ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ត្មាត​ត្នោត និង​ត្មាតផេះ​​វិលមកទ្រនំ​វិញ ​ក្រោយ​អវត្តមាន​អស់​ជាង៥ឆ្នាំ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ពោរពេញ​ដោយ​ក្តី​រីករាយ​ឥត​ឧបមា ក្រុមការងារ​ស្រាវជ្រាវ​សត្វព្រៃ​នៃ​ក្រសួងបរិស្ថាន​និង​អង្គការ​WWF បាន​ផ្តល់​

រាជធានី​ភ្នំពេញ​ ៖ ពោរពេញ​ដោយ​ក្តី​រីករាយ​ឥត​ឧបមា ក្រុមការងារ​ស្រាវជ្រាវ​សត្វព្រៃ​នៃ​ក្រសួងបរិស្ថាន​និង​អង្គការ​WWF បាន​ផ្តល់​ដំណឹង​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១ នេះ​ថា ពួក​គេ​បាន​កត់ត្រា​នូវ​វត្តមាន​នៃ​សត្វ​ត្មាត​ត្នោត​ចំនួន​ពីរ​ក្បាល និង​ត្មាតផេះ​ចំនួន​មួយ​ក្បាល​នៅ​សំបុក​ព្រៃ​ធម្មជាតិ​របស់​ពួក​វា​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នៃ​ខេត្តមណ្ឌលគិរី​។

ក្រុមការងារ​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា​ លទ្ធផល​ជា​ច្រើន​ដែល​គេ​សម្រេច​បាន​ក្នុង​រយៈពេល​កន្លង​មក​ដើម្បី​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ជា​កត្តា​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​វិល​ត្រឡប់​មក​កាន់​ទ្រនំ​វិញ​របស់​សត្វ​ស្លាប​ទាំង​ពីរ​ប្រភេទ​នេះ ដែល​សុទ្ធ​សឹង​ជា​ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត ក្រោយ​ពី​អវត្តមាន​ក្នុង​រយៈពេល​ដ៏​យូរ​។ ផ្អែក​តាម​របាយការណ៍​ស្រាវជ្រាវ​ក្នុង​តំបន់​នេះ សត្វ​ត្មាត​ត្នោត​ធ្លាប់​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​បួន​ក្បាល ហើយ​ឃើញ​វត្តមាន​របស់​វា​ចុង​ក្រោយបង្អស់​នៅ​ចុងឆ្នាំ​២០១៥ រីឯ​សត្វ​ត្មាតផេះ​វិញ ត្រូវ​បាន​គេ​កត់ត្រា​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ឆ្នាំ​២០១៧ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​។

យោង​តាម​ការ​សន្និដ្ឋាន​មួយ​របស់​កញ្ញា Milou Groenenberg ប្រធាន​ក្រុម​ស្រាវជ្រាវ​និង​តាមដាន​ជីវៈចម្រុះ​នៃ​អង្គការ​WWF មូលហេតុ​ដែល​បណ្តាល​ឲ្យ​បាត់​វត្តមាន​របស់​ពួក​វា​ពី​ក្នុង​តំបន់​ក្នុង​រយៈពេល​ដ៏​យូរ​នេះ​គឺ​ភាគច្រើន​ដោយសារ​ពួក​វា​បាន​ទទួល​រង​នូវ​ការ​ពុល​ដោយ​ប្រយោល​នឹង​សារធាតុ​គីមី​ដែល​គេ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ផ្សេង​។ សូម​បញ្ជាក់​ដែរ​ថា​សត្វ​ត្មាតភ្លើង​ក៏​ជា​សត្វ​ស្លាប​មួយ​ប្រភេទ​ទៀត​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ​ដែរ កំណត់​ត្រា​ថ្មី​បំផុត​នៃ​ការ​រាប់​ចំនួន​សត្វ​ត្មាត​ទាំង​បី​ប្រភេទ​ដោយ​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​នៃ​ក្រសួងបរិស្ថាន​និង​អង្គការ​WWF បាន​បង្ហាញ​វត្តមាន​សត្វ​ត្មាត​ត្នោត​ចំនួន​បួន​ក្បាល សត្វ​ត្មាតផេះ​ចំនួន​១១​ក្បាល និង​សត្វ​ត្មាតភ្លើង​ចំនួន​ប្រាំ​ក្បាល កំពុង​រស់នៅ​ក្នុង​ទ្រនំ​ធម្មជាតិ​របស់​ពួក​វា​ដែល​ស្ថិត​ក្នុង​ទីតាំង​ជាប់​ដែនជម្រកសត្វព្រៃ​សំបូរ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​នៃ​ខេត្ត​ក្រេ​ចះ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា​៖ «​នេះ​គឺជា​ដំណឹង​ដ៏​ល្អ សម្រាប់​ក្រុម​អ្នក​អភិរក្ស និង​សម្រាប់​ជីវៈចម្រុះ​។ ឯកឧត្តម​បាន​ថ្លែង​ថា​៖«​ក្នុង​នាម​ក្រសួងបរិស្ថាន សូម​កោតសរសើរ​ចំពោះ​ក្រុមការងារ​ស្រាវជ្រាវ​នៃ​ក្រសួងបរិស្ថាន​និង​អង្គការ WWF ក៏​ដូច​ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ដែល​បាន​ខិតខំ​ការពារ​និង​អភិរក្ស​តំបន់​ព្រៃ​ល្បោះ​ដ៏​ធំ​ជាងគេ​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​បាន​កំពុង​ធ្វើ​ឱ្យ​តំបន់​នេះ​កាន់តែ​មាន​សុវត្ថិភាព​កាន់តែ​ខ្លាំង​ថែម​ទៀត​សម្រាប់​សត្វព្រៃ ដោយ​ខិតខំ​ប្រឹងប្រែង​ការពារ​ព្រៃឈើ​ជាទី​ជម្រក អាហារ និង​ប្រភព​ទឹក សម្រាប់​ជីវៈចម្រុះ​គ្រប់​ប្រភេទ​រស់ នៅ​។ សូម​ស្នើ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ក្នុង​ការ​ការពារ​និង​អភិរក្ស​សត្វ​ត្មាត​ដែល​ជា​ប្រភេទ​សត្វ កម្រ​នេះ​បន្ថែម​នេះ​ដើម្បី​ផលប្រយោជន៍​ជីវៈចម្រុះ និង​រក្សា​បាន​កេរតំណែល​ធម្មជាតិ​សម្រាប់​មនុស្ស​ជំនាន់ ក្រោយ​បន្ត​ទៀត​»​។

លោក សេង ទៀក នាយក​អង្គការ WWF-​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ «​ដំណឹង​ដ៏​ល្អ​នេះ​ពិតជា​បាន​លើកទឹកចិត្ត​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ជា​ពិសេស​ក្រុមការងារ​នៃ​កម្មវិធី​អភិរក្ស​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត​នៃ​កម្ពុជា​លើ​ការ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​ប្រចាំ​សំដៅ​ជម្រុញ​ឱ្យ​ចំនួន​សត្វ​បក្សី​ទាំងនេះ​មាន​កំណើន​ចំនួន​ពួក​វា​ឡើង​វិញ​នៅ​ថ្ងៃ​ខាង​មុខ​»​។

នៅ​ក្នុង​ប្រទេស​កម្ពុជា ចំនួន​សត្វ​ត្មាត​ទាំង​បី​ប្រភេទ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​កត់ត្រា​ថា​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​បារម្ភ​ក្នុង​រយៈពេល​ជាង​១៥ ឆ្នាំ​ចុង​ក្រោយ​នេះ​។ ការ​គំរាមកំហែង​ចំបង​ៗ​ដល់​ការ​រស់នៅ​របស់​ប្រភេទ​សត្វ​ស្លាប​ដ៏​សំខាន់​ជាស​កល​ទាំងនេះ​រួម​មានការ​ពុល​នឹង​សារធាតុ​គីមី​ដែល​គេ​ប្រើប្រាស់​សម្រាប់​គោលដៅ ផ្សេង កង្វះ​ចំណីអាហារ ការ​បាត់បង់​ជម្រក និង​សកម្មភាព​រំខាន​ដោយ​មនុស្ស​។

សូម​បញ្ជាក់​ផង​ដែរ​ថា លទ្ធផល​នៃ​ការ​រាប់​ចំនួន​សត្វ​ត្មាត​ថ្នាក់​ជាតិ​ដោយ​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត កម្ពុជា គិត​ត្រឹម ខែមិថុនា ឆ្នាំ​២០២១ បាន​បង្ហាញ​ថា​មាន​សត្វ​ត្មាត​សរុប​ទាំងអស់​ចំនួន ១២១​ក្បាល ក្នុង​នោះ​មាន​ត្មាតភ្លើង​២០​ក្បាល ត្មាតផេះ​៦៦​ក្បាល និង​ត្មាត​ត្នោត​៣៥​ក្បាល​។

ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា​មាន​សមាសភាព​ចម្រុះ​ពី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​(BirdLife) អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​(WWF) មជ្ឈមណ្ឌល​អង្គរ​ដើម្បី​អភិរក្ស​ជីវៈចម្រុះ​(ACCB) អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) អង្គការ​ជីវិត​ធម្មជាតិ​កម្ពុជា​(NLC) ក្រុមហ៊ុន Rising Phoenix អង្គការ​CBGA ក្រុមហ៊ុន​SVC Tour និង មជ្ឈមណ្ឌល​អភិរក្ស​ជីវចម្រុះ​(CBC)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ