ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច បញ្ជូន​ជនសង្ស័យ ៧​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​ប្រអប់​ត្រង់​ហ្វូ​ភ្លើង ខ្សែភ្លើង​អគ្គិសនី​

2 ឆ្នាំ មុន
  • ព្រះសីហនុ

ព្រះសីហនុ​៖ នគរបាល បញ្ជូន​ជនសង្ស័យ ៧​នាក់ ទៅ​សាលាដំបូង​ខេត្ត ផ្តន្ទាទោស ពីបទ​ចោរកម្ម លួច​ប្រអប់​ត្រង់​ហ្វូ​ភ្លើង ខ្សែ​ស្ពាន់​ភ្លើងអគ្គិសនី និង​ទទួល​ទិញ​ផល​ចោរកម្ម…

ព្រះសីហនុ​៖ នគរបាល បញ្ជូន​ជនសង្ស័យ ៧​នាក់ ទៅ​សាលាដំបូង​ខេត្ត ផ្តន្ទាទោស ពីបទ​ចោរកម្ម លួច​ប្រអប់​ត្រង់​ហ្វូ​ភ្លើង ខ្សែ​ស្ពាន់​ភ្លើងអគ្គិសនី និង​ទទួល​ទិញ​ផល​ចោរកម្ម នៅ​ក្រុងព្រះសីហនុ​។

ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បង្ក្រាបបាន​ករណី​ចោរកម្ម (​លួច​កាត់​ខ្សែភ្លើង និង​ត្រង់​ហ្វូ​ភ្លើង​) ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៧​នាក់​។ ក្នុងនោះ ៦​នាក់ ពាក់ព័ន្ធ​នឹង​សកម្មភាព​លួច​ដោយផ្ទាល់ និង​ម្នាក់ទៀត ពាក់ព័ន្ធ​នឹង​ទទួល​ទិញ​ផល​ចោរកម្ម​។

របាយការណ៍​នគរបាល​ក្រុងព្រះសីហនុ ឲ្យ​ដឹងថា កាលពី​ពាក់កណ្តាល​អា​ធ្រា​ត្រ ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​បុរី​គុជ​អាស៊ី ស្ថិតក្នុង​ក្រុមទី​១៤ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សង្កាត់​លេខ​៣ បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០៧​នាក់ ពីបទ​ចោរកម្ម​លួច​ប្រអប់​ត្រង់​ហ្វូ​ភ្លើង ខ្សែ​ស្ពាន់​ភ្លើងអគ្គិសនី និង​ទទួល​ទិញ​ផល​ចោរកម្ម ដែលមាន​ឈ្មោះ ដូចខាងក្រោម​៖

១. ឈ្មោះ ពេជ្រ រាជ្យ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​អូរត្រេះ ឃុំ​ស្ទឹងហាវ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។ ជននេះ ជា​មេខ្លោង​។​
២. ឈ្មោះ ពេជ្រ ចាន់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ភូមិ​អូរត្រេះ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។ ជននេះ ក៏​ជា​មេខ្លោង​ដែរ​។​
៣. ឈ្មោះ ង៉ែត ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​២ ក្រុងព្រះសីហនុ ជា​អ្នកចូលរួម​លួច ឬ​សហចារី​។​
៤. ឈ្មោះ ឈិន ចំរើន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​មិន​ពិតប្រាកដ (​សហចារី​)​។​
៥. ឈ្មោះ ផល លាភ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​មិន​ពិតប្រាកដ (​សហចារី​)​។​
៦. ឈ្មោះ មៀ​ច ភ័ក្ត្រ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មុខរបរ​រើស​អេតចាយ មាន​ទីលំនៅ​មិន​ពិតប្រាកដ (​សហចារី​)​។​
៧. ឈ្មោះ ឡុង ហេង​យូ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​ទិញ​និង​លក់​អេតចាយ មាន​ទីលំនៅ​ក្រុមទី​៣១ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ (​អ្នកទទួលផល​ចោរកម្ម​)​។​

​វត្ថុតាង​ដកហូត​បាន រួមមាន​៖ ត្រង់​ហ្វូ​ភ្លើង ០១​គ្រឿង (​ផល​នៃ​អំពើ​លួច​) ខ្សែ​ស្ពាន់​រុំ​ត្រង់​ហ្វូ​ចំនួន ១១​បាវ ទម្ងន់ ៣៧៨​គីឡូក្រាម (​ផល​នៃ​អំពើ​លួច​) ម៉ូតូ ០១​គ្រឿង (​មធ្យោបាយ​ដឹកជញ្ជូន​) ឧបករណ៍​សម្ភារៈ​សម្រាប់​កាត់​ខ្សែភ្លើង មួយចំនួនធំ​។​

​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ