ខេត្តស្ទឹងត្រែង៖ ករណីចាប់ខ្លួនមនុស្ស៦នាក់ ក្រោយបង្ក្រាបទីតាំងរុកររ៉ែខុសច្បាប់មួយកន្លែង ត្រូវបានលោកនូ សុវណ្ណារ៉ា ប្រធានមន្ទីររ៉ែនិងថាមពលបានឲ្យដឹងថា ក្រុមហ៊ុនហ្រេ្គនដា ខេមបូឌា អុីនធើណេសិន ណល ស្ទីល ឯ.ក បានសុំច្បាប់រួចហើយ តែមិនទាន់ធ្លាក់ច្បាប់នៅឡើយ គឺនៅប៉ុន្មានថ្ងៃទៀតទើបធ្លាក់ច្បាប់មក តែក្រុមហ៊ុនបានដឹកគ្រឿងសម្ភារចូលទៅមុន ដើម្បីរង់ចាំច្បាប់ ។
លោកថា យោងច្បាប់រ៉ែថាមពល គឺមិនទាន់អាចឃាត់ខ្លួនគេបានឡើយ ប្រសិនគេខុស គឺយើងអាចពិន័យជាលើកទីមួយ ហើយប្រសិនបើគាត់មិនស្ដាប់យើងអាចពិន័យជាលើកទី២ តែធ្ងន់ជាងមុន ក្នុងករណីគាត់មិនស្ដាប់នៅលើកទី៣ យើងហ្នឹងរឹបអូសសម្ភារៈតែម្ដង។ លោកបន្តថា ក្រោយពីចេញច្បាប់រួចហើយនោះ យើងនឹងពិនិត្យបន្ថែមទៀតថា តើច្បាប់នោះជាច្បាប់ស្រាវជ្រាវ
ឬជាច្បាប់ធ្វើអាជីវកម្ម ស្ថិតក្នុងករណីនេះពិនិត្យជាក់ស្ដែងល្មើសក្នុងច្បាប់ស្រាវជ្រាវនឹងត្រូវពិន័យក្នុងមួយថ្ងៃមួយលានរៀល។
លោកមិញ សុីចាយ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តស្ទឹងត្រែងលោកថា លោកមិនបានដឹងទេព្រោះមិន
មែនជាដែនសមត្ថកិច្ចរបស់លោក គឺឱ្យសួរទៅប្រធានរ៉ែ ។ ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោកស្រេង ជាហេង បានបញ្ជាក់ប្រាប់អោយដឹងថា លោកទើបមកពីមូលដ្ឋានលោកពុំបានដឹងពីបញ្ហានេះទេ ហើយក៏ពុំមានឯកសារអ្វីដែរ ។ ពាក់ព័ន្ធករណីនេះលោកប្រាប់ថា នឹងសួរនាំទៅមន្ត្រីរបស់លោក ។
សូមរំលឹកថា ព្រះរាជអាជ្ញារងលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារង ដឹកនាំកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបទីតាំងរុករករ៉ែខុសច្បាប់ និងរឹបអូសវត្ថុតាងបម្រើអោយបទល្មើសនៅនឹងកន្លែងរួមមាន ម៉ាស៊ីន និងឧបករណ៍ខួងដីរករ៉ែថ្ម ម៉ាប ស្ថិតនៅភូមិអន្លុងស្វាយ ឃុំអូររី ស្រុកថាឡាបរិវ៉ាត់។
តាមប្រភពព័ត៌មានបានដឹងថា មនុស្សចំនួន៦នាក់ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធ កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការដាក់ម៉ាស៊ីនខួងរ៉ែថ្ម។ លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង លោកថា យើងពុំទាន់អាចសន្និដ្ឋានថា ករណីយ៉ាងណានៅឡើយទេ? រង់ចាំរបាយការណ៍ និងការសាកសួរជនពាក់ព័ន្ធសិន។
មន្ត្រីជាន់ខ្ពស់សាលាខេត្តស្ទឹងត្រែងម្នាក់ ក៏បានប្រាប់អោយដឹងដែរថា ករណីខាងលើនេះ មានការពាក់ព័ន្ធដល់មន្ទីរចំនួន០៣ ក្នុងនោះមានមន្ទីររ៉ែថាមពល មន្ទីរបរិស្ថាន និងមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ចំណែកលោក ភិន ភាត អាយុ៣៧ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅចំណុចក្បែទីតាំងខាងលើ ក៏បាននិយាយថា ចំណុចទីតាំងគេខួងរ៉ែនេះ ជាស្រះត្រពាំងរបស់រដ្ឋ ហើយសហគមន៍ជាអ្នកគ្រប់គ្រងដើម្បីប្រើទឹកនិងរកត្រីជាអាហា។
លោកបន្តថា នៅកំឡុងខែមីនា ឆ្នាំ២០២១ ស្រាប់តែមានរថយន្តស៊េរីទំនើបជាច្រើនគ្រឿងបានចេញ-ចូល ហើយដាក់គ្រឿងម៉ាស៊ីនខួងដីប៉ះពាល់ដល់ដំណាំ ពួកគាត់ក៏បានដេញទៅហើយមកវិញៗ រហូតពួកគេថា បានត្រូវរ៉ូវគ្នាអស់ហើយ ទើបពួកយើងលែងហ៊ានដេញ។
ទាក់ទិននឹងការដាក់ម៉ាស៊ីនខួងដីរុករករ៉ែខាងលើនោះ ក៏មានការដឹងលឺពីមន្ត្រីជំនាញ និងអាជ្ញាធរមួយចំនួនដែរ ដូចជាប្រធាន អនុប្រធានការិយាល័យមន្ទីររ៉ែថាមពល មន្ត្រីធនធានរ៉ែ មន្ត្រីរ៉ែថាមពល តំណាងក្រុមហ៊ុនរ៉ែ សមាជិក ក្រុមប្រឹក្សា ជំបន់ទៅ២ មេភូមិ និងអ្នកទទួលបន្ទុកស្ត្រីកុមារ។ ស្តីពីការចុះពិនិត្យ និងវាយតម្លៃសិក្សាខួងរកបរិមាណថ្មកំបោរ គ្រោងស្នើសុំអាជ្ញាប័ណ្ណអណ្តូងរ៉ែបើកការដ្ឋានវាយថ្ម សម្រាប់ធ្វើអាជីវកម្មថ្មអារនៅតំបន់ភូមិអូររី ឃុំអូររី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង របស់ក្រុមហ៊ុន ហ្រេ្គនដា ខេមបូឌា អ៊ីនធើណេសិន ណល ស្ទីល ឯ.ក ។
ចែករំលែកព័តមាននេះ