណោះ បាន​ចាក់ដី​លុប​យក​ប្រឡាយ​មេ ដែល​រំដោះ​ចេញពី​ក្រុង យកមក​ធ្វើ​កម្មសិទ្ធិ ដែលមាន​ទីតាំង នៅ​ភូមិ​ស្នោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។

​ជាមួយនឹង​ការចុះពិនិត្យ​នោះដែរ មន្ត្រី​ជំនាញ​ធនធានទឹក​ក្រុង បានអោយដឹងថា ប្រឡាយ​រំដោះ​ទឹក​ចេញពី​ក្រុង​នេះ ពីមុនមក​មាន​ទំហំ​តូច គឺ​មាត់​ប្រឡាយ​មាន​ប្រវែង ៣​ម៉ែត្រ​តែប៉ុណ្ណោះ ហើយ​ក្រោយ​ការចុះ​ត្រួតពិនិត្យ ក្នុងថ្ងៃនេះ គឺ​ការចាក់ដី ក្នុង​ទីតាំង​របស់​ម្ចាស់​ដី​លើ​ទីតាំង​នេះ មិនបាន​រំលោភ​លើដី​ប្រឡាយ​នោះទេ​។

​ក្នុងនោះដែរ ស្របតាម​ការពិនិត្យ និង​ធ្វើការ​វាស់វែង​ដោយ​មន្ត្រី​ជំនាញ ភូមិបាល​ក្រុង និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធានទឹក​រួច​រាល់ ឃើញថា មិនមាន​ការរំលោភ​ដោយ​ការចាក់ដី​យក​ប្រឡាយ​នេះ​ទេ​។

​លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ បាន​ឯកភាព រួមគ្នា​ជាមួយនឹង​មន្ត្រី​ជំនាញ​ទាំងអស់ និង​ម្ចាស់​ដី ដើម្បី​ស្តារ​ប្រឡាយ​ចាស់​ឡើងវិញ ដោយ​ពង្រីក​ប្រឡាយទឹក​ចាស់ អោយមាន​ទំហំ​ធំ​ជាង​មុន សម្រួល​ដល់​ការរំដោះ​ទឹកស្អុយ​ចេញពី​ទីក្រុង​ដូន​កែវ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​។ ប្រឡាយទឹក​នេះ នឹងត្រូវ​ពង្រីក ទំហំ ១៤​ម៉ែត្រ​បន្ថែម លើ​ប្រឡាយ​ចាស់ ដោយ​វាស់​គិត​ចេញពី​អ័ក្ស​ប្រឡាយ​ចាស់ ដែលមាន​ទំហំ​តែ ៣​ម៉ែត្រ​ប៉ុណ្ណោះ​។

​លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ បាន​បន្តទៀតថា ទន្ទឹមនឹង​ផ្តល់​ដី ដើម្បី​ពង្រីក​ប្រឡាយទឹក កុំអោយ​ជន់​លិច​ក្រុង​រួចមក លោក ហាស់ សុ​បិ​ន្ត ក៏បាន​ចាក់​បេតុង លើផ្លូវ​ប្រវែង​ជាង ១០០​ម៉ែត្រ សម្រាប់​ជូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​ទៅមក​ផងដែរ​។

​លោក​អភិបាលក្រុង បន្តថា ដូច្នេះ​នៅពេលនេះ ក្រុមការងារ​ចម្រុះ បាន​ពង្រីក​ប្រឡាយទឹក​រំដោះ​ទឹក​ចេញពី​ក្រុង កុំអោយ​លិច​ក្រុង ពេល​ភ្លៀង​ធ្លាក់​មក​ម្តងៗ បាន​ធំ​ទូលាយ ដោយ​ចាប់ពី​ប្រឡាយ​ចាស់ ត​ភ្ជាប់​ទៅ​ប្រឡាយ​លេខ​១៥ ប្រវែង​ជាង ៦០០​ម៉ែត្រ ហើយ​ប្រឡាយ​មេនេះ ក៏បាន​ត​ភ្ជាប់​ទៅដល់​កំពុងទូក​ក្រោម មាន​ប្រវែង​ជិត ១០០០​ម៉ែត្រ​ថែមទៀត​ផងដែរ​។​

​ជាមួយគ្នានេះដែរ លោក ហាស់ សុ​បិ​ន្ត ម្ចាស់​ដី បាន​បញ្ជាក់ថា រូបលោក មិនបាន​រំលោភបំពាន​លើដី​ប្រឡាយ​របស់​រដ្ឋ​ឡើយ​។ លោក​ក៏​សូម​ឯកភាព​ផ្តល់​ដី​របស់​ខ្លូន ចេញពី​មាត់​ប្រឡាយ​បន្ថែម តាម​ការឯកភាព​រប​ស់អា​ជ្ញ​ធរ​ក្រុង​ដូន​កែវ ក្នុងការ​ស្តារ​ប្រឡាយ​ចាស់​ឡើងវិញ ដើម្បី​ពង្រីក​ប្រឡាយទឹក​ឲ្យ​កាន់តែ​ធំ ក្នុងការ​បញ្ចៀស​ការ​ជន់​លិច​ក្រុង​ដូន​កែវ នា​រដូវ​មាន​ភ្លៀង​ធ្លាក់ រដូវវស្សា​នេះ​។

មន្ត្រី​ធនធានទឹក ក្រុង​ដូន​កែវ បាន​ប្រាប់​កោះសន្តិភាព​ថា ចំពោះ​ផ្ទៃដី​របស់លោក ហាស់ សុ​បិ​ន្ត ជាង ២​ហិច​តា ដែល​កំពុង​ចាក់ដី​លុប​នៅពេលនេះ ជា​ដី​របស់គាត់ ដែល​បាន​ទិញ​យូរ​មកហើយ និង​ជា​ដី​អាស្រ័យ​ផល សម្រាប់​ធ្វើស្រែ ដោយ​មិនមាន​ប្លង់រឹង ហើយ​ចំពោះ​រឿង​ចាក់ដី​លុប​នេះ ក៏​មិនមាន​ច្បាប់​ដែរ គឺ​គ្រាន់តែ​ត្រូវ​គ្នា ជាមួយ​ថ្នាក់លើ ជាការ​ស្រេច​។

មន្ត្រី​ធនធាន​ទឹក​ដដែល បាន​បញ្ជាក់ថា ចំពោះ​ដី​អាស្រ័យ​ផល បើ​ចង់​ចាក់ដី កែម​កដី​លំនៅដ្ឋាន​វិញ​នោះ ទាល់តែ​មានច្បាប់​ត្រឹមត្រូវ ទើប​អាច​ដំណើរការ​ចាក់ដី​លុប ធ្វើ​សំណង់​រឹង​បាន​៕ សេង សុធា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ