ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន មិន​ហ៊ាន​ទទួល​ឱ្យ​ស្ត្រី​ម្នាក់ សម្រាលកូន​ទេ ដោយ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩

2 ឆ្នាំ មុន
  • ប៉ៃលិន

​ខេត្ត​ប៉ៃលិន​៖ ស្ត្រី​ម្នាក់ ដែលជា​បង​របស់​ស្ត្រី ដែល​បាន​សម្រាលកូន​ដោយ​ខ្លួនឯង នៅលើ​រថយន្ត ក្បែរ​មណ្ឌល​សុខភាព​ស្តៅ បាន​លើកឡើងថា មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន មិន​ហ៊ាន​ទទួល​ឱ្យ​ប្អូនស្រី​របស់គាត់ សម្រាលកូន​ទេ…

​ខេត្ត​ប៉ៃលិន​៖ ស្ត្រី​ម្នាក់ ដែលជា​បង​របស់​ស្ត្រី ដែល​បាន​សម្រាលកូន​ដោយ​ខ្លួនឯង នៅលើ​រថយន្ត ក្បែរ​មណ្ឌល​សុខភាព​ស្តៅ បាន​លើកឡើងថា មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន មិន​ហ៊ាន​ទទួល​ឱ្យ​ប្អូនស្រី​របស់គាត់ សម្រាលកូន​ទេ ដោយ​ពេទ្យ​នោះ ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ ចំណែក​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន លើកឡើងថា ដោយសារតែ​គ្រូពេទ្យ ទើប​សម្រាលកូន​ឲ្យ​ស្ត្រី​ម្នាក់ ដែល​ផ្ទុក​កូ​វីដ ហើយ​គ្រូពេទ្យ​ទាំងនោះ ក៏​ឆ្លង​កូ​វីដ​ដែរ​។​

​ស្ត្រី​រូបនោះ បាន​ថ្លែងអំណរគុណ​ម្តង​ហើយ​ម្តងទៀត ចំពោះ​ក្រុមគ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ស្តៅ ដែល​បាន​យកចិត្តទុកដាក់ ចំពោះ​ប្អូនស្រី​របស់ខ្លួន រហូត​សម្រាលកូន​ដោយ​សុវត្ថិភាព​។​

​ស្ត្រី​រូបនោះ លើកឡើងថា ប្អូនស្រី​របស់​នាង​ឈឺពោះ រៀបនឹង​សម្រាលកូន ពេលយប់ លុះ​ប្តី​ដឹក​យកទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ស្រាប់តែ​គ្រូពេទ្យ​ផ្នែក​សម្ភព មិន​ហ៊ាន​ទទួល​ឱ្យ​សម្រាល​ទេ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​រុញឱ្យ​ដឹក​យកទៅ​សម្រាលកូន នៅ​កន្លែង​ផ្សេង​។ ពេល​ឃើញ​ប្រពន្ធ​ឈឺពោះ កាន់តែខ្លាំង​ឡើងៗ ប្តី​ចាប់ផ្តើម​ព្រួយបារម្ភ គិត​អ្វី​មិន​ចេញ ក៏​ដឹក​យកទៅ​មណ្ឌល​សុខភាព​ផ្សេង និង​គ្លីនិក​ក្នុង​ខេត្ត​។ តែ​គ្រូពេទ្យ មិន​ទទួល ទើប​ប្រញាប់​ដឹក​យកទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ទាំង​អារម្មណ៍ មិន​នឹងនរ លុះដល់​ក្បែរ​មណ្ឌល​សុខភាព​ស្តៅ នាង​ឈឺពោះ​យ៉ាង​សន្ធាប់ កាន់តែខ្លាំង​ឡើងៗ ដោយ​កូន​បម្រះ​រក​ចេញមកក្រៅ បណ្តាលឱ្យ​សម្រាល​ដោយ​ខ្លួនឯង ស្របពេលនោះ បាន​ក្រុមគ្រូពេទ្យ​មណ្ឌល​សុខភាព​ស្តៅ ជួយ​ទាន់ពេលវេលា​។

​ហេតុការណ៍​ស្ត្រី​សម្រាល​ដោយ​កូន​ខ្លួនឯង លើ​រថយន្ត​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១១ និង ៤០​នាទី យប់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ ស្ថិតនៅ​ក្បែរ​មណ្ឌល​សុខភាព​ស្តៅ ក្នុង​ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។

​ប្រភពព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ដែល​បាន​អះអាងថា ជា​បង​ស្ត្រី ដែល​សម្រាលកូន​ខ្លួនឯង នៅលើ​រថយន្ត បាន​រៀបរាប់​ឱ្យដឹងថា ប្អូនស្រី​គាត់ មានឈ្មោះ មាន ប៊ុន​ណាត អាយុ ៣៨​ឆ្នាំ ប្តី​ឈ្មោះ តាំង សម្បត្តិ អាយុ ៤១​ឆ្នាំ មានកូន ៣​នាក់ ក្នុងបន្ទុក ស្រី​១ ប្រុស​២ ដោយ​កូនចុង​ក្រោយនេះ ជា​កូនប្រុស រស់នៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

​ប្រភព​បន្តទៀតថា នៅវេលា​ម៉ោង ១០​យប់ ថ្ងៃកើតហេតុ ប្អូនស្រី​របស់គាត់​ចាប់ផ្តើម​ឈឺពោះ រៀបនឹង​សម្រាលកូន លុះ​ពេលទៅដល់​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន កន្លែង​បន្ទប់​សម្ភព គ្រូពេទ្យ​ប្រុស​ម្នាក់ ចង់​ទទួល​ឱ្យ​សម្រាក​ដែរ តែ​គ្រូពេទ្យ​ស្រី​ម្នាក់ទៀត អត់​ព្រម​នោះទេ ព្រោះ​គ្រូពេទ្យ បាន​ប្រាប់ថា នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ ដោយ​ពាក់ព័ន្ធ​នឹង​ជំងឺ​ទូទៅ ផ្នែក​វះកាត់​របួស ឬ​ផ្នែក​ឱសថ មិន​ទទួល​នោះឡើយ គឺ​ទទួល​តែ​អ្នក​សម្រាលកូន​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រោយមក មិនដឹង​ជា​យ៉ាងណា បែរជា​គ្រូពេទ្យ រុញ​ប្អូន​គាត់​ចេញ ឱ្យទៅ​សម្រាល​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​វិញ​។

​គាត់​បញ្ជាក់ថា ក្រោយពេល​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន មិន​ព្រម​ទទួល ក៏​សម្រេចចិត្ត​បញ្ជូនទៅ​មណ្ឌល​សុខភាព​អូរ​ច្រា ក្នុងភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​។ តែ​គ្រូពេទ្យ មិន​ទទួល​ឱ្យ​សម្រាល​ទីនោះ​ដែរ ទើប​បញ្ជូនទៅ​គ្លីនិក​ឯកជន (​មន្ទីរ​ពហុ​ព្យាបាល ខេ​មរ​:) ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ក៏​គេ​មិន​ទទួល​ឱ្យ​សម្រាល​ដែរ ទើប​ប្រញាប់​ដឹក​តាម​រថយន្ត​ខ្លួនឯង ឆ្ពោះទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ទាំង​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង ស្ទើរ​គិត​អ្វី​មិន​ចេញ លុះ​ក្រឡេកឃើញ​មណ្ឌល​សុខភាព​ស្តៅ ក៏​បួង​ចង្កូត​ចូលទៅ​ទីនោះ​ភ្លាមៗ ដោយ​ភ័យ​អរៗ ព្រោះ​ខ្លាចក្រែង គេ​មិន​ទទួល​ម្តងទៀត លុះ​ចូល​ទៅដល់​ភ្លាម ក៏​សម្រាលកូន​នៅលើ​រថយន្ត ហើយ​ត្រូវបាន​ក្រុម​គ្រួ​ពេទ្យ ចេញមក​ជួយ​ទាន់ពេលវេលា​។

​ស្ត្រី​ជា​បង បាន​បន្ថែមទៀតថា មុនដំបូង បើសិនជា​ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន បដិសេធ មិន​ព្រម​ទទួល​ឱ្យ​សម្រាល​ទេ ព្រោះ​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​(​បិទ​ខ្ទប់​) ផ្នែក​ខ្លះ​នៃ​មន្ទីរពេទ្យ ក៏​ពួកគាត់ មិនតូច​ចិត្ត​អ្វី​ដែរ ព្រោះ​អាច​នឹង​ប្រញាប់​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ឱ្យទាន់​ពេលវេលា លុះ​រុញ​ចុះ​រុញ​ឡើង បណ្តាលឱ្យ​យប់​កាន់តែ​ជ្រៅ ស្ទើរតែ​ទៅ​មិន​ដល់​កន្លែង​សម្ភព​។

​ទោះបីជា​យ៉ាងណា ប្អូនស្រី​របស់គាត់ ពិតជា​សំណាង​ខ្លាំងណាស់ ១​លើ ១០០០​នាក់ បើសិនជា​សម្រាល​នៅតាម​ផ្លូវ គ្មាន​ពេទ្យ ជួយ​ទាន់ពេលវេលា អាច​នឹងមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាក់​ជាមិនខាន​។ ​ក្រោយពី​ឃើញ​ប្អូនស្រី​​របស់ខ្លួន ស្ថិតក្នុង​សភាព​បែបនេះ ពិតជា​ធ្វើឱ្យ​គាត់​ខ្វះ​ភាពកក់ក្តៅ និង​គួរឱ្យ​ខ្មាស់អៀន​យ៉ាងខ្លាំង បើសិនជា​ថ្ងៃ​ណាមួយ ប្រជាពលរដ្ឋ ឬ​រូបគាត់​ផ្ទាល់ ជួប​បញ្ហា​ដូចនេះ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាក់​ជាមិនខាន​។

​តែ​ទោះបីជា​យ៉ាងណា គាត់ និង​ក្រុមគ្រួសារ ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមគ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ស្តៅ ដែល​បាន​យកចិត្តទុកដាក់​នាំគ្នា សស្រាក់សស្រាំ ជួយសង្គ្រោះ​ប្អូនស្រី​របស់គាត់ ឱ្យ​រួច​ពី​គ្រោះថ្នាក់ នៃ​ការឆ្លង​ទន្លេ​ដ៏​ធំ​មួយ​នេះ ពោលគឺ​មានជីវិត​សាជាថ្មី​ឡើងវិញ​។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ ភ្នាក់ងារ​យើង បាន​ព្យាយាម​ទាក់ទង​ទៅ​លោក ស្លេះ យូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ជាច្រើនលើក​ច្រើនសា តែ​អត់​មាន​អ្នកទទួល​ទូរ​សព្ទ​។

​ចំណែក​លោក​វេជ្ជបណ្ឌិត កឹម សំណាង ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន បាន​បំភ្លឺថា ដោយសារ​នៅមុន​ពេល​ស្ត្រី​ខាងលើ ចូលទៅ​សម្រាលកូន ក្នុង​ថ្ងៃ​ដដែល មាន​ស្ត្រី​ម្នាក់ទៀត មក​សម្រាលកូន ដោយ​ធ្វើការ​វះកាត់ លុះ​ក្រោយមក ក៏​ពិនិត្យឃើញ​មាន​ផ្ទុក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ បណ្តាលឱ្យ​ឆ្លងទៅ​គ្រូពេទ្យ​ផ្នែក​វះកាត់​មួយចំនួន​។ ពេលនោះ បណ្តាលឱ្យ​ក្រុមគ្រូពេទ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រីឯ​គ្រូពេទ្យ​ផ្សេងទៀត ត្រូវបាន​បែងចែក ទៅតាម​គោលដៅ​នីមួយៗ បណ្តាលឱ្យ​ខ្វះ​ពេទ្យ ខណ​:​ពេទ្យឆ្មប​មួយចំនួន ក៏បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ នេះដែរ​។

​លោក​វេជ្ជបណ្ឌិត បានបញ្ជាក់​ទៀតថា ខាង​លោក ក៏​សុំទោស​ទៅ​ក្រុមគ្រួសារ​ស្ត្រីជន​រងគ្រោះ​ខាងលើ ដែល​បាន​សម្រាលកូន​ម្នាក់ឯង ជំនួស​ឱ្យ​ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យបង្អែក​ខេ្តត​ប៉ៃលិន ដែល​មិនបាន​សម្រាលកូន​ឱ្យ​គាត់​៕ នី​យ៉ា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ