ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​សកម្មភាព​លើ​នារី​ម្នាក់ ​រួចរត់​​ពួន​សំងំ​ក្នុង​បន្ទប់ តែ​​ចប់​ត្រឹម​​​ Zanly

2 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌចំការមន ឡោម​ព័ទ្ធ​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌចំការមន ឡោម​ព័ទ្ធ​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​មួយ​គ្រឿង​ពី​នារី​ម្នាក់​បាន​សម្រេច រួច​បាន​នាំ​គ្នា​ជិះ​រត់គេច​ទៅ​ស​ង្ងំ​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១ ត្រង់​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ចាប់​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ មឿង សុធា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ (​ជា​អ្នក​បិទ​គូទ​)​។ ចំណែកឯ​បក្ខពួក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​មានឈ្មោះ ឧត្ដម ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ជាមួយ​គ្នា (​ជា​អ្នក​ធ្វើ​សកម្មភាព​) ។ ក្រោយ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​បាន​ចំនួន​២​គ្រឿង ដោយ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្កុប​ភី​ក្លឹ​ប ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1IR-4555 និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ស្កុប​ភី ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ​បិទ​តែម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ​1IC-8674​។

ប្រភព​ដដែល​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ រួម​ជាមួយ​បក្ខពួក​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ទាំង​ពីរ​គ្រឿង និង​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​11 ពី​ដៃ​នារី​ជា​ជន​រង​គ្រោះ​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ ខណៈ​ពេល​ដែល​នាង​កំពុង​តែ​អង្គុយ​នៅ​លើ​ម៉ូតូ​កង់​បី​មួយ​គ្រឿង នៅ​ត្រង់​ចំណុច​ក្បែរ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ភី​ធី​ធី តាម​បណ្ដោយ​ផ្លូវ​៤៣០ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច​រួច ជនសង្ស័យ និង​បក្ខពួក​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ នារី​រង​គ្រោះ​ក៏​ទំនាក់ទំនង​ប្រាប់​បងប្រុស​របស់​នាង ពេល​នោះ​បងប្រុស​របស់​នារី​រង​គ្រោះ​ក៏​បាន​យក​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​មក​បើក​មើល​កម្មវិធី (Zanly) ដែល​ជា​កម្មវិធី​ទំនាក់ទំនង​ប្រាប់​ពី​ផែនទី ដោយសារ​តែ​បងប្រុស​របស់​នារី​រង​គ្រោះ​បាន​ធ្វើការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ទូរស័ព្ទ​ដៃ ដែល​ត្រូវ​ជនសង្ស័យ​ឆក់​យក​ទៅ​។ រហូត​បានឃើញ​ពី​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ រួច បងប្រុស​ជន​រង​គ្រោះ​ក៏​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍​តែ​ម្តង​។

បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន ក៏​បាន​ធ្វើការ​សហការ​ជាមួយនឹង​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ ចុះ​ឡោម​ព័ទ្ធ​ត្រង់​ចំណុច​កើតហេតុ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ចំណែកឯ​បក្ខពួក​ម្នាក់​ទៀត​បាន​យក​ទូរស័ព្ទ​ដៃ​របស់​នារី​រង​គ្រោះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​តែ​ម្ដង​។

បច្ចុប្បន្ន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាំង ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ខណ្ឌចំការមន នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រង់ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ