ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​ដល់​មនុស្ស​ចាស់ ក្រោយ​កូ​វី​ដ​វាយលុក​ខ្លាំង

2 ឆ្នាំ មុន

អ៊ី​ស្រា​អែ​ល ៖ ប្រទេស​អ៊ី​ស្រា​អែ​ល​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​ដូ​ស​ទី​៣ របស់​ក្រុមហ៊ុន Pfizer ដល់​មនុស្ស​មាន​អាយុ​

អ៊ី​ស្រា​អែ​ល ៖ ប្រទេស​អ៊ី​ស្រា​អែ​ល​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​ដូ​ស​ទី​៣ របស់​ក្រុមហ៊ុន Pfizer ដល់​មនុស្ស​មាន​អាយុ​លើស​ពី​៦០​ឆ្នាំ ដែល​នេះ​ជា​កិច្ច​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល ដើម្បី​កាត់​បន្ថយ​ការ​កើនឡើង​ករណី​ឆ្លង ជា​ពិសេស​ការ​ប្រែប្រួល​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី «Delta»​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Reuters នៅ​ថ្ងៃនេះ​។

នាយក​រដ្ឋមន្ត្រី Naftali Bennett បាន​លើក​ឡើង​ថា ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ នឹង​ចាប់ផ្តើម​ពី​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​នេះ ដើម្បី​ឆ្លើយ​តប​តាម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បំពេញបន្ថែម​របស់​រដ្ឋាភិបាល ដល់​មនុស្ស​មាន​អាយុ​លើស​៦០​ឆ្នាំ ដែល​បាន​ចាក់​២​ដូ​សរួច កាលពី​៥​ខែ​មុន​។ សកម្មភាព​នេះ ធ្វើ​ឱ្យ​អ៊ី​ស្រា​អែ​ល​ក្លាយជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ដែល​ចាក់​ដូ​ស​ទី​៣ ដល់​មនុស្ស​ចាស់​។

ជាមួយ​គ្នា​នោះ លោក​ប្រធានាធិបតី Isaac Herzog ឈាន​ចូល​វ័យ​៦១​ឆ្នាំ នៅ​ខែកញ្ញា​ខាង​មុខ នឹង​ក្លាយជា​មនុស្ស​ដំបូង​គេ​ក្នុង​ប្រទេស​នេះ ដែល​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ នៅ​ថ្ងៃ​សុក្រ​នេះ​។

លោកនាយក​រដ្ឋមន្ត្រី​បន្ត​ថា គោលបំណង​នៃ​យុទ្ធនាការ គឺ​ដើម្បី​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​វីរុស និង​បង្ការ​មិន​ឱ្យ​អ្នកជំងឺ​ធ្លាក់​ចូល​ស្ថានភាព​ធ្ងន់ធ្ងរ​។ ទន្ទឹម​នឹង​នេះ បើ​តាម​លទ្ធផល​សាកល្បង​ពី​អ្នកជំនាញ​បង្ហាញ​ថា មនុស្ស​២០០០​នាក់ ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​បាន​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​៣​រួច​ហើយ ដោយ​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ​។

សូម​ជម្រាប​ថា ប្រហែល ៥៧% នៃ​ប្រជាជន​សរុប ៩,៣​លាន​នាក់​របស់​អ៊ី​ស្រា​អែ​ល​បាន​ចាក់​វ៉ាក់សាំង​២​ដូ​ស ដែល​ភាគច្រើន​របស់​ក្រុមហ៊ុន Pfizer​។ ក្នុង​នោះ​មនុស្ស​ប្រហែល ១៦០​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាមួយ​រោគ​សញ្ញា​ធ្ងន់ធ្ងរ​។ ខណៈ​ដែល​ការ​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃជា​មធ្យម​ជាង​២,០០០​ករណី​នៅ​ស​ប្តា​ហ៍​នេះ ដែល​នេះ​ជា​តួលេខ​ខ្ពស់​បំផុត​មួយ បើ​ធៀប​កាលពី​ប៉ុន្មាន​ខែ​មុន​៕

លោក​ប្រធានាធិបតី Isaac Herzog
នាយក​រដ្ឋមន្ត្រី Naftali Bennett

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ