រាជធានីភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា ជំនួយរបស់ប្រទេសជប៉ុនដែលគ្រប់ដណ្ដប់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខភាព និងការអប់រំក្នុងចំណោមវិស័យជាច្រើនផ្សេងទៀត បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធនធានមនុស្សនៅកម្ពុជា ។ នៅព្រឹកថ្ងៃទី ២៦ កក្កដា ២០២១ នេះ ជប៉ុនក៏បានផ្ដល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដល់កម្ពុជា ក្នុងឆ្នាំ ២០២១ នូវទឹកប្រាក់ចំនួន ៣៦២ លានយ៉េន ឬប្រមាណ ៣,២ លានដុល្លារអាមេរិក ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឱ្យដឹងថា អស់រយៈពេលជាង ២០ ឆ្នាំ ហិរញ្ញប្បទានឥតសំណងសម្រាប់ការអភិវឌ្ឍធនធានមនុស្ស របស់ប្រទេសជប៉ុន បានផ្តល់អាហារូបករណ៍ដល់មន្រ្តីកម្ពុជាប្រមាណ ៥០០ នាក់ ដែលក្នុងនោះមាន ២៤ នាក់ មកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ ជាងនេះទៅទៀត រដ្ឋាភិបាលជប៉ុនបានផ្តល់ដល់ប្រទេសកម្ពុជា នូវគម្រោងអាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដ៏ទៃទៀត ដែលបានរួមចំណែកយ៉ាងសំខាន់ដល់តម្រូវការរបស់កម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលមានគុណភាព សមត្ថភាព និងផលិតភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម របស់ប្រទេសកម្ពុជា ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ចាប់តាំងពីការដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០០០ គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ។ ហើយក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជំនួយដែលបានផ្តល់មកជាបន្តបន្ទាប់របស់ប្រទេសជប៉ុន ដល់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសទាំងពីរ និងការគាំទ្រឥតឈប់ឈររបស់ប្រទេសជប៉ុនចំពោះការអភិវឌ្ឍរយៈពេលវែងនៅប្រទេសកម្ពុជា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ជប៉ុនកំពុងគាំទ្រយ៉ាងខ្លាំងក្លាដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្ដល់ជំនួយឥតសំណងជាង ៥០ លានដុល្លារ និងប្រាក់កម្ចីប្រមាណ ២៣០ លានដុល្លារ ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ការមកដល់របស់វ៉ាក់សាំងជើងទីមួយ នៃវ៉ាកសាំងសរុបចំនួន ១ លានដូស ដែលជាជំនួយរបស់ជប៉ុន ត្រូវបានស្វាគមន៍ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕
ចែករំលែកព័តមាននេះ