ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ពន្ធនាគារ​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ខុសច្បាប់​លើ​ទណ្ឌិត​ក្នុង​កន្លែង​ឃុំឃាំង​កែប្រែ​អប់រំ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ «​ពន្ធនាគារ​គឺជា​កន្លែង​ឃុំឃាំង​កែប្រែ​អប់រំ​អ្នកទោស​ឲ្យ​ក្លាយជា​មនុស្ស​ល្អ​វិញ ពុំ​មែន​ជា​កន្លែង​ធ្វើ​ទារុណកម្ម​ខុស​នីតិវិធី​ឡើយ » ។ លោក​នុ​ត សា​អាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ពិធី​ប្រកាស និង​តែងតាំង​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ ដោយ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ និង​សាលា​រាជធានី ជា​ច្រើន​រូប ។

ក្នុង​ពិធី​នោះ​បាន​ប្រកាស និង​តែងតាំង លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​២ ភិន យ៉ា​ន ពី​ប្រធាន​ពន្ធនាគារ​ខេត្តឧត្តរមានជ័យ ទៅ​ជា​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ជំនួស​លោក គៀង សុវណ្ណ ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​៣ លោក​ហ៊ូ ពុធ​វិសាល ពី​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ (​ប៉េ​ហ្ស៊ី) ទៅ​ជា​អនុប្រធាន​នាយកដ្ឋាន​អប់រំ​កែប្រែ លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​២ ពេជ្រ យ៉ុ​ន ពី​អនុប្រធាន​នាយកដ្ឋាន​មធ្យោបាយ ទៅ​ជា​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ ជំនួស​លោក​ហ៊ូ ពុធ​វិសាល ។

លោក​នុ​ត សា​អាន មាន​ប្រសាសន៍​ថា មន្ត្រី​ពន្ធនាគារ​ត្រូវ​អនុវត្ត​ការ​អប់រំ​ស្តារ​នីតិសម្បទា​ជន​ជាប់​ឃុំ​ឲ្យ​បាន​ល្អ​ប្រសើរ ហើយ​ជៀសវាង​ឲ្យ​បាន​នូវ​អំពើ​ខុសឆ្គង បើ​ពុំ​ដូច្នោះ​ទេ​នឹង​ប្រឈម​ការ​ដាក់​ទណ្ឌកម្ម​វិន័យ រួម​ជាមួយ​ការ​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់ ។ បច្ចុប្បន្ន​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ កំពុង​មាន​ស្ថាន​រស់នៅ​ល្អជា បណ្តើរ​ៗ​ហើយ ដូច​ជា​ការ​ហូប​ចុក ស្នាក់​នៅ និង​ការ​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​សមាហរណកម្ម​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ក្លាយជា​មនុស្ស​ល្អ​ក្នុង​សង្គម​ជាមួយនឹង​ជំនាញ​ដែល​អាច​ស្វែងរក​ប្រាក់​ចំណូល​ប្រចាំជីវិត​បាន ។ ផែនការ​ចំពោះ​មុខក្រសួង​មហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ ស្វែងរក​ទីតាំង​ថ្មី​បង្កើត​ជា​ពន្ធនាគារ​សម្រាប់​រាជធានី​ភ្នំពេញ ខណៈ​ដែល​ពន្ធនាគារ​បច្ចុប្បន្ន ស្ថិត​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជា​កន្លែង​តូច​ចង្អៀត ខុស​ស្តង់ដា​ពិបាក​ផ្ទុក​អ្នក​ជាប់​ឃុំ ។ ពន្ធនាគារ​ដែល​សាងសង់​កាលពី​ឆ្នាំ​១៩៧៩ នៅ​ក្នុង​ខែ​ត្ត​ស្ទឹង​ត្រែង រតនគីរី មណ្ឌល​គី​រី តាកែវ និង​ខេត្ត​ព្រះ​សីហ​នុ​ដែល​ត្រូវ​កែប្រែ​ឡើង​វិញ​ឲ្យ​ស្រប​តាម​ស្តង់​ផង​ដែរ ។

លោក​ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ​ថ្លែង​ថា ក្នុង​ក្រប​ខណ្ឌ​រាជធានី​ភ្នំពេញ​ពន្ធនាគារ​មិន​ត្រូវ​បាន​អនុវត្ត​ទោស​ប្រាស ចាក​ពី​ច្បាប់​កំណត់​ឡើយ គឺ​បាន​អប់រំ​កែប្រែ​និង​ការ​ស្តារ​នីតិសម្បទា​ឡើង​វិញ តាម​រយៈ​ការ​ដកហូត​សិទ្ធិ​មួយ​ផ្នែក​នៃ​ការ​ឃុំឃាំង ព្រមទាំង​គ្មាន​ការ​ប្រើ​ទណ្ឌកម្ម​ឡើយ​។ អ្នក​ជាប់​ឃុំ​ត្រូវ​បាន​ធានា​សន្តិសុខ សុវត្ថិភាព សុខភាព និង គោលការណ៍​មនុស្សធម៌​ស្រប​តាម​តួនាទី និង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ពន្ធនាគារ ។

លោក​ពេ​ជ យុន ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​តែងតាំង​ថ្មី​បាន​អះអាង​ថា ទោះបី​ការ​គ្រប់គ្រង​ពន្ធនាគារ​មាន​លក្ខណៈ​ស្មុគស្មាញ និង​មានការ​លំបាក​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​នឹង​ខិតខំ​បំពេញភារកិច្ច​ឲ្យ​សម្រេច​បាន​ជោគជ័យ​ស្រប​តាម​ច្បាប់ និង​ហ៊ាន​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់​ក្នុង​ករណី​ផ្ទុយ​នឹង​នីតិវិធី ។
បច្ចុប្បន្ន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (​ប៉េ​ហ្ស៊ី​) មាន​អ្នក​ជាប់​ឃុំ​សរុប​៣១១​នាក់ ក្នុង​នោះ​ស្រី​៤៤​នាក់ ៕