ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ នៅពេល​ប្រទេសជិតខាង​កម្ពុជា​យើង ថៃ ឡាវ និង​វៀតណាម ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ច្រើន គឺ​នៅ​កម្ពុជា​យើង ក៏​មិន​ស្ងប់ស្ងាត់​ឡើយ​។…

ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ នៅពេល​ប្រទេសជិតខាង​កម្ពុជា​យើង ថៃ ឡាវ និង​វៀតណាម ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ច្រើន គឺ​នៅ​កម្ពុជា​យើង ក៏​មិន​ស្ងប់ស្ងាត់​ឡើយ​។ ក្នុងនោះ ករណី​កូ​វីដ នាំចូល​ពី​ក្រៅប្រទេស ​មក​កម្ពុជា​យើង ក៏ត្រូវ​បាន​រកឃើញ​ច្រើន ដែល​ថ្ងៃ​ខ្លះ មាន​រហូតដល់​ទៅជា​ង ៥០% នៃ​ចំនួន​អ្នក​ឆ្លង​កូ​វីដ​​១៩ ប្រចាំថ្ងៃ ក៏មាន​។​

​ក្រសួង​សុខាភិបាល បានប្រកាស​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ អំពី​ការរកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៨១៩​នាក់​។ ក្នុងនោះ ករណី​នាំចូល​ពី​ក្រៅប្រទេស មាន​ច្រើន​គួរឱ្យ​ព្រួយបារម្ភ​ខ្លាំង ព្រោះ​មាន​ដល់​ទៅ​ជាង ៥១% នៃ​ករណី​ឆ្លង​ថ្មី កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​។​

​ក្រសួងសុខាភិបាល បានឱ្យដឹងថា ត្រឹម​រយៈពេល ២៤​ម៉ោង កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ចំនួន ៨១៩​នាក់​។ ក្នុងនោះ ការឆ្លង​ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍ ២០​កុម្ភៈ មាន ៣៩៦​នាក់ ខណៈ​ចំនួន ៤២៣​នាក់​ផ្សេងទៀត ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​។ ករណី​នាំចូល​ពី​ក្រៅប្រទេស សំដៅលើ​អ្នកធ្វើដំណើរ​​ចូល​​កម្ពុជា តាម​យន្តហោះ អ្នកដំណើរ​តាមផ្លូវ​គោក និង​ផ្លូវទឹក​។ ប៉ុន្តែ​​ដោយ​​ច្រើន​​​នោះ ករណី​​​​​នាំ​​​ចូល​​​​​ពី​​​​​ក្រៅ​​ប្រទេស សំដៅ​លើ​​​ពលករ​​ខ្មែ​រ ឆ្លង​ដែន​​​មក​ពី​​ប្រទេស​​ថៃ​។​

​​ការ​រកឃើញ​​ករណី​នាំ​ចូ​ល​កូ​វីដ​ពី​ក្រៅប្រទេស​ច្រើ​នឡើងៗ​​នេះ ជាការ​ព្រួយបារម្ភ​​ផង តែ​ម្យ៉ាងទៀត ក៏​ជា​រឿង​ល្អ​ដែរ​។ នោះ​គឺ​យើង​បាន​ទប់ស្កាត់​ទាន់ពេលវេលា នៅតាម​ព្រំដែន​​ និង​នៅពេល​អ្នកដំណើរ​​ចុះ​ពីលើ​យន្តហោះ​​ផង​។ ពោលគឺ​បើសិនជា​រក​មិនឃើញ​អ្នក​ឆ្លង​​ទាំ​ង​​នោះ​​ទេ មិនដឹង​ថា កូ​វីដ​​រាល​ដាល​ឆ្លង​នៅ​​ស្រុក​ភូមិ​​យើ​ង ​ដល់កម្រិតណា​​ឡើយ​​។ ដូច្នេះ​​គេ​ត្រូវតែ​បន្ត​វិធានការ​រឹតបន្តឹង​​តាម​​ព្រំដែន ពិសេស​​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់​។​

​ប្រទេស​​កម្ពុជា​​យើង បាន​រកឃើញ​​ករណី​​ជំងឺ​​កូ​វីដ​-១៩ ដំបូង​បំផុត នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ លើ​បុរស​ជនជាតិ​ចិន​ម្នាក់ ហើយ​រហូតដល់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ កម្ពុ​ជាមាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប​កើន​ឡើងដល់ ៧៩៩២៣​នាក់​។ ក្នុងនោះ ករណី​នាំចូល​ពី​ក្រៅប្រទេស​សរុប ៨៦៧៧​នាក់​។ អ្នកជា​សះស្បើយ​សរុប ៦៥២៦៤ នាក់ និង​ករណី​ស្លាប់​ដោយ​កូ​វីដ​-១៩ កើនឡើង​ដល់ ១២៨៣​នាក់​។​

​កន្លងមក ក្រុម​ពលករ​ខ្មែរ​ឆ្លងដែន​មកពី​ប្រទេស​ថៃ រកឃើញ​ឆ្លង​កូ​វីដ ពិសេស​មេរោគ​បំប្លែង​ថ្មី «​ដែល​តា​» ដែល​កំពុងតែ​ឆ្លង​រាតត្បាត និង​គ្រោះ​ថ្នាក់​​ខ្លាំង នៅ​ប្រទេស​ថៃ ហើយ​ក៏​​បង្ក​​ការ​គំរាមកំហែង​​ដល់​​កម្ពុជា​​​​យើង ខណៈ​ដែល​នៅ​ក្នុង​​ស្រុក កូ​វីដ​ក៏​នៅតែ​បន្ត​ឆ្លង​រៀងរាល់​ថ្ងៃ ចូល​ជាង ៨០០​នាក់ ទៅដល់​ជិត ១០០០​នាក់ ក្នុង ១ថ្ងៃ​​។​

​ដោយសារតែ​នៅ​ប្រទេស​ថៃ កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៃ​ការឆ្លង​រាលដាល​មេរោគ​កូ​វីដ​១៩ ពិសេស​ដោយ​មេរោគ​បំប្លែង​ថ្មី «​ដែល​តា​» ដោយមាន​អ្នក​ឆ្លង​ច្រើន ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង ពិសេស​ពលករ​មួយចំនួន ជ្រួលច្របល់ ធ្វើដំណើរ​វិលត្រឡប់​មក​ស្រុក ស្របពេល​​​ថៃ ​​រឹតបន្តឹង និង​​អ្នក​ខ្លះ​ទៀត ត្រូវ​​បាត់​បង់​​ការងារ​ ​ជាដើម​។​

​ជាមួយ​នឹង​​កំណើន​​នៃ​ការឆ្លង​រាលដាល​កូ​វីដ នៅ​ប្រទេស​ជាប់​ព្រំដែន​កម្ពុជា ពិសេស​វៀតណាម និង​ប្រទេស​ថៃ​នេះ អ្នកជំនាញ​សុខាភិបាល បាន​ព្រមាន​ដល់​ប្រជាជន​កម្ពុជា អោយ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ខណៈ​ខេត្ត​ជាប់​ព្រំដែន​ថៃ បន្ត​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩​ថ្មី​ច្រើន គួរអោយ​បារម្ភ ពិសេស​លើ​ពលករ​ខ្មែរ ដែល​ឆ្លងដែន​មកពី​ប្រទេស​ថៃ​។​

​អ្នកជំនាញ​សុខាភិបាល បាន​ផ្ញើ​សារ​ព្រមាន​ថា កម្ពុជា ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩ ដើម្បី​បញ្ចៀស​មហន្តរាយ​សុខភាព និង​ជីវិត​។ ក្នុងនោះ ប្រជាពលរដ្ឋ​យើង​ម្នាក់ៗ ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍ ដោយ​អនុវត្ត​វិធានការ ៣​កុំ និង​៣​ការពារ ឲ្យ​ខ្ជាប់ខ្ជួន ទោះជា​ក្នុង​កាលៈទេសៈ និង​នៅ​កន្លែង​ណាក៏ដោយ​។​

​រីឯ​អាជ្ញាធរ​សមត្ថកិច្ច មិន​ថា នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ​ទេ ប៉ែក​ខាងកើត នៅ​ព្រំដែន​វៀតណាម ក៏​ដូចគ្នា​។ ត្រូវ​រឹតបន្តឹង​តាម​ព្រំដែន ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់ ហើយ​អ្នក​ឆ្លងដែន​ទាំងអស់ ត្រូវតែ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ពិនិត្យ​សុខភាព ពិសេស​ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ជាដាច់ខាត​។

​អ្នក​ឆ្លងដែន​គ្រប់រូប ក៏ត្រូវ​​ឆ្លងដែន ដោយ​ស្របច្បាប់ និង​ត្រូវគោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​សមត្ថកិច្ច ដោយ​ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត រក​កូ​វីដ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​។ ធ្វើ​ដូច្នេះ ដើម្បី​ខ្លួនឯង​ផង និង​ដើម្បី​ក្រុមគ្រួសារ​ផង ក៏ដូចជា ដើម្បី​សង្គមជាតិ​យើង​ផង​៕​